Tuesday, March 3, 2020

COVID-19 ជំងឺដែលបង្កឡើងដោយមេរោគ កូរ៉ូណាថ្មី

រោគសញ្ញា

ថ្មីៗនេះ អ្នកជំនាញវិជ្ជសាស្រ្ដអាមេរិកបានសំគាល់ឃើញថា អ្នកដែលបានឆ្លងមេរោគកូរ៉ូណា មានអារម្មណ៍ដូចបាត់បង់វិញ្ញាណពីរ គឺ៖ ក្លិន និងរស់ជាតិ ។

ដំបូងហាក់ចាប់ផ្ដើមពីការក្ដៅខ្លួន បន្ទាប់មកក្អកស្ងួត ។ មួយអាទិត្យក្រោយមក មានដង្ហើមខ្លី ពិបាកដកដង្ហើម ធ្វើអោយអ្នកជំងឺមួយចំនួនត្រូវដេកពេទ្យ ។ រោគសញ្ញាដទៃទៀតមានដូចជា៖ ឈឺក្បាល ឈឺខ្លួន និងអស់កំលាំង ។ ប៉ុន្ដែមិនមែនអោយតែមានរោគសញ្ញាទាំងនេះ មានន័យថាអ្នកកើតជំងឺកូរ៉ូណានោះឡើយ ។ រោគសញ្ញាទាំងនេះហាក់ប្រហាក់ប្រហែល ស្រដៀងនឹងរោគសញ្ញាផ្ដាសាយ ឬផ្ដាសាយធំដូច្នោះដែរ ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចរលាកសួត មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ សរីរាង្គមួយចំនួនឈប់ដំណើរការ និងអាចបាត់បង់ជីវិតតែម្ដង ។

មនុស្សចាស់ និងអ្នកដែលមានសុខភាពខ្សោយ (អ្នកមានរោគទឹកនោមផ្អែម រោគហឺត និងរោគបេះដូង) គឺជាអ្នកដែលទទួលរងគ្រោះដោយមេរោគនេះខ្លាំង ។ រយ:ពេលមេរោគនេះមាននៅក្នុងខ្លួនហើយអាចឆ្លងទៅអ្នកដទៃ រហូតដល់ពេលចេញរោគសញ្ញា គឺអាចដល់ទៅ ១៤ ថ្ងៃ តាមការអោយដឹងពីអង្គការសុខភាពពិភពលោក ។ ប៉ុន្ដែអ្នកស្រាវជ្រាវមួយចំនួន បាន់ប្រមាណថារយ:ពេលភ្ញាស់នេះ អាចមានដល់ទៅ ២៤ថ្ងៃឯណោះ ។


ធ្វើយ៉ាងណាអាចបង្ការមេរោគនេះបាន?
ចូរលាងសំអាតដៃអោយបានល្អនិងជាប្រចាំ ។ គេនៅមិនទាន់ដឹងថា តើមេរោគកូរ៉ូណានេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងដូចម្ដេចនៅឡើយទេ ។ ប៉ុន្ដែមេរោគដទៃទៀតដែលស្រដៀងនឹងមេរោគនេះ ឆ្លងពីម្នាក់ទៅម្នាក់ តាមរយ:ដំណក់ជាតិសើម ដូចនៅពេលដែលអ្នកមានផ្ទុកមេរោគក្អក ឬកណ្ដាស់ជាដើម ។ ដូច្នេះត្រូវក្អកឬកណ្ដាស់ដោយប្រើក្រដាសអនាម័យបិទបាំងមាត់និងច្រមុះ ។ មិនត្រូវយកដៃមិនស្អាតប៉ះមុខរបស់អ្នកឡើយ ។ សូមនៅអោយឆ្ងាយពីអ្នកមានផ្ទុកមេរោគ ។

តើមេរោគកូរ៉ូណាមានគ្រោះថ្នាក់ខ្លាំងយ៉ាងណា?
បន្ទាប់ពីពិនិត្យតាមដានអ្នកជំងឺចំនួន ៥៦០០០ នាក់រួចមក អង្គការសុខភាពពិភពលោកបានសន្និដ្ឋានថា៖

  • ៨០% នៃអ្នកឆ្លងមេរោគនេះ មានរោគសញ្ញាកំរិតស្រាលៗប៉ុណ្ណោះ ។
  • ១៤% នៃអ្នកឆ្លងមេរោគនេះ មានរោគសញ្ញាកំរិតធ្ងន់ ។
  • ៦% នៃអ្នកឆ្លងមេរោគនេះ ធ្លាក់ខ្លួនឈឺធ្ងន់ ។

ភាគរយនៃអ្នកស្លាប់មានទាប (ប្រហែល ១ឬ២%) ប៉ុន្ដែទិន្នន័យនេះមិនអាចទុកចិត្ដបាននៅឡើយ ដោយអ្នកជំងឺមួយចំនួនធំកំពុងទទួលការព្យាបាលនៅឡើយ ហើយក្នុងចំនោមនោះនឹងមានអ្នកជំងឺមួយចំនួននឹងបាត់បង់ជីវិត ។ ដូច្នេះអត្រាស្លាប់អាចកើនឡើង ។ ទន្ទឹមនឹងនេះ ក៏នៅមានករណីអ្នកជំងឺស្រាលៗជាច្រើនដែលគេមិនបានដឹងចំនួន ព្រោះមិនបានរាយការណ៍អោយដឹង ។

បច្ចុប្បន្ន ការព្យាបាលគឺមានលក្ខណ:មូលដ្ឋានប៉ុណ្ណោះ ពោលគឺរក្សាអ្នកជំងឺអោយមានស្ថេរភាព ដោយរួមមានជំនួយក្នុងការដកដង្ហើម រង់ចាំដល់ពេលដែលប្រព័ន្ធការពារក្នុងខ្លួនអ្នកជំងឺអាចមានលទ្ធភាពប្រឆាំងនឹងមេរោគដោយខ្លួនឯង ។

យ៉ាងណាក៏ដោយ គេកំពុងស្រាវជ្រាវដើម្បីរកវាក់សាំងបង្ការមេរោគនេះហើយ ។ គេសង្ឃឹងថា នឹងចាប់ផ្ដើមសាកល្បងវាក់សាំងនេះលើមនុស្សនៅបំណាច់ឆ្នាំនេះ ។

មន្ទីរពេទ្យមួយចំនួនក៏កំពុងសាកល្បងថ្នាំប្រឆាំងមេរោគ ផងដែរ ដើម្បីឲ្យដឹងថាវាមានឥទ្ធិពលកំរិតណា ។

ប្រភព៖ អង្គការសុខភាពពិភពលោក, BBC, CDC (មជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក)

No comments:

Post a Comment