រេីមជារោគម្យ៉ាងបង្កឡេីងដោយវីរុស ។ រោគនេះបណ្ដាលឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ រេីមអាចកេីតគ្រប់ទីលេីរាងកាយ ប៉ុន្ដែភាគច្រេីនវាចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួនយេីង។ មេរោគរេីម និងមេរោគអុតមាន់ គឺជាមេរោគតែមួយ ។ បេីនរណាម្នាក់ធ្លាប់កេីតអុតមាន់ នោះអ្នកនោះមានមេរោគរេីមក្នុងខ្លួចទៅហេីយ នៅតាមជាលិកាខួរឆ្អឹងខ្នងនិងខួរក្បាល គ្រាន់តែមេរោគនោះវាសម្ងំមិនធ្វេីទុក្ខ ។ ជាច្រេីនឆ្នាំក្រោយមក ទើបវាកើតចេញជាេរីម ។ រើមមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ តែវាធ្វើឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ វ៉ាក់សាំងអាចជួយបង្ការរោគនេះបានមួយកម្រិត ។ ការព្យាបាលទាន់ពេល អាចឲ្យយើងឆាប់ជាសះស្បើយ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយមេរោគនេះ ។
រោគសញ្ញា
រោគសញ្ញារេីមលេចចេញមកតែលើតំបន់តូចមួយនៃផ្នែកម្ខាងនៃខ្លួនប៉ុណ្ណោះ ។ រោគសញ្ញាទាំងនោះរួមមាន៖
- ឈឺចាប់ ផ្សា ស្ពឹក ឈៀប
- ប៉ះមិនបាន
- ពីបីថ្ងៃក្រោយមក ចេញគ្រាប់ក្រហមៗ
- គ្រាប់ក្រហមៗទាំងនោះក្លាយជាពងបែក ហេីយក្រៀមបន្ទាប់ពីបែក
- រមាស់
អ្នកខ្លះអាច៖
- គ្រុនក្ដៅ
- ឈឺក្បាល
- ចាញ់ពន្លឺ
- ហេវហត់
ក្នុងចំណោមរោគសញ្ញាដូចរៀបរាប់ខាងលើ ការឈឺចាប់គឺជារោគសញ្ញាដំបូងគេ ។ ចំពោះអ្នកខ្លះ ការឈឺចាប់គឺខ្លាំងក្លាទ្រាំមិនចង់បាន ។ ការឈឺចាប់នេះ អាចឲ្យអ្នកជំងឺមានអារម្មណ៍ដូចចេញពីបេះដូង តំរងនោម ឬសួត ។ អ្នកជំងឺរេីមមួយចំនួនគ្រាន់តែមានការឈឺចាប់នេះប៉ុណ្ណោះ មិនមានចេញគ្រាប់ក្រហមៗ ឬពងបែកឡើយ ។ ជាទូទៅ រេីមចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួន ។ ជួនកាលរើមអាចចេញជុំវិញភ្នែកម្ខាង លើមុខម្ខាង ឬម្ខាងនៃក ។
អ្នកជំងឺត្រូវទៅពេទ្យជាបន្ទាន់បើរេីមចេញជុំវិញភ្នែក ឬលើមុខ បេីមិនដូច្នោះវាអាចប៉ះពាល់ដល់ភ្នែកអស់មួយជីវិត ។ បេីអ្នកជំងឺរើមមានអាយុ ៧០ ឡេីង ក៏ត្រូវទៅឲ្យពេទ្យព្យាបាលដែរ ព្រោះអ្នកជំងឺដែលមានអាយុកាន់តែច្រើន មានគ្រោះថ្នាក់កាន់តែខ្លាំង ។ ចូររួសរាន់ទៅពេទ្យបេីរើមចេញរាលដាល ហើយការឈឺចាប់ទ្រាំមិនបាន ។
តើរើមឆ្លងឬទេ?
រើមអាចឆ្លងទៅអ្នកដែលមិនដែលកើតអុត តាមរយៈការប៉ះពាល់តំបន់ដែលរើមចេញ ។ អ្នកដែលទទួលមេរោគរើមមិនកើតរើមទេ តែនឹងកើតអុត ។ អ្នកកើតរើមគួរជៀសវាងនៅក្បែរអ្នកដែលមានសុខភាពខ្សោយ ស្រ្ដីមានផ្ទៃពោះ ឬទារក ។
កត្តាគ្រោះថ្នាក់
អ្នកដែលធ្លាប់កើតអុត អាចនឹងកើតរើមនៅថ្ងៃណាមួយ ។ កត្ដាមួយចំនួនដែលបង្កើនឳកាសកើតរើមមានដូចជា៖
- អាយុ៥០ឡើង ។ រើមច្រើនកើតចំពោះអ្នកដែលមានអាយុ ៥០ ឡើង ។ អាយុកាន់តែច្រើន ឳកាសកើតរើមកាន់តែខ្ពស់ ។
- អ្នកដែលមានជំងឺមួយចំនួន ដូចជាអេដស៍ និងជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់រាងកាយចុះខ្សាយ ធ្វើឲ្យងាយកើតរើម ។
- អ្នកដែលប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំសំរាប់ធ្វើឲ្យរាងកាយទទួលយកសរីរាង្គណាមួយពីអ្នកដទៃ ធ្វើឲ្យឳកាសកើតរើមកាន់តែខ្ពស់។
ផលវិបាកក្រោយកើតរើម
- ចំពោះអ្នកខ្លះ ការឈឺចាប់បន្ដមាន ក្រោយជាសះស្បើយពីរើមហើយ ពីព្រោះរើមបានធ្វើឲ្យខូចសរសៃប្រសាទ ធ្វើឲ្យវាបញ្ជូនសារទៅខួរក្បាលថាឈឺចាប់ ។
- អ្នកដែលកើតរើមនៅលើមុខ ឬជំវិញភ្នែល អាចប៉ះពាល់ដល់ភ្នែក ធ្វើឲ្យស្រវាំងឬខ្វាក់ ។
បើមិនបានព្យាបាលត្រឹមត្រូវ រើមអាចបណ្ដាលឲ្យដំបៅស្បែកដោយមកពីបាក់តេរី ។