ក្រួសក្នុងប្រមាត់គឺជាកករទឹកប្រមាត់ដែលកករឹងនៅក្នុងប្រមាត់ ។ ក្រួសនេះខ្លះតូចៗប៉ុនគ្រាប់ខ្សាច់ ខ្លះអាចធំប៉ុនបាល់ប៉េងប៉ុង ។ អ្នកខ្លះកើតក្រួសតែមួយគ្រាប់ ខ្លះមានច្រើនគ្រាប់ ។
គេមិនទាន់រកឃើញឲ្យជាក់ច្បាស់នៅឡើយពីមូលហេតុដែលនាំឲ្យកើតក្រួសប្រមាត់នេះទេ។ គេសង្ស័យថា វាកើតឡើងដោយសារទឹកប្រមាត់មានជាតិកូឡេស្តេរ៉ូលឬជាតិប៊ីលីរ៉ូប៊ីនច្រើនពេក ។ ប៊ីលីរ៉ូប៊ីនគឺជាជាតិគីមីម្យ៉ាងដែលបង្កើតឡើងនៅពេលរាងកាយយើងបំបែកកោសិការឈាមក្រហម ។ ក្រួសប្រមាត់ក៏អាចកើតមានឡើងផងដែរ ប្រសិនបើប្រមាត់ មិនអាចបញ្ចេញទឹកវាឲ្យអស់បានត្រឹមត្រូវ។
កត្តាមួយចំនួនដែលនាំឲ្យកើតក្រួសប្រមាត់ មានដូចជាធាត់លេីសទំងន់ បរិភោគអាហារខ្លាញ់ច្រើនឬមានជាតិកូឡេស្តេរ៉ូលច្រើន ស្រកទំងន់លឿនពេក គ្រួសារមានប្រវត្តិកើតក្រួសប្រមាត់ ឬស្រ្ដីមានផ្ទៃពោះ។ ល។
រោគសញ្ញា
ចំពោះអ្នកខ្លះគឺគ្មានរោគសញ្ញាឡើយ ។ តែបើក្រួសធ្លាក់ចូលក្នុងបំពង់ទឹកប្រមាត់ ហើយធ្វើឲ្យស្ទះរន្ធវា នោះរោគសញ្ញាមានដូចជា៖
- ឈឺចុកតំបន់ខាងស្តាំខាងលើពោះខ្លាំងភ្លាមៗ រួចឈឺខ្លាំងឡើងៗ ។
- ឈឺចុកចំនុចក្រោមឆ្អឹងទ្រូងខ្លាំងភ្លាមៗ ខ្លាំងទៅៗ ។
- ឈឺខ្នងចន្លោះស្លាបប្រចៀវទាំងពីរ ។
- ឈឺចាប់ស្មាខាងស្ដាំ ។
ការឈឺចាប់ដោយក្រួសប្រមាត់នេះអាចមានរយ:ពេលបួនប្រាំនាទី ទៅពីរបីម៉ោង ។
ការព្យបាល
ចំពោះក្រួសប្រមាត់ដែលមិនបញ្ចេញរោគសញ្ញាគឺមិនត្រូវការការព្យាបាលអ្វីឡើយ។ បើវាធ្វើទុក្ខ មានរោគសញ្ញាដទៃទៀត ការព្យាបាលមាន៖
វះកាត់ប្រមាត់៖ ក្រោយពីកាត់ប្រមាត់ចេញរួច ទឹករំលាយអាហារ (ទឹកប្រមាត់) ហូរចេញផ្ទាល់ពី ថ្លើមទៅកាន់ពោះវៀនតូចតែម្ដង ដោយមិនផ្ទុកក្នុងប្រមាត់ទៀតឡើយ ។ មនុស្សយើងរស់បានដោយគ្មានប្រមាត់ ហើយការំលាយអាហារគឺធម្មតា ។ ប៉ុន្ដែក្រោយពីកាត់ប្រមាត់ចេញ អ្នកជំងឺអាចរាគមួយយ: ។
ថ្នាំរំលាយក្រួសប្រមាត់៖ ការប្រើថ្នាំរំលាយក្រួសប្រមាត់ អាចប្រើពេលយូរខែឆ្នាំ ។ ជួនកាលថ្នាំគ្មានប្រសិទ្ធិភាព ។ ការប្រើថ្នាំរំលាយក្រួសគឺសំរាប់តែអ្នកដែលទទួលការវះកាត់មិនបានប៉ុណ្ណោះ ។
ដើម្បីកាត់បន្ថយឱកាសកើតក្រួសក្នុងប្រមាត់៖
- ចូរកុំរំលងពេលអាហារ ឬអត់អាហារ ។
- បើចង់សម្រកទំងន់ ត្រូវធ្វើសន្សឹមៗ ហើយគួរព្យាយាមរក្សាទំងន់ឲ្យបានសមរម្យ ។
No comments:
Post a Comment