នៅសហរដ្ឋអាមេរិក ជំងឺបេះដូងជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ។ អ្នកវិទ្យាសាស្រ្ដបានសិក្សាមូលហេតុនានាដែលបណ្ដាលឲ្យកើតជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ដោយបានរកឃើញទំនាក់ទំនងរវាងជាតិលីពីដក្នុងឈាមនិងជំងឺបេះដូង ។
ពាក្យ លីពីដ គឺជាពាក្យវិទ្យាសាស្រ្ដ សំដៅចំពោះជាតិខ្លាញ់ទាំងឡាយ ។ជាតិកូឡេស្តេរ៉ូល និងទ្រីគ្លិស្តេរ៉ាយ គឺជាជាតិខ្លាញ់ពីរប្រភេទដែលមានក្នុងឈាម ។
មានជាតិខ្លាញ់ទាំងពីរប្រភេទនេះច្រើនក្នុងឈាមកាលណា គ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងនឹងកើនឡើង ។
ចំនុចសំខាន់ៗអំពីលីពីដ
ជាតិកូឡេស្ដេរ៉ូល៖ ជាតិខ្លាញ់នេះមានវត្ដមានក្នុងគ្រប់កោសិកាទាំងអស់នៃរាងកាយយើង ។ វាមានតួនាទីសំខាន់សំរាប់ឲ្យរាងកាយអនុវត្ដមុខងារមួយចំនួន រួមទាំងការបង្កើតកោសិកាថ្មី និងការរំលាយជាតិខ្លាញ់ ។ថ្លើមជាអ្នកបង្កើតកូឡេស្ដេរ៉ូលទាំងអស់ដែលរាងកាយត្រូវការ ដូច្នេះយើងមិនចាំបាច់បរិភោគអាហារដែលមានកូឡេស្ដេរ៉ូលឡើយ ។ អាហារដែលមានជាតិខ្លាញ់និងកាល់ឡូរីច្រើន អាចបង្កឲ្យរាងកាយយើងបង្កើតកូឡេស្ដេរ៉ូលបន្ថែម ដែលជាលទ្ធផលនឹងបង្កើនកំរិតកូឡេស្ដេរ៉ូលក្នុងឈាមយើង ។
កូឡេស្ដេរ៉ូលភ្ជាប់ខ្លួននឹងជាតិប្រ៉ូតេអុីនមួយដើម្បីអាចឲ្យវាងាយស្រួលធ្វើបំលាស់ទីក្នុងរាងកាយ ។ សម្ព័ន្ធនេះគេហៅវាថា លីប៉ូប្រ៉ូតេអុីន ។ គ្រូពេទ្យពិនិត្យលីប៉ូប្រ៉ូតេអុីនពីរប្រភេទផ្សេងគ្នាគឺ ដង់សុីតេទាប និងដង់សុីតេខ្ពស់ ដើម្បីវាយតំលៃគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងរបស់បុគ្គលណាម្នាក់ ។
លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប ឬហៅកាត់ថា LDLs មានជាតិកូឡេស្ដេរ៉ូលភាគច្រើនក្នុងឈាមយើង ។ វានាំយកកូឡេស្តេរ៉ូលទៅកាន់ជាលិកានានានៃរាងកាយ រួមទាំងសរសៃឈាមផង ។ ជាតិកូឡេស្ដេរ៉ូលដែលមានក្នុង LDL ត្រូវបានគេរកឃើញថាជាអ្នកទទួលខុសត្រូវជាងគេក្នុងការបង្កឲ្យមានកំណពាសផ្ទៃខាងក្នុងនៃសរសៃឈាម ។ ដូច្នេះហើយទើបគេហៅវាថា កូឡេស្ដេរ៉ូលអាក្រក់ ។ កំរិត LDL ខ្ពស់ ធ្វើឲ្យគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងកាន់តែខ្ពស់ដែរ ។
លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់ ឬហៅកាត់ថា HDLs មានជាតិកូឡេស្ដេរ៉ូលដូច LDLs ដែរ ។ ប៉ុន្ដែ កូឡេស្តេរ៉ូលដែលមានក្នុង HDL មិនបង្កឲ្យមានកំណពាសសរសៃឈាមឡេីយ ។ ផ្ទុយទៅវិញ វាជាអ្នកប្រមូលកូឡេស្ដេរ៉ូលលេីស យកទៅចោល ពីរាងកាយយើងទៅវិញ ។ ដូច្នេះ គេហៅវាថា កូឡេស្ដេរ៉ូលល្អ ។ កំរិត HDL ខ្ពស់ជួយការពារកុំឲ្យកេីតជំងឺបេះដូង ។
ទ្រីគ្លិស្តេរ៉ាយ៖ ទ្រីគ្លិស្ដេរ៉ាយគឺជាពាក្យបច្ចេកទេសសំរាប់ខ្លាញ់ ។ ខ្លាញ់គឺជាប្រភពសំខាន់នៃថាមពល ហើយវាផ្ដល់ជីវជាតិចាំបាច់ដល់សុខភាព។ ទ្រីគ្លិស្ដេរ៉ាយខ្លះបានមកពីខ្លាញ់ដែលយើងបរិភោគផ្ទាល់ ។ រាងកាយយើងក៏ផល្លិតជាតិទ្រីគ្លិស្ដេរ៉ាយផងដែរ នៅពេលយើងបរិភោគលើសចំនួនកាល់ឡូរីដែលយើងត្រូវការ ដូចជាសាច់និងភេសជ្ជៈស្រវឹង ។ លីប៉ូប្រ៉ូតេអុីនដែលដឹកជញ្ជូនកូឡេស្ដេរ៉ូល ក៏ដឹកជញ្ជូនទ្រីគ្លិស្ដេរ៉ាយទៅកាន់ទីដែលរាងកាយត្រូវការផងដែរ ។ ទ្រីគ្លិស្ដេរ៉ាយខ្ពស់អាចធ្វើឲ្យគ្រោះថ្នាក់កើតជំងឺបេះដូងខ្ពស់ដែរ ។
លីពីដ និងគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូង
ជាតិកូឡេស្ដេរ៉ូលក្នុងឈាមជាកត្ដាចម្បងមួយដែលយើងអាចគ្រប់គ្រងបានទាក់ទងនឹងជំងឺបេះដូង ប៉ុន្ដែសំខាន់ត្រូវចាំថា ឱកាសកើតជំងឺបេះដូងផ្អែកលេីកត្តាមួយចំនួន ។ គ្រូពេទ្យនឹងពិនិត្យកំរិតកូឡេស្ដេរ៉ូលក្នុងឈាម ទ្រីគ្លិស្ដេរ៉ាយ សំពាធឈាម ប្រវត្ដិគ្រួសារធ្លាប់មានជំងឺបេះដូងឬទេ តេីអ្នកមានជំងឺទឹកនោមផ្អែមឬទេ តេីអ្នកលេីសទំងន់ឬទេ តើអ្នកហាត់ប្រាណគ្រប់គ្រាន់ឬទេ ឬមានជក់បារីឬអត់ ។
វាស់ស្ទង់កំរិតលីពីដក្នុងឈាម
គ្រូពេទ្យពិនិត្យឈាមដើម្បីវាស់កូឡេស្ដេរ៉ូលសរុប កូឡេស្ដេរ៉ូល-LDL កូឡេស្ដេរ៉ូល-HDL និងទ្រីគ្លិស្ដេរ៉ាយ ។ ដើម្បីបានលទ្ធផលត្រឹមត្រូវ៖អ្នកត្រូវអត់អាហាររយៈពេល ១២ម៉ោង មុន ។ អ្នកអាចទទួលទានទឹក និងថ្នាំតាមធម្មតា ។
តមជាតិស្រវឹងពីរបីថ្ងៃមុន ។
ជៀសវាងហាត់ប្រាណខ្លាំងពីរបីម៉ោងមុន ព្រោះលំហាត់ប្រាណបង្កើនកំរិតកូឡេស្ដរ៉ូលក្នុងឈាម ។
ជំរាបគ្រូពេទ្យឲ្យដឹងបើអ្នកមានផ្ទៃពោះ ធ្លាប់គាំងបេះដូង ទទួលការវះកាត់ក្នុងពេលថ្មីៗ ឬមានរោគឆ្លងឬហើម ។ អាការៈទាំងនេះប៉ះពាល់ដល់កំរិតលីពីដក្នុងឈាមអ្នក ។
បើមិនបានតមអាហារមុន នោះគ្រូពេទ្យនឹងវាស់កូឡេស្ដេរ៉ូលសរុប និង HDL ដើម្បីស្ទង់មើលកំរិតជាតិខ្លាញ់ក្នុងឈាមអ្នក ។ លទ្ធផលនោះអាចកំណត់ថាតើត្រូវពិនិត្យមើលបន្ថែមទៀតឬយ៉ាងណា ។
គ្រូពេទ្យយកលទ្ធផលឈាម ព្រមទាំងប្រវត្ដិសុខភាពអ្នក ដើម្បីបង្កើតជាគំរោងព្យាបាលមួយឲ្យអ្នក ។
តួលេខកំរិតលីពីដក្នុងឈាមសំរាប់មនុស្សពេញវ័យ ១៨ឆ្នាំឡើង
កូឡេស្ដេរ៉ូល LDL
<100 mg/dl សុក្រិត្យ
100 - 129 mg/dl ល្អ
130 - 159 mg/dl ខ្ពស់បន្ដិច
160 - 189 mg/dl ខ្ពស់
>190 mg/dl ខ្ពស់ជ្រុល
កូឡេស្ដេរ៉ូល HDL
<40 mg/dl ទាប
>60 mg/dl ខ្ពស់
ទ្រីគ្លិស្ដេរ៉ាយ
<150 mg/dl ល្អ
150 - 199 mg/dl ខ្ពស់បន្ដិច
200 - 499 mg/dl ខ្ពស់
>500 mg/dl ខ្ពស់ជ្រុល
កូឡេស្ដេរ៉ូលសរុប
<200 mg/dl ល្អ
200 - 239 mg/dl ខ្ពស់បន្ដិច
>240 mg/dl ខ្ពស់
អ្នកជំនាញបង្ហាញវិធីមួយចំនួនក្នុងការគ្រប់គ្រងកំរិតជាតិខ្លាញ់ក្នុងឈាម។ ជាបឋមគឺត្រូវផ្លាស់ប្ដូររបៀបរស់នៅ គឺអាហារ និងការហាត់ប្រាណ។ គ្រូពេទ្យអាចចេញថ្នាំ ដើម្បីបន្ថយជាតិខ្លាញ់ ។ ខាងក្រោមនេះ គឺជំរើសដែលអាចពិភាក្សាបានជាមួយគ្រូពេទ្យអ្នក ។
បរិភោគអាហារដែលជួយដល់សុខភាព
អាហារដែលមានជាតិខ្លាញ់ទាប ហើយមានជាតិសរសៃខ្ពស់ អាចជួយបន្ថយជាតិលីពីដបាន ។ ឧទាហរណ៍ ការបន្ថយខ្លាញ់ដែលយើងបរិភោគ អាចជួយបន្ថយកូឡេស្ដេរ៉ូលក្នុងឈាម សំរាប់មនុស្សភាគច្រើន ។ ហើយវាអាចជួយបន្ថយកាល់ឡូរីដែលយើងបរិភោគផងដែរ ដែលនេះជាជំហ៊ានដំបូងក្នុងការសំរកទំងន់ ។
សំរក ឬរក្សាទំងន់កុំឲ្យកើន
ការឡើងទំងន់មិនចាំបាច់អាចធ្វើឲ្យជាតិលីពីដក្នុងឈាមកើនឡើង ។ បរិភោគអាហារដែលមានកាល់ឡូរីទាប កុំឲ្យឡើងទំងន់ ឬឲ្យទំងន់ស្រក។ ចំពោះអ្នកធាត់ ការស្រកទំងន់បួនប្រាំគីឡូ អាចជួយឲ្យជាតិខ្លាញ់ក្នុងឈាមស្រកបាន ។
ធ្វើសកម្មភាព
ធ្វើចលនាឬហាត់ប្រាណជាប្រចាំ គឺជាការចាំបាច់ក្នុងកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង ។ ចំពោះអ្នកមិនដែលហាត់ប្រាណសោះ គ្រាន់តែចាប់ហាត់បន្ដិចបន្ដួចក៏អាចមានប្រយោជន៍ដល់សុខភាពច្រើនដែរ ។
លេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា
អ្នកខ្លះទាល់តែថ្នាំទើបអាចជួយបន្ថយជាតិលីពីដក្នុងឈាមបាន ។ មានថ្នាំច្រើនប្រភេទ ។ គ្រូពេទ្យនឹងពិគ្រោះនឹងអ្នក អំពីថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបន្ថយជាតិលីពីដក្នុងឈាមអ្នក ។
No comments:
Post a Comment