ក្រពេញប្រ៉ូស្តេតរីក ឬពាក្យបច្ចេកទ្ទេសហៅកាត់ថា BPH អាចបណ្ដាលឲ្យមានអាការៈរំខានក្នុងការបត់ជើងតូចសំរាប់បុរស ។ បើមិនព្យាបាល វាអាចរារាំងលំហូរទឹកនោម ធ្វើឲ្យមានបញ្ហាតំរងនោម បំពង់ទឹកនោម និងប្លោកនោមជាដើម ។
ក្រពេញប្រ៉ូស្តេតស្ថិតនៅក្រោមប្លោកនោមតែម្ដង ។ បំពង់ទឹកនោម ដែលឲ្យទឹកនោមហូរចេញពីប្លោកនោមមកក្រៅតាមលិង្ក គឺឆ្លងកាត់តាមចំនុចកណ្ដាលនៃក្រពេញប្រ៉ូស្ដេតនេះ (សូមមើលរូប) ។ នៅពេលដែលក្រពេញនេះរីកធំ វាត្បៀតបំពង់ទឹកនោម ធ្វើឲ្យការបត់ជើងតូចរអាក់រអួល ។
បុរសភាគច្រើនមានបញ្ហារីកក្រពេញប្រ៉ូស្តេតនេះពេញមួយជីវិតតែម្ដង ។ គេនៅមិនទាន់រកឃើញមូលហេតុណាមួយឲ្យច្បាស់លាស់ ដែលបណ្ដាលឲ្យក្រពេញនេះរីកនៅឡើយ ។ ការបាត់បង់តុល្យភាពអ័រម៉ូន ភេទ នៅពេលដែលបុរសមានវ័យកាន់តែច្រើន អាចជាមូលហេតុមួយ ។ ពូជអាចជាមូលហេតុមួយដែរ ។ អ្នកដែលមានឪពុកឬបងប្អូនប្រុសមានបញ្ហាប្រ៉ូស្តេតនេះ អាចមានឱកាសកើតមានបញ្ហានេះខ្ពស់។
រោគសញ្ញានៃការរីកក្រពេញប្រ៉ូស្តេតនេះ អាចកាន់តែធ្ងន់ធ្ងរឡើង ។ រោគសញ្ញាទាំងនោះរួមមាន៖
- បត់ជើងតូចញឹកញាប់ ឬត្រូវបត់ជើងតូចភ្លាមៗ
- បត់ជើងតូចញឹកញាប់ពេលយប់
- ពិបាកចាប់ផ្ដើមបត់ជើងតូច
- លំហូរទឹកនោមខ្សោយ ឬរអាក់រអួល
- ទឹកនោមស្រក់តក់ៗ នៅពេលបត់ជើងតូចជិតរួច
- មិនអាចបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោម
វិធីព្យាបាល
ប្រសិនបើអាចទ្រាំបាន អ្នកអាចឃ្លាំមើល ថាតើរោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យុឺន ឬធូរស្រាល ។ ចំពោះបុរសមួយចំនួន អាការៈនេះអាចធូរស្បើយដោយឯកឯង ដោយមិនបាច់ព្យបាលឡើយ ។
ថ្នាំព្យាបាល - ភាគច្រើនគ្រូពេទ្យព្យាបាលក្រពេញរីកនេះ ដោយថ្នាំពេទ្យ ។
- ថ្នាំ Alpha blockers - ថ្នាំនេះជួយសំរួលដល់ការបត់ជើងតូច ដោយវាធ្វើឲ្យសាច់ដុំនៅកប្លោកនោម និងសាច់ដុំក្រពេញប្រ៉ូស្តេតសំរាក ។ ចំពោះបុរសដែលក្រពេញទើបរីកបន្ដិច ពពួកថ្នាំនេះមានប្រសិទ្ធិភាពភ្លាមៗ ។ ពពួកថ្នាំនេះមានដូចជា Uroxatral, Cardura, Flomax, និង Rapaflo ។
- ថ្នាំបង្រួញក្រពេញ - ជាប្រភេទថ្នាំធ្វើឲ្យក្រពេញប្រ៉ូស្តេតនេះរួញវិញ ដោយរារាំងមិនឲ្យមានការប្រែប្រួលអ័រម៉ូន ដែលបណ្ដាលឲ្យក្រពេញរីក ។ ពពួកថ្នាំនេះត្រូវការពេលប្រាំមួយខែទើបមានប្រសិទ្ធិភាព ។ ថ្នាំទាំងនេះមានដូចជា Proscar និង Avodart ។
- ថ្នាំ Tadalafil - ថ្នាំនេះធម្មតាប្រើសំរាប់លិង្កងាប់ ប៉ុន្ដែគ្រូពេទ្យអាចចេញឲ្យប្រើសំរាប់ព្យាបាលការរីកក្រពេញនេះ ក្នុងស្ថានភាពមួយចំនួន ។
- បើអាការៈរោគធ្ងន់ធ្ងរ ឬមិនអាចលេបថ្នាំជាប្រចាំបាន គ្រូពេទ្យអាចព្យាបាលការរីកក្រពេញនេះ ដោយការវះកាត់ទ្រង់ទ្រាយតូច ។
No comments:
Post a Comment