Tuesday, June 27, 2017

សុខភាពបុរស - រីកក្រពេញប្រ៉ូស្តេត



ក្រពេញប្រ៉ូស្តេតរីក ឬពាក្យបច្ចេកទ្ទេសហៅកាត់ថា BPH អាចបណ្ដាលឲ្យមានអាការៈរំខានក្នុងការបត់ជើងតូចសំរាប់បុរស ។ បើមិនព្យាបាល វាអាចរារាំងលំហូរទឹកនោម ធ្វើឲ្យមានបញ្ហាតំរងនោម បំពង់ទឹកនោម និងប្លោកនោមជាដើម ។

ក្រពេញប្រ៉ូស្តេតស្ថិតនៅក្រោមប្លោកនោមតែម្ដង ។ បំពង់ទឹកនោម ដែលឲ្យទឹកនោមហូរចេញពីប្លោកនោមមកក្រៅតាមលិង្ក គឺឆ្លងកាត់តាមចំនុចកណ្ដាលនៃក្រពេញប្រ៉ូស្ដេតនេះ (សូមមើលរូប) ។ នៅពេលដែលក្រពេញនេះរីកធំ វាត្បៀតបំពង់ទឹកនោម ធ្វើឲ្យការបត់ជើងតូចរអាក់រអួល ។

បុរសភាគច្រើនមានបញ្ហារីកក្រពេញប្រ៉ូស្តេតនេះពេញមួយជីវិតតែម្ដង ។ គេនៅមិនទាន់រកឃើញមូលហេតុណាមួយឲ្យច្បាស់លាស់ ដែលបណ្ដាលឲ្យក្រពេញនេះរីកនៅឡើយ ។ ការបាត់បង់តុល្យភាពអ័រម៉ូន ភេទ នៅពេលដែលបុរសមានវ័យកាន់តែច្រើន អាចជាមូលហេតុមួយ ។ ពូជអាចជាមូលហេតុមួយដែរ ។ អ្នកដែលមានឪពុកឬបងប្អូនប្រុសមានបញ្ហាប្រ៉ូស្តេតនេះ អាចមានឱកាសកើតមានបញ្ហានេះខ្ពស់។

រោគសញ្ញានៃការរីកក្រពេញប្រ៉ូស្តេតនេះ អាចកាន់តែធ្ងន់ធ្ងរឡើង ។ រោគសញ្ញាទាំងនោះរួមមាន៖

  • បត់ជើងតូចញឹកញាប់ ឬត្រូវបត់ជើងតូចភ្លាមៗ
  • បត់ជើងតូចញឹកញាប់ពេលយប់
  • ពិបាកចាប់ផ្ដើមបត់ជើងតូច
  • លំហូរទឹកនោមខ្សោយ ឬរអាក់រអួល
  • ទឹកនោមស្រក់តក់ៗ នៅពេលបត់ជើងតូចជិតរួច
  • មិនអាចបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោម


វិធីព្យាបាល
ប្រសិនបើអាចទ្រាំបាន អ្នកអាចឃ្លាំមើល ថាតើរោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យុឺន ឬធូរស្រាល ។ ចំពោះបុរសមួយចំនួន អាការៈនេះអាចធូរស្បើយដោយឯកឯង ដោយមិនបាច់ព្យបាលឡើយ ។

ថ្នាំព្យាបាល - ភាគច្រើនគ្រូពេទ្យព្យាបាលក្រពេញរីកនេះ ដោយថ្នាំពេទ្យ ។

  • ថ្នាំ Alpha blockers - ថ្នាំនេះជួយសំរួលដល់ការបត់ជើងតូច ដោយវាធ្វើឲ្យសាច់ដុំនៅកប្លោកនោម និងសាច់ដុំក្រពេញប្រ៉ូស្តេតសំរាក ។ ចំពោះបុរសដែលក្រពេញទើបរីកបន្ដិច ពពួកថ្នាំនេះមានប្រសិទ្ធិភាពភ្លាមៗ ។ ពពួកថ្នាំនេះមានដូចជា Uroxatral, Cardura, Flomax, និង Rapaflo ។
  • ថ្នាំបង្រួញក្រពេញ - ជាប្រភេទថ្នាំធ្វើឲ្យក្រពេញប្រ៉ូស្តេតនេះរួញវិញ ដោយរារាំងមិនឲ្យមានការប្រែប្រួលអ័រម៉ូន ដែលបណ្ដាលឲ្យក្រពេញរីក ។ ពពួកថ្នាំនេះត្រូវការពេលប្រាំមួយខែទើបមានប្រសិទ្ធិភាព ។ ថ្នាំទាំងនេះមានដូចជា Proscar និង Avodart ។



  • ថ្នាំ Tadalafil - ថ្នាំនេះធម្មតាប្រើសំរាប់លិង្កងាប់ ប៉ុន្ដែគ្រូពេទ្យអាចចេញឲ្យប្រើសំរាប់ព្យាបាលការរីកក្រពេញនេះ ក្នុងស្ថានភាពមួយចំនួន ។
  • បើអាការៈរោគធ្ងន់ធ្ងរ ឬមិនអាចលេបថ្នាំជាប្រចាំបាន គ្រូពេទ្យអាចព្យាបាលការរីកក្រពេញនេះ ដោយការវះកាត់ទ្រង់ទ្រាយតូច ។

Thursday, June 15, 2017

ស្វែងយល់អំពីលីពីដ



នៅសហរដ្ឋអាមេរិក​​​​ ជំងឺបេះដូងជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ​។​​​ អ្នកវិទ្យាសាស្រ្ដបានសិក្សាមូលហេតុនានាដែលបណ្ដាលឲ្យកើតជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ដោយបានរកឃើញទំនាក់ទំនងរវាងជាតិលីពីដក្នុងឈាមនិងជំងឺបេះដូង ។

ពាក្យ លីពីដ គឺជាពាក្យវិទ្យាសាស្រ្ដ សំដៅចំពោះជាតិខ្លាញ់ទាំងឡាយ ។ជាតិកូឡេស្តេរ៉ូល និងទ្រីគ្លិស្តេរ៉ាយ គឺជាជាតិខ្លាញ់ពីរប្រភេទដែលមានក្នុងឈាម ។

មានជាតិខ្លាញ់ទាំងពីរប្រភេទនេះច្រើនក្នុងឈាមកាលណា គ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងនឹងកើនឡើង ។


ចំនុចសំខាន់ៗអំពីលីពីដ
ជាតិកូឡេស្ដេរ៉ូល៖ ជាតិខ្លាញ់នេះមានវត្ដមានក្នុងគ្រប់កោសិកាទាំងអស់នៃរាងកាយយើង ។ វាមានតួនាទីសំខាន់សំរាប់ឲ្យរាងកាយអនុវត្ដមុខងារមួយចំនួន រួមទាំងការបង្កើតកោសិកាថ្មី និងការរំលាយជាតិខ្លាញ់ ។

ថ្លើមជាអ្នកបង្កើតកូឡេស្ដេរ៉ូលទាំងអស់ដែលរាងកាយត្រូវការ ដូច្នេះយើងមិនចាំបាច់បរិភោគអាហារដែលមានកូឡេស្ដេរ៉ូលឡើយ ។ អាហារដែលមានជាតិខ្លាញ់និងកាល់ឡូរីច្រើន អាចបង្កឲ្យរាងកាយយើងបង្កើតកូឡេស្ដេរ៉ូលបន្ថែម ដែលជាលទ្ធផលនឹងបង្កើនកំរិតកូឡេស្ដេរ៉ូលក្នុងឈាមយើង ។

កូឡេស្ដេរ៉ូលភ្ជាប់ខ្លួននឹងជាតិប្រ៉ូតេអុីនមួយដើម្បីអាចឲ្យវាងាយស្រួលធ្វើបំលាស់ទីក្នុងរាងកាយ ។ សម្ព័ន្ធនេះគេហៅវាថា លីប៉ូប្រ៉ូតេអុីន ។ គ្រូពេទ្យពិនិត្យលីប៉ូប្រ៉ូតេអុីនពីរប្រភេទផ្សេងគ្នាគឺ ដង់សុីតេទាប និងដង់សុីតេខ្ពស់ ដើម្បីវាយតំលៃគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងរបស់បុគ្គលណាម្នាក់ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប ឬហៅកាត់ថា LDLs មានជាតិកូឡេស្ដេរ៉ូលភាគច្រើនក្នុងឈាមយើង ។ វានាំយកកូឡេស្តេរ៉ូលទៅកាន់ជាលិកានានានៃរាងកាយ រួមទាំងសរសៃឈាមផង ។ ជាតិកូឡេស្ដេរ៉ូលដែលមានក្នុង LDL ត្រូវបានគេរកឃើញថាជាអ្នកទទួលខុសត្រូវជាងគេក្នុងការបង្កឲ្យមានកំណពាសផ្ទៃខាងក្នុងនៃសរសៃឈាម ។ ដូច្នេះហើយទើបគេហៅវាថា កូឡេស្ដេរ៉ូលអាក្រក់ ។ កំរិត LDL ខ្ពស់ ធ្វើឲ្យគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងកាន់តែខ្ពស់ដែរ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់ ឬហៅកាត់ថា HDLs មានជាតិកូឡេស្ដេរ៉ូលដូច LDLs ដែរ ។ ប៉ុន្ដែ កូឡេស្តេរ៉ូលដែលមានក្នុង HDL មិនបង្កឲ្យមានកំណពាសសរសៃឈាមឡេីយ ។ ផ្ទុយទៅវិញ វាជាអ្នកប្រមូលកូឡេស្ដេរ៉ូលលេីស យកទៅចោល ពីរាងកាយយើងទៅវិញ ។ ដូច្នេះ គេហៅវាថា កូឡេស្ដេរ៉ូលល្អ ។ កំរិត HDL ខ្ពស់ជួយការពារកុំឲ្យកេីតជំងឺបេះដូង ។

ទ្រីគ្លិស្តេរ៉ាយ៖ ទ្រីគ្លិស្ដេរ៉ាយគឺជាពាក្យបច្ចេកទេសសំរាប់ខ្លាញ់ ។ ខ្លាញ់គឺជាប្រភពសំខាន់នៃថាមពល ហើយវាផ្ដល់ជីវជាតិចាំបាច់ដល់សុខភាព។ ទ្រីគ្លិស្ដេរ៉ាយខ្លះបានមកពីខ្លាញ់ដែលយើងបរិភោគផ្ទាល់ ។ រាងកាយយើងក៏ផល្លិតជាតិទ្រីគ្លិស្ដេរ៉ាយផងដែរ នៅពេលយើងបរិភោគលើសចំនួនកាល់ឡូរីដែលយើងត្រូវការ ដូចជាសាច់និងភេសជ្ជៈស្រវឹង ។ លីប៉ូប្រ៉ូតេអុីនដែលដឹកជញ្ជូនកូឡេស្ដេរ៉ូល ក៏ដឹកជញ្ជូនទ្រីគ្លិស្ដេរ៉ាយទៅកាន់ទីដែលរាងកាយត្រូវការផងដែរ ។ ទ្រីគ្លិស្ដេរ៉ាយខ្ពស់អាចធ្វើឲ្យគ្រោះថ្នាក់កើតជំងឺបេះដូងខ្ពស់ដែរ ។


លីពីដ និងគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូង
ជាតិកូឡេស្ដេរ៉ូលក្នុងឈាមជាកត្ដាចម្បងមួយដែលយើងអាចគ្រប់គ្រងបានទាក់ទងនឹងជំងឺបេះដូង ប៉ុន្ដែសំខាន់ត្រូវចាំថា ឱកាសកើតជំងឺបេះដូងផ្អែកលេីកត្តាមួយចំនួន ។ គ្រូពេទ្យនឹងពិនិត្យកំរិតកូឡេស្ដេរ៉ូលក្នុងឈាម ទ្រីគ្លិស្ដេរ៉ាយ សំពាធឈាម ប្រវត្ដិគ្រួសារធ្លាប់មានជំងឺបេះដូងឬទេ តេីអ្នកមានជំងឺទឹកនោមផ្អែមឬទេ តេីអ្នកលេីសទំងន់ឬទេ តើអ្នកហាត់ប្រាណគ្រប់គ្រាន់ឬទេ ឬមានជក់បារីឬអត់ ។


វាស់ស្ទង់កំរិតលីពីដក្នុងឈាម
គ្រូពេទ្យពិនិត្យឈាមដើម្បីវាស់កូឡេស្ដេរ៉ូលសរុប កូឡេស្ដេរ៉ូល-LDL កូឡេស្ដេរ៉ូល-HDL និងទ្រីគ្លិស្ដេរ៉ាយ ។ ដើម្បីបានលទ្ធផលត្រឹមត្រូវ៖
អ្នកត្រូវអត់អាហាររយៈពេល ១២ម៉ោង មុន ។ អ្នកអាចទទួលទានទឹក និងថ្នាំតាមធម្មតា ។
តមជាតិស្រវឹងពីរបីថ្ងៃមុន ។
ជៀសវាងហាត់ប្រាណខ្លាំងពីរបីម៉ោងមុន ព្រោះលំហាត់ប្រាណបង្កើនកំរិតកូឡេស្ដរ៉ូលក្នុងឈាម ។
ជំរាបគ្រូពេទ្យឲ្យដឹងបើអ្នកមានផ្ទៃពោះ ធ្លាប់គាំងបេះដូង ទទួលការវះកាត់ក្នុងពេលថ្មីៗ ឬមានរោគឆ្លងឬហើម ។ អាការៈទាំងនេះប៉ះពាល់ដល់កំរិតលីពីដក្នុងឈាមអ្នក ។

បើមិនបានតមអាហារមុន នោះគ្រូពេទ្យនឹងវាស់កូឡេស្ដេរ៉ូលសរុប និង HDL ដើម្បីស្ទង់មើលកំរិតជាតិខ្លាញ់ក្នុងឈាមអ្នក ។ លទ្ធផលនោះអាចកំណត់ថាតើត្រូវពិនិត្យមើលបន្ថែមទៀតឬយ៉ាងណា ។

គ្រូពេទ្យយកលទ្ធផលឈាម ព្រមទាំងប្រវត្ដិសុខភាពអ្នក ដើម្បីបង្កើតជាគំរោងព្យាបាលមួយឲ្យអ្នក ។

តួលេខកំរិតលីពីដក្នុងឈាមសំរាប់មនុស្សពេញវ័យ ១៨ឆ្នាំឡើង

កូឡេស្ដេរ៉ូល LDL
<100 mg/dl         សុក្រិត្យ
100 - 129 mg/dl  ល្អ
130 - 159 mg/dl  ខ្ពស់បន្ដិច
160 - 189 mg/dl  ខ្ពស់
>190 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូល HDL

<40 mg/dl           ទាប
>60 mg/dl           ខ្ពស់

ទ្រីគ្លិស្ដេរ៉ាយ
<150 mg/dl         ល្អ
150 - 199 mg/dl  ខ្ពស់បន្ដិច
200 - 499 mg/dl  ខ្ពស់
>500 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូលសរុប
<200 mg/dl          ល្អ
200 - 239 mg/dl   ខ្ពស់បន្ដិច
>240 mg/dl          ខ្ពស់
អ្នកជំនាញបង្ហាញវិធីមួយចំនួនក្នុងការគ្រប់គ្រងកំរិតជាតិខ្លាញ់ក្នុងឈាម។ ជាបឋមគឺត្រូវផ្លាស់ប្ដូររបៀបរស់នៅ គឺអាហារ និងការហាត់ប្រាណ។ គ្រូពេទ្យអាចចេញថ្នាំ ដើម្បីបន្ថយជាតិខ្លាញ់ ។ ខាងក្រោមនេះ គឺជំរើសដែលអាចពិភាក្សាបានជាមួយគ្រូពេទ្យអ្នក ។
បរិភោគអាហារដែលជួយដល់សុខភាព
អាហារដែលមានជាតិខ្លាញ់ទាប ហើយមានជាតិសរសៃខ្ពស់ អាចជួយបន្ថយជាតិលីពីដបាន ។ ឧទាហរណ៍ ការបន្ថយខ្លាញ់ដែលយើងបរិភោគ អាចជួយបន្ថយកូឡេស្ដេរ៉ូលក្នុងឈាម សំរាប់មនុស្សភាគច្រើន ។ ហើយវាអាចជួយបន្ថយកាល់ឡូរីដែលយើងបរិភោគផងដែរ ដែលនេះជាជំហ៊ានដំបូងក្នុងការសំរកទំងន់ ។
សំរក ឬរក្សាទំងន់កុំឲ្យកើន
ការឡើងទំងន់មិនចាំបាច់អាចធ្វើឲ្យជាតិលីពីដក្នុងឈាមកើនឡើង ។ បរិភោគអាហារដែលមានកាល់ឡូរីទាប កុំឲ្យឡើងទំងន់ ឬឲ្យទំងន់ស្រក។ ចំពោះអ្នកធាត់ ការស្រកទំងន់បួនប្រាំគីឡូ អាចជួយឲ្យជាតិខ្លាញ់ក្នុងឈាមស្រកបាន ។
ធ្វើសកម្មភាព
ធ្វើចលនាឬហាត់ប្រាណជាប្រចាំ គឺជាការចាំបាច់ក្នុងកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង ។ ចំពោះអ្នកមិនដែលហាត់ប្រាណសោះ គ្រាន់តែចាប់ហាត់បន្ដិចបន្ដួចក៏អាចមានប្រយោជន៍ដល់សុខភាពច្រើនដែរ ។
លេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា
អ្នកខ្លះទាល់តែថ្នាំទើបអាចជួយបន្ថយជាតិលីពីដក្នុងឈាមបាន ។ មានថ្នាំច្រើនប្រភេទ ។ គ្រូពេទ្យនឹងពិគ្រោះនឹងអ្នក អំពីថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបន្ថយជាតិលីពីដក្នុងឈាមអ្នក ។