Wednesday, March 14, 2018

រោគរលាកសួត



រោគនេះកេីតមានឡេីងនៅពេលដែលថង់ខ្យល់ក្នុងសួតម្ខាង ឬទាំងសង្ខាងរលាក ។ ថង់ខ្យល់ទាំងនោះពោរពេញទៅដោយសំបោឬខ្ទុះ បណ្ដាលអោយអ្នកជំងឺក្អក ចេញកំហាកខាប់ៗ ។ មីក្រុបទាំងឡាយដូចជា បាក់តេរី វីរុស និងពពួកផ្សិត ធ្វេីអោយកេីតរោគរលាកសួតនេះឡេីង ។ រោគរលាកសួតជាទូទៅមានសភាពធ្ងន់ធ្ងរ បេីកេីតឡេីងចំពោះទារក កុមារតូច មនុស្សចាស់ និងអ្នកដែលមានសុខភាពទន់ខ្សោយឬមានប្រព័ន្ធការពារជំងឺខ្សោយ ។ កក្តាដែលបង្កេីនគ្រោះថ្នាក់កេីតរោគនេះមាន៖

  • ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាអ្នកកេីតហឺត អ្នកមានជំងឺបំពង់ខ្យល់រ៉ាំរ៉ៃ និងអ្នកមានជំងឺបេះដូង ។
  • ប្រព័ន្ធការពារជំងឺខ្សោយ ដូចជាអ្នកកេីតអេដស៍ អ្នកប្ដូរសរីរាង្គ អ្នកកេីតជំងឺមហារីកដែលទទួការព្យាបាលដោយប្រេីឃីម៉ូ ឬអ្នកប្រេីសារធាតុស្តេរ័យរយៈពេលយូរដែលបណ្ដាលឲ្យប្រព័ន្ធការពារជំងឺចុះខ្សោយ ។
  • ការជក់បារី -- បារីធ្វេីឲ្យប្រព័ន្ធការពារជំងឺធម្មជាតិរបស់រាងកាយចុះខ្សោយ ។
  • អ្នកជំងឺដែលទទួលជំនួយការដកដង្ហេីមពីម៉ាសុីន ងាយរងគ្រោះឆ្លងជំងឺរលាកសួតនេះ ។


រោគសញ្ញា៖ រោគសញ្ញាអាចស្រាលឬធ្ងន់ធ្ងរ ។ រោគសញ្ញាស្រាលស្រដៀងនឹងគ្រុនផ្ដាសាយ ប៉ុន្ដែមានរយៈពេលយូរជាងគ្រុនផ្ដាសាយ ។

  • គ្រុនក្ដៅ បែកញេីស ញាក់ស្រៀវស្រាញ
  • សីតុណ្ហភាពក្នុងខ្លួនទាបជាងធម្មតា
  • ក្អកចេញកំហាកខាប់ស្អិត
  • ឈឺទ្រូងពេលដកដង្ហេីមវែងឬក្អក
  • ដង្ហេីមខ្លី
  • ឈឺចាប់រាងកាយ អស់កំលាំង
  • ក្អួត ឬរាគ
  • ឈឺក្បាល


ទារកទេីបកេីតនិងកុមារតូច អាចមិនបង្ហាញរោគសញ្ញាឡេីយ ។ វាអាចក្អួតចង្អោរ គ្រុនក្ដៅនិងក្អក ហាក់នៅមិនស្ងៀមឬហេវហត់អស់កំលាំង ឬពិបាកដកដង្ហេីម និងពិបាកបំបៅ ។
មនុស្សចាស់ដែលកេីតរោគរលាកសួតជួនកាលមានការប្រែប្រួលស្មារតីភ្លាមៗ ។

ការធ្វេីតេស្ដពិនិត្យ
គ្រូពេទ្យប្រេីឧបករណ៍ស្ដាប់សួត ពិនិត្យមេីលភាពមិនប្រក្រតី ដែលជាសញ្ញាថាមានកំហាកខាប់នៅក្នុងសួត ។
បេីពេទ្យសង្ស័យថាមានរោគរលាកសួត គេត្រូវធ្វេីតេស្ដដេីម្បីកំណត់ឲ្យច្បាស់នូវប្រភេទរោគ ។ តេស្ដរួមមាន ថតសួតដោយកាំរស្មីអុិច ពិនិត្យឈាមនិងកំហាក វាស់កំរិតអុកសុីសែន ។
បេីអ្នកជំងឺមានរោគសញ្ញធ្ងន់ធ្ងរ ឬមានសុខភាពខ្យោយ គេអាចធ្វេីតេស្ដបន្ថែមទៀត ដែលរួមមាន៖

  • ការពិនិត្យសំណាករាវយកពីសួត
  • ការឆ្លុះដោយប្រេីបំពង់តូចមានម៉ាសុីនថតនៅខាងចុង ដាក់ចូលតាមបំពង់ខ្យល់ ដេីម្បីពិនិត្យមេីលក្រែងមានអ្វីរារាំងបំពង់ខ្យល់ ឬអាការៈផ្សេងទៀត ដែលជាកក្ដានាំឲ្យរលាកសួត ។


ការព្យាបាល៖ គោលដៅក្នុងការព្យាបាល គឺធ្វេីឲ្យដំបៅរលាក សះស្បេីយ និងទប់ស្កាត់កុំឲ្យបញ្ហាផ្សេងៗទៀតកេីតមានឡេីង ។ ការព្យាបាលជាក់ស្ដែងអាស្រ័យទៅេលីប្រភេទនិងកំរិតធ្ងន់ធ្ងរនៃរោគរលាកសួតរបស់អ្នកជំងឺម្នាក់ៗ អាយុអ្នកជំងឺ និងសុខភាពទូទៅរបស់អ្នកជំងឺ ។

ជំរេីសមានដូចតទៅ៖

  • ថ្នាំផ្សះ (អង់ទីប៊ីយោទិក) -- ប្រេីក្នុងការព្យាបាលរោគរលាកសួតដែលបង្កឡេីងដោយបាក់តេរី ។ អ្នកជំងឺចាប់ផ្ដេីមគ្រាន់បេីឡេីងក្រោយប្រេីថ្នាំនេះបានរយៈពេលបីថ្ងៃ ប៉ុន្ដែសំរាប់អ្នកជំងឺដែលជក់បារី ជាធម្មតាត្រូវការពេលទ្វេរដង ។
  • ថ្នាំប្រឆាំងវីរុស -- ប្រេីក្នុងការព្យាបាលរោគរលាកសួតដែលបង្កឡេីងដោយវីរុស ។ មានប្រសិទ្ធិភាពក្នុងរយៈពេលពីមួយទៅបីសប្ដាហ៍ ។
  • ថ្នាំគ្រុនក្ដៅ -- ថ្នាំនេះមិនចាំបាច់វេជ្ជបញ្ជារឡេីយ ។
  • ថ្នាំក្អក -- មិនគួរប្រេីថ្នាំឲ្យឈប់ក្អកមួយរយៈឡេីយ ព្រោះការក្អកជួយឲ្យកំហាកដាច់ចេញពីសួត ។ ប្រេីថ្នាំក្អកសំរាប់ជំនួយក្នុងការសំរាកពេលយប់បាន ។

អ្នកជំងឺរលាកសួតធ្ងន់ធ្ងរ ឬកុមារតូច និងមនុស្សចាស់ អាចត្រូវចូលសំរាកក្នុងមន្ទីរពេទ្យ ។

ការរស់នៅនិងថែទាំ -- ដេីម្បីឲ្យឆាប់ជា និងបន្ថយគ្រោះថ្នាក់ពីជំងឺរលាកសួត៖

  • សំរាកឲ្យបានគ្រាប់គ្រាន់ ។ ទោះបីយេីងបានគ្រាន់បេីហេីយក៏ដោយ ក៏ត្រូវប្រយ័ត្នកុំធ្វេីអ្វីឲ្យជ្រុលលេីសកំលាំង ។
  • សំរាកពីការងារឬសាលា ។ ត្រូវសំរាកពីការងារឬសាលា រហូតដល់សីតុណ្ហភាពមកជាធម្មតាវិញ ហេីយឈប់ក្អកចេញកំហាក ។ ចូរកុំចាប់ផ្ដេីមធ្វេីការពេញលេញភ្លាមៗ បេីមិនទាន់ជាសះស្បេីយមួយរយភាគរយ ព្រោះជំងឺនេះអាចលាប់ឡេីងវិញ ។
  • បរិភោគទឹកឲ្យបានគ្របគ្រាន់ ។ ទឹកជួយរំលាយកំហាកក្នុងសួត ។
  • លេបថ្នាំតាមវេជ្ជបញ្ជារ ។ បេីឈប់លេបថ្នាំមុនកំណត់ បាក់តេរីនៅមានជីវិតក្នុងសួត និងអាចធ្វេីឲ្យជំងឺអ្នកលាប់ឡេីងវិញ ។


Sunday, February 18, 2018

ក្រួសក្នុងប្រមាត់


ក្រួសក្នុងប្រមាត់គឺជាកករទឹកប្រមាត់ដែលកករឹងនៅក្នុងប្រមាត់​ ។  ក្រួសនេះខ្លះតូចៗប៉ុនគ្រាប់ខ្សាច់​ ខ្លះអាចធំប៉ុនបាល់ប៉េងប៉ុង​ ។ អ្នកខ្លះកើតក្រួសតែមួយគ្រាប់​ ខ្លះមានច្រើនគ្រាប់​ ។

គេមិនទាន់រកឃើញឲ្យជាក់ច្បាស់នៅឡើយពីមូលហេតុ​ដែលនាំឲ្យកើតក្រួសប្រមាត់នេះ​ទេ។ គេសង្ស័យថា​ វាកើតឡើងដោយសារទឹកប្រមាត់មានជាតិកូឡេស្តេរ៉ូលឬជាតិប៊ីលីរ៉ូប៊ីនច្រើនពេក​ ។ ប៊ីលីរ៉ូប៊ីនគឺជាជាតិគីមីម្យ៉ាងដែលបង្កើតឡើងនៅពេលរាងកាយយើងបំបែកកោសិការឈាមក្រហម​ ។ ក្រួសប្រមាត់ក៏អាចកើតមានឡើងផងដែរ​ ប្រសិនបើប្រមាត់ មិនអាចបញ្ចេញទឹកវាឲ្យអស់បានត្រឹមត្រូវ​។

កត្តាមួយចំនួនដែលនាំឲ្យកើតក្រួសប្រមាត់​ មានដូចជាធាត់​លេីសទំងន់ បរិភោគអាហារខ្លាញ់ច្រើនឬមានជាតិកូឡេស្តេរ៉ូលច្រើន​ ស្រកទំងន់លឿនពេក​ គ្រួសារមានប្រវត្តិកើតក្រួសប្រមាត់​ ឬស្រ្ដីមានផ្ទៃពោះ​។ ល។

រោគសញ្ញា
ចំពោះអ្នកខ្លះគឺគ្មានរោគសញ្ញាឡើយ​ ។ តែបើក្រួសធ្លាក់ចូលក្នុងបំពង់ទឹកប្រមាត់​ ហើយធ្វើឲ្យស្ទះរន្ធវា​ នោះរោគសញ្ញាមានដូចជា៖

  • ឈឺចុកតំបន់ខាងស្តាំខាងលើពោះខ្លាំងភ្លាមៗ​ រួចឈឺខ្លាំងឡើងៗ​ ។
  • ឈឺចុកចំ​នុចក្រោមឆ្អឹងទ្រូងខ្លាំងភ្លាមៗ​ ខ្លាំងទៅៗ​ ។
  • ឈឺខ្នងចន្លោះស្លាបប្រចៀវទាំងពីរ​ ។
  • ឈឺចាប់ស្មាខាងស្ដាំ​ ។
ការឈឺចាប់ដោយក្រួសប្រមាត់នេះអាចមានរយ:ពេលបួនប្រាំនាទី​ ទៅពីរបីម៉ោង​ ។ 

ការព្យបាល

ចំពោះក្រួសប្រមាត់ដែលមិនបញ្ចេញរោគសញ្ញាគឺមិនត្រូវការការព្យាបាលអ្វីឡើយ​។ បើវាធ្វើទុក្ខ​ មានរោគសញ្ញាដទៃទៀត​ ការព្យាបាលមាន៖

វះកាត់ប្រមាត់​៖ ក្រោយពីកាត់ប្រមាត់ចេញរួច​ ទឹករំលាយអាហារ​ (ទឹកប្រមាត់)​ ហូរចេញផ្ទាល់ពី ថ្លើមទៅកាន់ពោះវៀនតូចតែម្ដង​ ដោយមិនផ្ទុកក្នុងប្រមាត់ទៀតឡើយ​ ។ មនុស្សយើងរស់បានដោយគ្មានប្រមាត់​ ហើយការំលាយអាហារគឺធម្មតា​ ។ ប៉ុន្ដែក្រោយពីកាត់ប្រមាត់ចេញ​ អ្នកជំងឺអាចរាគមួយយ:​ ។ 

ថ្នាំរំលាយក្រួសប្រមាត់​៖ ការប្រើថ្នាំរំលាយក្រួសប្រមាត់​ អាចប្រើពេលយូរខែឆ្នាំ​ ។ ជួនកាលថ្នាំគ្មានប្រសិទ្ធិភាព​ ។ ការប្រើថ្នាំរំលាយក្រួសគឺសំរាប់តែអ្នកដែលទទួលការវះកាត់មិនបានប៉ុណ្ណោះ​ ។ 

ដើម្បីកាត់បន្ថយឱកាសកើតក្រួសក្នុងប្រមាត់៖
  • ចូរកុំរំលងពេលអាហារ​ ឬអត់អាហារ​ ។
  • បើចង់សម្រកទំងន់​ ត្រូវធ្វើសន្សឹមៗ​ ហើយគួរព្យាយាមរក្សាទំងន់ឲ្យបានសមរម្យ​ ។