Tuesday, March 3, 2020

COVID-19 ជំងឺដែលបង្កឡើងដោយមេរោគ កូរ៉ូណាថ្មី

រោគសញ្ញា

ថ្មីៗនេះ អ្នកជំនាញវិជ្ជសាស្រ្ដអាមេរិកបានសំគាល់ឃើញថា អ្នកដែលបានឆ្លងមេរោគកូរ៉ូណា មានអារម្មណ៍ដូចបាត់បង់វិញ្ញាណពីរ គឺ៖ ក្លិន និងរស់ជាតិ ។

ដំបូងហាក់ចាប់ផ្ដើមពីការក្ដៅខ្លួន បន្ទាប់មកក្អកស្ងួត ។ មួយអាទិត្យក្រោយមក មានដង្ហើមខ្លី ពិបាកដកដង្ហើម ធ្វើអោយអ្នកជំងឺមួយចំនួនត្រូវដេកពេទ្យ ។ រោគសញ្ញាដទៃទៀតមានដូចជា៖ ឈឺក្បាល ឈឺខ្លួន និងអស់កំលាំង ។ ប៉ុន្ដែមិនមែនអោយតែមានរោគសញ្ញាទាំងនេះ មានន័យថាអ្នកកើតជំងឺកូរ៉ូណានោះឡើយ ។ រោគសញ្ញាទាំងនេះហាក់ប្រហាក់ប្រហែល ស្រដៀងនឹងរោគសញ្ញាផ្ដាសាយ ឬផ្ដាសាយធំដូច្នោះដែរ ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចរលាកសួត មានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ សរីរាង្គមួយចំនួនឈប់ដំណើរការ និងអាចបាត់បង់ជីវិតតែម្ដង ។

មនុស្សចាស់ និងអ្នកដែលមានសុខភាពខ្សោយ (អ្នកមានរោគទឹកនោមផ្អែម រោគហឺត និងរោគបេះដូង) គឺជាអ្នកដែលទទួលរងគ្រោះដោយមេរោគនេះខ្លាំង ។ រយ:ពេលមេរោគនេះមាននៅក្នុងខ្លួនហើយអាចឆ្លងទៅអ្នកដទៃ រហូតដល់ពេលចេញរោគសញ្ញា គឺអាចដល់ទៅ ១៤ ថ្ងៃ តាមការអោយដឹងពីអង្គការសុខភាពពិភពលោក ។ ប៉ុន្ដែអ្នកស្រាវជ្រាវមួយចំនួន បាន់ប្រមាណថារយ:ពេលភ្ញាស់នេះ អាចមានដល់ទៅ ២៤ថ្ងៃឯណោះ ។


ធ្វើយ៉ាងណាអាចបង្ការមេរោគនេះបាន?
ចូរលាងសំអាតដៃអោយបានល្អនិងជាប្រចាំ ។ គេនៅមិនទាន់ដឹងថា តើមេរោគកូរ៉ូណានេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងដូចម្ដេចនៅឡើយទេ ។ ប៉ុន្ដែមេរោគដទៃទៀតដែលស្រដៀងនឹងមេរោគនេះ ឆ្លងពីម្នាក់ទៅម្នាក់ តាមរយ:ដំណក់ជាតិសើម ដូចនៅពេលដែលអ្នកមានផ្ទុកមេរោគក្អក ឬកណ្ដាស់ជាដើម ។ ដូច្នេះត្រូវក្អកឬកណ្ដាស់ដោយប្រើក្រដាសអនាម័យបិទបាំងមាត់និងច្រមុះ ។ មិនត្រូវយកដៃមិនស្អាតប៉ះមុខរបស់អ្នកឡើយ ។ សូមនៅអោយឆ្ងាយពីអ្នកមានផ្ទុកមេរោគ ។

តើមេរោគកូរ៉ូណាមានគ្រោះថ្នាក់ខ្លាំងយ៉ាងណា?
បន្ទាប់ពីពិនិត្យតាមដានអ្នកជំងឺចំនួន ៥៦០០០ នាក់រួចមក អង្គការសុខភាពពិភពលោកបានសន្និដ្ឋានថា៖

  • ៨០% នៃអ្នកឆ្លងមេរោគនេះ មានរោគសញ្ញាកំរិតស្រាលៗប៉ុណ្ណោះ ។
  • ១៤% នៃអ្នកឆ្លងមេរោគនេះ មានរោគសញ្ញាកំរិតធ្ងន់ ។
  • ៦% នៃអ្នកឆ្លងមេរោគនេះ ធ្លាក់ខ្លួនឈឺធ្ងន់ ។

ភាគរយនៃអ្នកស្លាប់មានទាប (ប្រហែល ១ឬ២%) ប៉ុន្ដែទិន្នន័យនេះមិនអាចទុកចិត្ដបាននៅឡើយ ដោយអ្នកជំងឺមួយចំនួនធំកំពុងទទួលការព្យាបាលនៅឡើយ ហើយក្នុងចំនោមនោះនឹងមានអ្នកជំងឺមួយចំនួននឹងបាត់បង់ជីវិត ។ ដូច្នេះអត្រាស្លាប់អាចកើនឡើង ។ ទន្ទឹមនឹងនេះ ក៏នៅមានករណីអ្នកជំងឺស្រាលៗជាច្រើនដែលគេមិនបានដឹងចំនួន ព្រោះមិនបានរាយការណ៍អោយដឹង ។

បច្ចុប្បន្ន ការព្យាបាលគឺមានលក្ខណ:មូលដ្ឋានប៉ុណ្ណោះ ពោលគឺរក្សាអ្នកជំងឺអោយមានស្ថេរភាព ដោយរួមមានជំនួយក្នុងការដកដង្ហើម រង់ចាំដល់ពេលដែលប្រព័ន្ធការពារក្នុងខ្លួនអ្នកជំងឺអាចមានលទ្ធភាពប្រឆាំងនឹងមេរោគដោយខ្លួនឯង ។

យ៉ាងណាក៏ដោយ គេកំពុងស្រាវជ្រាវដើម្បីរកវាក់សាំងបង្ការមេរោគនេះហើយ ។ គេសង្ឃឹងថា នឹងចាប់ផ្ដើមសាកល្បងវាក់សាំងនេះលើមនុស្សនៅបំណាច់ឆ្នាំនេះ ។

មន្ទីរពេទ្យមួយចំនួនក៏កំពុងសាកល្បងថ្នាំប្រឆាំងមេរោគ ផងដែរ ដើម្បីឲ្យដឹងថាវាមានឥទ្ធិពលកំរិតណា ។

ប្រភព៖ អង្គការសុខភាពពិភពលោក, BBC, CDC (មជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក)

Wednesday, March 14, 2018

រោគរលាកសួត



រោគនេះកេីតមានឡេីងនៅពេលដែលថង់ខ្យល់ក្នុងសួតម្ខាង ឬទាំងសង្ខាងរលាក ។ ថង់ខ្យល់ទាំងនោះពោរពេញទៅដោយសំបោឬខ្ទុះ បណ្ដាលអោយអ្នកជំងឺក្អក ចេញកំហាកខាប់ៗ ។ មីក្រុបទាំងឡាយដូចជា បាក់តេរី វីរុស និងពពួកផ្សិត ធ្វេីអោយកេីតរោគរលាកសួតនេះឡេីង ។ រោគរលាកសួតជាទូទៅមានសភាពធ្ងន់ធ្ងរ បេីកេីតឡេីងចំពោះទារក កុមារតូច មនុស្សចាស់ និងអ្នកដែលមានសុខភាពទន់ខ្សោយឬមានប្រព័ន្ធការពារជំងឺខ្សោយ ។ កក្តាដែលបង្កេីនគ្រោះថ្នាក់កេីតរោគនេះមាន៖

  • ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាអ្នកកេីតហឺត អ្នកមានជំងឺបំពង់ខ្យល់រ៉ាំរ៉ៃ និងអ្នកមានជំងឺបេះដូង ។
  • ប្រព័ន្ធការពារជំងឺខ្សោយ ដូចជាអ្នកកេីតអេដស៍ អ្នកប្ដូរសរីរាង្គ អ្នកកេីតជំងឺមហារីកដែលទទួការព្យាបាលដោយប្រេីឃីម៉ូ ឬអ្នកប្រេីសារធាតុស្តេរ័យរយៈពេលយូរដែលបណ្ដាលឲ្យប្រព័ន្ធការពារជំងឺចុះខ្សោយ ។
  • ការជក់បារី -- បារីធ្វេីឲ្យប្រព័ន្ធការពារជំងឺធម្មជាតិរបស់រាងកាយចុះខ្សោយ ។
  • អ្នកជំងឺដែលទទួលជំនួយការដកដង្ហេីមពីម៉ាសុីន ងាយរងគ្រោះឆ្លងជំងឺរលាកសួតនេះ ។


រោគសញ្ញា៖ រោគសញ្ញាអាចស្រាលឬធ្ងន់ធ្ងរ ។ រោគសញ្ញាស្រាលស្រដៀងនឹងគ្រុនផ្ដាសាយ ប៉ុន្ដែមានរយៈពេលយូរជាងគ្រុនផ្ដាសាយ ។

  • គ្រុនក្ដៅ បែកញេីស ញាក់ស្រៀវស្រាញ
  • សីតុណ្ហភាពក្នុងខ្លួនទាបជាងធម្មតា
  • ក្អកចេញកំហាកខាប់ស្អិត
  • ឈឺទ្រូងពេលដកដង្ហេីមវែងឬក្អក
  • ដង្ហេីមខ្លី
  • ឈឺចាប់រាងកាយ អស់កំលាំង
  • ក្អួត ឬរាគ
  • ឈឺក្បាល


ទារកទេីបកេីតនិងកុមារតូច អាចមិនបង្ហាញរោគសញ្ញាឡេីយ ។ វាអាចក្អួតចង្អោរ គ្រុនក្ដៅនិងក្អក ហាក់នៅមិនស្ងៀមឬហេវហត់អស់កំលាំង ឬពិបាកដកដង្ហេីម និងពិបាកបំបៅ ។
មនុស្សចាស់ដែលកេីតរោគរលាកសួតជួនកាលមានការប្រែប្រួលស្មារតីភ្លាមៗ ។

ការធ្វេីតេស្ដពិនិត្យ
គ្រូពេទ្យប្រេីឧបករណ៍ស្ដាប់សួត ពិនិត្យមេីលភាពមិនប្រក្រតី ដែលជាសញ្ញាថាមានកំហាកខាប់នៅក្នុងសួត ។
បេីពេទ្យសង្ស័យថាមានរោគរលាកសួត គេត្រូវធ្វេីតេស្ដដេីម្បីកំណត់ឲ្យច្បាស់នូវប្រភេទរោគ ។ តេស្ដរួមមាន ថតសួតដោយកាំរស្មីអុិច ពិនិត្យឈាមនិងកំហាក វាស់កំរិតអុកសុីសែន ។
បេីអ្នកជំងឺមានរោគសញ្ញធ្ងន់ធ្ងរ ឬមានសុខភាពខ្យោយ គេអាចធ្វេីតេស្ដបន្ថែមទៀត ដែលរួមមាន៖

  • ការពិនិត្យសំណាករាវយកពីសួត
  • ការឆ្លុះដោយប្រេីបំពង់តូចមានម៉ាសុីនថតនៅខាងចុង ដាក់ចូលតាមបំពង់ខ្យល់ ដេីម្បីពិនិត្យមេីលក្រែងមានអ្វីរារាំងបំពង់ខ្យល់ ឬអាការៈផ្សេងទៀត ដែលជាកក្ដានាំឲ្យរលាកសួត ។


ការព្យាបាល៖ គោលដៅក្នុងការព្យាបាល គឺធ្វេីឲ្យដំបៅរលាក សះស្បេីយ និងទប់ស្កាត់កុំឲ្យបញ្ហាផ្សេងៗទៀតកេីតមានឡេីង ។ ការព្យាបាលជាក់ស្ដែងអាស្រ័យទៅេលីប្រភេទនិងកំរិតធ្ងន់ធ្ងរនៃរោគរលាកសួតរបស់អ្នកជំងឺម្នាក់ៗ អាយុអ្នកជំងឺ និងសុខភាពទូទៅរបស់អ្នកជំងឺ ។

ជំរេីសមានដូចតទៅ៖

  • ថ្នាំផ្សះ (អង់ទីប៊ីយោទិក) -- ប្រេីក្នុងការព្យាបាលរោគរលាកសួតដែលបង្កឡេីងដោយបាក់តេរី ។ អ្នកជំងឺចាប់ផ្ដេីមគ្រាន់បេីឡេីងក្រោយប្រេីថ្នាំនេះបានរយៈពេលបីថ្ងៃ ប៉ុន្ដែសំរាប់អ្នកជំងឺដែលជក់បារី ជាធម្មតាត្រូវការពេលទ្វេរដង ។
  • ថ្នាំប្រឆាំងវីរុស -- ប្រេីក្នុងការព្យាបាលរោគរលាកសួតដែលបង្កឡេីងដោយវីរុស ។ មានប្រសិទ្ធិភាពក្នុងរយៈពេលពីមួយទៅបីសប្ដាហ៍ ។
  • ថ្នាំគ្រុនក្ដៅ -- ថ្នាំនេះមិនចាំបាច់វេជ្ជបញ្ជារឡេីយ ។
  • ថ្នាំក្អក -- មិនគួរប្រេីថ្នាំឲ្យឈប់ក្អកមួយរយៈឡេីយ ព្រោះការក្អកជួយឲ្យកំហាកដាច់ចេញពីសួត ។ ប្រេីថ្នាំក្អកសំរាប់ជំនួយក្នុងការសំរាកពេលយប់បាន ។

អ្នកជំងឺរលាកសួតធ្ងន់ធ្ងរ ឬកុមារតូច និងមនុស្សចាស់ អាចត្រូវចូលសំរាកក្នុងមន្ទីរពេទ្យ ។

ការរស់នៅនិងថែទាំ -- ដេីម្បីឲ្យឆាប់ជា និងបន្ថយគ្រោះថ្នាក់ពីជំងឺរលាកសួត៖

  • សំរាកឲ្យបានគ្រាប់គ្រាន់ ។ ទោះបីយេីងបានគ្រាន់បេីហេីយក៏ដោយ ក៏ត្រូវប្រយ័ត្នកុំធ្វេីអ្វីឲ្យជ្រុលលេីសកំលាំង ។
  • សំរាកពីការងារឬសាលា ។ ត្រូវសំរាកពីការងារឬសាលា រហូតដល់សីតុណ្ហភាពមកជាធម្មតាវិញ ហេីយឈប់ក្អកចេញកំហាក ។ ចូរកុំចាប់ផ្ដេីមធ្វេីការពេញលេញភ្លាមៗ បេីមិនទាន់ជាសះស្បេីយមួយរយភាគរយ ព្រោះជំងឺនេះអាចលាប់ឡេីងវិញ ។
  • បរិភោគទឹកឲ្យបានគ្របគ្រាន់ ។ ទឹកជួយរំលាយកំហាកក្នុងសួត ។
  • លេបថ្នាំតាមវេជ្ជបញ្ជារ ។ បេីឈប់លេបថ្នាំមុនកំណត់ បាក់តេរីនៅមានជីវិតក្នុងសួត និងអាចធ្វេីឲ្យជំងឺអ្នកលាប់ឡេីងវិញ ។


Sunday, February 18, 2018

ក្រួសក្នុងប្រមាត់


ក្រួសក្នុងប្រមាត់គឺជាកករទឹកប្រមាត់ដែលកករឹងនៅក្នុងប្រមាត់​ ។  ក្រួសនេះខ្លះតូចៗប៉ុនគ្រាប់ខ្សាច់​ ខ្លះអាចធំប៉ុនបាល់ប៉េងប៉ុង​ ។ អ្នកខ្លះកើតក្រួសតែមួយគ្រាប់​ ខ្លះមានច្រើនគ្រាប់​ ។

គេមិនទាន់រកឃើញឲ្យជាក់ច្បាស់នៅឡើយពីមូលហេតុ​ដែលនាំឲ្យកើតក្រួសប្រមាត់នេះ​ទេ។ គេសង្ស័យថា​ វាកើតឡើងដោយសារទឹកប្រមាត់មានជាតិកូឡេស្តេរ៉ូលឬជាតិប៊ីលីរ៉ូប៊ីនច្រើនពេក​ ។ ប៊ីលីរ៉ូប៊ីនគឺជាជាតិគីមីម្យ៉ាងដែលបង្កើតឡើងនៅពេលរាងកាយយើងបំបែកកោសិការឈាមក្រហម​ ។ ក្រួសប្រមាត់ក៏អាចកើតមានឡើងផងដែរ​ ប្រសិនបើប្រមាត់ មិនអាចបញ្ចេញទឹកវាឲ្យអស់បានត្រឹមត្រូវ​។

កត្តាមួយចំនួនដែលនាំឲ្យកើតក្រួសប្រមាត់​ មានដូចជាធាត់​លេីសទំងន់ បរិភោគអាហារខ្លាញ់ច្រើនឬមានជាតិកូឡេស្តេរ៉ូលច្រើន​ ស្រកទំងន់លឿនពេក​ គ្រួសារមានប្រវត្តិកើតក្រួសប្រមាត់​ ឬស្រ្ដីមានផ្ទៃពោះ​។ ល។

រោគសញ្ញា
ចំពោះអ្នកខ្លះគឺគ្មានរោគសញ្ញាឡើយ​ ។ តែបើក្រួសធ្លាក់ចូលក្នុងបំពង់ទឹកប្រមាត់​ ហើយធ្វើឲ្យស្ទះរន្ធវា​ នោះរោគសញ្ញាមានដូចជា៖

  • ឈឺចុកតំបន់ខាងស្តាំខាងលើពោះខ្លាំងភ្លាមៗ​ រួចឈឺខ្លាំងឡើងៗ​ ។
  • ឈឺចុកចំ​នុចក្រោមឆ្អឹងទ្រូងខ្លាំងភ្លាមៗ​ ខ្លាំងទៅៗ​ ។
  • ឈឺខ្នងចន្លោះស្លាបប្រចៀវទាំងពីរ​ ។
  • ឈឺចាប់ស្មាខាងស្ដាំ​ ។
ការឈឺចាប់ដោយក្រួសប្រមាត់នេះអាចមានរយ:ពេលបួនប្រាំនាទី​ ទៅពីរបីម៉ោង​ ។ 

ការព្យបាល

ចំពោះក្រួសប្រមាត់ដែលមិនបញ្ចេញរោគសញ្ញាគឺមិនត្រូវការការព្យាបាលអ្វីឡើយ​។ បើវាធ្វើទុក្ខ​ មានរោគសញ្ញាដទៃទៀត​ ការព្យាបាលមាន៖

វះកាត់ប្រមាត់​៖ ក្រោយពីកាត់ប្រមាត់ចេញរួច​ ទឹករំលាយអាហារ​ (ទឹកប្រមាត់)​ ហូរចេញផ្ទាល់ពី ថ្លើមទៅកាន់ពោះវៀនតូចតែម្ដង​ ដោយមិនផ្ទុកក្នុងប្រមាត់ទៀតឡើយ​ ។ មនុស្សយើងរស់បានដោយគ្មានប្រមាត់​ ហើយការំលាយអាហារគឺធម្មតា​ ។ ប៉ុន្ដែក្រោយពីកាត់ប្រមាត់ចេញ​ អ្នកជំងឺអាចរាគមួយយ:​ ។ 

ថ្នាំរំលាយក្រួសប្រមាត់​៖ ការប្រើថ្នាំរំលាយក្រួសប្រមាត់​ អាចប្រើពេលយូរខែឆ្នាំ​ ។ ជួនកាលថ្នាំគ្មានប្រសិទ្ធិភាព​ ។ ការប្រើថ្នាំរំលាយក្រួសគឺសំរាប់តែអ្នកដែលទទួលការវះកាត់មិនបានប៉ុណ្ណោះ​ ។ 

ដើម្បីកាត់បន្ថយឱកាសកើតក្រួសក្នុងប្រមាត់៖
  • ចូរកុំរំលងពេលអាហារ​ ឬអត់អាហារ​ ។
  • បើចង់សម្រកទំងន់​ ត្រូវធ្វើសន្សឹមៗ​ ហើយគួរព្យាយាមរក្សាទំងន់ឲ្យបានសមរម្យ​ ។ 

Wednesday, August 9, 2017

ទល់លាមក


មូលហេតុ៖
ជាទូទៅរោគទល់លាមកជាលទ្ធផលនៃការធ្វេីចលនាតិចតួចពេក ខ្វះជាតិទឹក ខ្វះជាតិសរសៃ និងវ័យកាន់តែចាស់ ។

សញ្ញា៖
បត់ជេីងធំតិចជាងបីដងក្នុងមួយសប្ដាហ៍
លាមករឹង ស្ងួត និងពិបាកបញ្ចេញមកក្រៅ
ឈឺចាប់ពេលបត់ជេីងធំ

វិធីព្យាបាល៖
ការទល់លាមកអាចធ្វេីឲ្យអ្នកពិបាកក្នុងខ្លួន ប៉ុន្ដែជាធម្មតាវាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡេីយ ។ គ្រាន់តែផ្លាស់ប្ដូរបន្ដិចបន្តួចក្នុងការហូរចុក និងសកម្មភាពប្រចាំថ្ងៃ ក៏អាចធូរស្រាលបានដែរ ។


  • បរិភោគអារហារដែលមានជាតិសរសៃច្រេីន ។ អារហារប្រភេទនេះធ្វេីឲ្យលាមកទន់និងហាប់ ។ អារហារទាំងនេះមានដូចជា៖ សណ្ដែក អង្ករសំរូប ផ្លែឈេីស្រស់ និងបន្លែជាដេីម ។



  • ចៀសវាងខ្វះជាតិទឹក ។ បរិភោគទឹក និងអារហារដែលមានជាតិទឹកច្រេីន ធ្វេីឲ្យលាមកទន់ ងាយស្រួលបត់ជេីង ។



  • ធ្វេីចលនា ។ ការធ្វេីចលនាជាប្រចាំ ជួយឲ្យការបត់ជេីងប្រព្រឹត្តិទៅដោយប្រក្រតី ។



  • កុំបង្ខំពេលបត់ជេីងធំ ហេីយក៏កុំទប់វាយូរ ។ បង្កេីតជាទំលាប់ទៀងទាត់ក្នុងការបត់ជេីង ។ បេីត្រូវបត់ជេីង កុំទុកវា ត្រូវចូលបង្គន់ ហេីយត្រូវមានពេលគ្រប់គ្រាន់ក្នុងការបត់ជេីង ។



  • បេីមានលេបថ្នាំ គួរដឹងថា ថ្នាំមួយចំនួនធ្វេីឲ្យទល់លាមក ។ សួរពេទ្យអំពីឥទ្ធិពលនៃថ្នាំដែលអ្នកត្រូវលេប ។


ថ្នាំព្យាបាល៖
ប្រភេទថ្នាំ Laxatives អាចសំរួលឬការពារកុំឲ្យទល់លាមក ។ ថ្នាំនេះមិនអាចឲ្យក្មេងប្រេីឡេីយ លុះណាតែមានវេជ្ជបញ្ជា ។

ថ្នាំជំនួយសារធាតុសរសៃ៖ ថ្នាំនេះធ្វេីឲ្យលាមកធូរ ហេីយមានដូចជា FiberCon, Metamucil, Citrucel ។ល។ ពេលលេបថ្នាំទាំងនេះ ត្រូវផឹកទឹកឲ្យច្រេីន ។
អូស្មូទិក៖ ផលិតផលមួយចំនួន ដូចជា ទឹកដោះគោម៉ាញ៉េស្យូម ម៉ាញ៉េស្យូមសុីត្រាត និងប៉ូលីអេធីលីនគ្លីកុល (Miralax) ជួយឲ្យជាតិទឹកធ្វេីចលនាតាមពោះវៀនធំ ។
ថ្នាំបន្ទន់លាមក៖ ថ្នាំប្រភេទនេះបន្ទន់លាមក ដោយទាញយកជាតិទឹកពីពោះវៀន ។ ថ្នាំទាំងនេះមានដូចជា Colace, Surfak, ជាដេីម ។

Tuesday, June 27, 2017

សុខភាពបុរស - រីកក្រពេញប្រ៉ូស្តេត



ក្រពេញប្រ៉ូស្តេតរីក ឬពាក្យបច្ចេកទ្ទេសហៅកាត់ថា BPH អាចបណ្ដាលឲ្យមានអាការៈរំខានក្នុងការបត់ជើងតូចសំរាប់បុរស ។ បើមិនព្យាបាល វាអាចរារាំងលំហូរទឹកនោម ធ្វើឲ្យមានបញ្ហាតំរងនោម បំពង់ទឹកនោម និងប្លោកនោមជាដើម ។

ក្រពេញប្រ៉ូស្តេតស្ថិតនៅក្រោមប្លោកនោមតែម្ដង ។ បំពង់ទឹកនោម ដែលឲ្យទឹកនោមហូរចេញពីប្លោកនោមមកក្រៅតាមលិង្ក គឺឆ្លងកាត់តាមចំនុចកណ្ដាលនៃក្រពេញប្រ៉ូស្ដេតនេះ (សូមមើលរូប) ។ នៅពេលដែលក្រពេញនេះរីកធំ វាត្បៀតបំពង់ទឹកនោម ធ្វើឲ្យការបត់ជើងតូចរអាក់រអួល ។

បុរសភាគច្រើនមានបញ្ហារីកក្រពេញប្រ៉ូស្តេតនេះពេញមួយជីវិតតែម្ដង ។ គេនៅមិនទាន់រកឃើញមូលហេតុណាមួយឲ្យច្បាស់លាស់ ដែលបណ្ដាលឲ្យក្រពេញនេះរីកនៅឡើយ ។ ការបាត់បង់តុល្យភាពអ័រម៉ូន ភេទ នៅពេលដែលបុរសមានវ័យកាន់តែច្រើន អាចជាមូលហេតុមួយ ។ ពូជអាចជាមូលហេតុមួយដែរ ។ អ្នកដែលមានឪពុកឬបងប្អូនប្រុសមានបញ្ហាប្រ៉ូស្តេតនេះ អាចមានឱកាសកើតមានបញ្ហានេះខ្ពស់។

រោគសញ្ញានៃការរីកក្រពេញប្រ៉ូស្តេតនេះ អាចកាន់តែធ្ងន់ធ្ងរឡើង ។ រោគសញ្ញាទាំងនោះរួមមាន៖

  • បត់ជើងតូចញឹកញាប់ ឬត្រូវបត់ជើងតូចភ្លាមៗ
  • បត់ជើងតូចញឹកញាប់ពេលយប់
  • ពិបាកចាប់ផ្ដើមបត់ជើងតូច
  • លំហូរទឹកនោមខ្សោយ ឬរអាក់រអួល
  • ទឹកនោមស្រក់តក់ៗ នៅពេលបត់ជើងតូចជិតរួច
  • មិនអាចបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោម


វិធីព្យាបាល
ប្រសិនបើអាចទ្រាំបាន អ្នកអាចឃ្លាំមើល ថាតើរោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យុឺន ឬធូរស្រាល ។ ចំពោះបុរសមួយចំនួន អាការៈនេះអាចធូរស្បើយដោយឯកឯង ដោយមិនបាច់ព្យបាលឡើយ ។

ថ្នាំព្យាបាល - ភាគច្រើនគ្រូពេទ្យព្យាបាលក្រពេញរីកនេះ ដោយថ្នាំពេទ្យ ។

  • ថ្នាំ Alpha blockers - ថ្នាំនេះជួយសំរួលដល់ការបត់ជើងតូច ដោយវាធ្វើឲ្យសាច់ដុំនៅកប្លោកនោម និងសាច់ដុំក្រពេញប្រ៉ូស្តេតសំរាក ។ ចំពោះបុរសដែលក្រពេញទើបរីកបន្ដិច ពពួកថ្នាំនេះមានប្រសិទ្ធិភាពភ្លាមៗ ។ ពពួកថ្នាំនេះមានដូចជា Uroxatral, Cardura, Flomax, និង Rapaflo ។
  • ថ្នាំបង្រួញក្រពេញ - ជាប្រភេទថ្នាំធ្វើឲ្យក្រពេញប្រ៉ូស្តេតនេះរួញវិញ ដោយរារាំងមិនឲ្យមានការប្រែប្រួលអ័រម៉ូន ដែលបណ្ដាលឲ្យក្រពេញរីក ។ ពពួកថ្នាំនេះត្រូវការពេលប្រាំមួយខែទើបមានប្រសិទ្ធិភាព ។ ថ្នាំទាំងនេះមានដូចជា Proscar និង Avodart ។



  • ថ្នាំ Tadalafil - ថ្នាំនេះធម្មតាប្រើសំរាប់លិង្កងាប់ ប៉ុន្ដែគ្រូពេទ្យអាចចេញឲ្យប្រើសំរាប់ព្យាបាលការរីកក្រពេញនេះ ក្នុងស្ថានភាពមួយចំនួន ។
  • បើអាការៈរោគធ្ងន់ធ្ងរ ឬមិនអាចលេបថ្នាំជាប្រចាំបាន គ្រូពេទ្យអាចព្យាបាលការរីកក្រពេញនេះ ដោយការវះកាត់ទ្រង់ទ្រាយតូច ។

Thursday, June 15, 2017

ស្វែងយល់អំពីលីពីដ



នៅសហរដ្ឋអាមេរិក​​​​ ជំងឺបេះដូងជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ​។​​​ អ្នកវិទ្យាសាស្រ្ដបានសិក្សាមូលហេតុនានាដែលបណ្ដាលឲ្យកើតជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ដោយបានរកឃើញទំនាក់ទំនងរវាងជាតិលីពីដក្នុងឈាមនិងជំងឺបេះដូង ។

ពាក្យ លីពីដ គឺជាពាក្យវិទ្យាសាស្រ្ដ សំដៅចំពោះជាតិខ្លាញ់ទាំងឡាយ ។ជាតិកូឡេស្តេរ៉ូល និងទ្រីគ្លិស្តេរ៉ាយ គឺជាជាតិខ្លាញ់ពីរប្រភេទដែលមានក្នុងឈាម ។

មានជាតិខ្លាញ់ទាំងពីរប្រភេទនេះច្រើនក្នុងឈាមកាលណា គ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងនឹងកើនឡើង ។


ចំនុចសំខាន់ៗអំពីលីពីដ
ជាតិកូឡេស្ដេរ៉ូល៖ ជាតិខ្លាញ់នេះមានវត្ដមានក្នុងគ្រប់កោសិកាទាំងអស់នៃរាងកាយយើង ។ វាមានតួនាទីសំខាន់សំរាប់ឲ្យរាងកាយអនុវត្ដមុខងារមួយចំនួន រួមទាំងការបង្កើតកោសិកាថ្មី និងការរំលាយជាតិខ្លាញ់ ។

ថ្លើមជាអ្នកបង្កើតកូឡេស្ដេរ៉ូលទាំងអស់ដែលរាងកាយត្រូវការ ដូច្នេះយើងមិនចាំបាច់បរិភោគអាហារដែលមានកូឡេស្ដេរ៉ូលឡើយ ។ អាហារដែលមានជាតិខ្លាញ់និងកាល់ឡូរីច្រើន អាចបង្កឲ្យរាងកាយយើងបង្កើតកូឡេស្ដេរ៉ូលបន្ថែម ដែលជាលទ្ធផលនឹងបង្កើនកំរិតកូឡេស្ដេរ៉ូលក្នុងឈាមយើង ។

កូឡេស្ដេរ៉ូលភ្ជាប់ខ្លួននឹងជាតិប្រ៉ូតេអុីនមួយដើម្បីអាចឲ្យវាងាយស្រួលធ្វើបំលាស់ទីក្នុងរាងកាយ ។ សម្ព័ន្ធនេះគេហៅវាថា លីប៉ូប្រ៉ូតេអុីន ។ គ្រូពេទ្យពិនិត្យលីប៉ូប្រ៉ូតេអុីនពីរប្រភេទផ្សេងគ្នាគឺ ដង់សុីតេទាប និងដង់សុីតេខ្ពស់ ដើម្បីវាយតំលៃគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងរបស់បុគ្គលណាម្នាក់ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប ឬហៅកាត់ថា LDLs មានជាតិកូឡេស្ដេរ៉ូលភាគច្រើនក្នុងឈាមយើង ។ វានាំយកកូឡេស្តេរ៉ូលទៅកាន់ជាលិកានានានៃរាងកាយ រួមទាំងសរសៃឈាមផង ។ ជាតិកូឡេស្ដេរ៉ូលដែលមានក្នុង LDL ត្រូវបានគេរកឃើញថាជាអ្នកទទួលខុសត្រូវជាងគេក្នុងការបង្កឲ្យមានកំណពាសផ្ទៃខាងក្នុងនៃសរសៃឈាម ។ ដូច្នេះហើយទើបគេហៅវាថា កូឡេស្ដេរ៉ូលអាក្រក់ ។ កំរិត LDL ខ្ពស់ ធ្វើឲ្យគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងកាន់តែខ្ពស់ដែរ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់ ឬហៅកាត់ថា HDLs មានជាតិកូឡេស្ដេរ៉ូលដូច LDLs ដែរ ។ ប៉ុន្ដែ កូឡេស្តេរ៉ូលដែលមានក្នុង HDL មិនបង្កឲ្យមានកំណពាសសរសៃឈាមឡេីយ ។ ផ្ទុយទៅវិញ វាជាអ្នកប្រមូលកូឡេស្ដេរ៉ូលលេីស យកទៅចោល ពីរាងកាយយើងទៅវិញ ។ ដូច្នេះ គេហៅវាថា កូឡេស្ដេរ៉ូលល្អ ។ កំរិត HDL ខ្ពស់ជួយការពារកុំឲ្យកេីតជំងឺបេះដូង ។

ទ្រីគ្លិស្តេរ៉ាយ៖ ទ្រីគ្លិស្ដេរ៉ាយគឺជាពាក្យបច្ចេកទេសសំរាប់ខ្លាញ់ ។ ខ្លាញ់គឺជាប្រភពសំខាន់នៃថាមពល ហើយវាផ្ដល់ជីវជាតិចាំបាច់ដល់សុខភាព។ ទ្រីគ្លិស្ដេរ៉ាយខ្លះបានមកពីខ្លាញ់ដែលយើងបរិភោគផ្ទាល់ ។ រាងកាយយើងក៏ផល្លិតជាតិទ្រីគ្លិស្ដេរ៉ាយផងដែរ នៅពេលយើងបរិភោគលើសចំនួនកាល់ឡូរីដែលយើងត្រូវការ ដូចជាសាច់និងភេសជ្ជៈស្រវឹង ។ លីប៉ូប្រ៉ូតេអុីនដែលដឹកជញ្ជូនកូឡេស្ដេរ៉ូល ក៏ដឹកជញ្ជូនទ្រីគ្លិស្ដេរ៉ាយទៅកាន់ទីដែលរាងកាយត្រូវការផងដែរ ។ ទ្រីគ្លិស្ដេរ៉ាយខ្ពស់អាចធ្វើឲ្យគ្រោះថ្នាក់កើតជំងឺបេះដូងខ្ពស់ដែរ ។


លីពីដ និងគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូង
ជាតិកូឡេស្ដេរ៉ូលក្នុងឈាមជាកត្ដាចម្បងមួយដែលយើងអាចគ្រប់គ្រងបានទាក់ទងនឹងជំងឺបេះដូង ប៉ុន្ដែសំខាន់ត្រូវចាំថា ឱកាសកើតជំងឺបេះដូងផ្អែកលេីកត្តាមួយចំនួន ។ គ្រូពេទ្យនឹងពិនិត្យកំរិតកូឡេស្ដេរ៉ូលក្នុងឈាម ទ្រីគ្លិស្ដេរ៉ាយ សំពាធឈាម ប្រវត្ដិគ្រួសារធ្លាប់មានជំងឺបេះដូងឬទេ តេីអ្នកមានជំងឺទឹកនោមផ្អែមឬទេ តេីអ្នកលេីសទំងន់ឬទេ តើអ្នកហាត់ប្រាណគ្រប់គ្រាន់ឬទេ ឬមានជក់បារីឬអត់ ។


វាស់ស្ទង់កំរិតលីពីដក្នុងឈាម
គ្រូពេទ្យពិនិត្យឈាមដើម្បីវាស់កូឡេស្ដេរ៉ូលសរុប កូឡេស្ដេរ៉ូល-LDL កូឡេស្ដេរ៉ូល-HDL និងទ្រីគ្លិស្ដេរ៉ាយ ។ ដើម្បីបានលទ្ធផលត្រឹមត្រូវ៖
អ្នកត្រូវអត់អាហាររយៈពេល ១២ម៉ោង មុន ។ អ្នកអាចទទួលទានទឹក និងថ្នាំតាមធម្មតា ។
តមជាតិស្រវឹងពីរបីថ្ងៃមុន ។
ជៀសវាងហាត់ប្រាណខ្លាំងពីរបីម៉ោងមុន ព្រោះលំហាត់ប្រាណបង្កើនកំរិតកូឡេស្ដរ៉ូលក្នុងឈាម ។
ជំរាបគ្រូពេទ្យឲ្យដឹងបើអ្នកមានផ្ទៃពោះ ធ្លាប់គាំងបេះដូង ទទួលការវះកាត់ក្នុងពេលថ្មីៗ ឬមានរោគឆ្លងឬហើម ។ អាការៈទាំងនេះប៉ះពាល់ដល់កំរិតលីពីដក្នុងឈាមអ្នក ។

បើមិនបានតមអាហារមុន នោះគ្រូពេទ្យនឹងវាស់កូឡេស្ដេរ៉ូលសរុប និង HDL ដើម្បីស្ទង់មើលកំរិតជាតិខ្លាញ់ក្នុងឈាមអ្នក ។ លទ្ធផលនោះអាចកំណត់ថាតើត្រូវពិនិត្យមើលបន្ថែមទៀតឬយ៉ាងណា ។

គ្រូពេទ្យយកលទ្ធផលឈាម ព្រមទាំងប្រវត្ដិសុខភាពអ្នក ដើម្បីបង្កើតជាគំរោងព្យាបាលមួយឲ្យអ្នក ។

តួលេខកំរិតលីពីដក្នុងឈាមសំរាប់មនុស្សពេញវ័យ ១៨ឆ្នាំឡើង

កូឡេស្ដេរ៉ូល LDL
<100 mg/dl         សុក្រិត្យ
100 - 129 mg/dl  ល្អ
130 - 159 mg/dl  ខ្ពស់បន្ដិច
160 - 189 mg/dl  ខ្ពស់
>190 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូល HDL

<40 mg/dl           ទាប
>60 mg/dl           ខ្ពស់

ទ្រីគ្លិស្ដេរ៉ាយ
<150 mg/dl         ល្អ
150 - 199 mg/dl  ខ្ពស់បន្ដិច
200 - 499 mg/dl  ខ្ពស់
>500 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូលសរុប
<200 mg/dl          ល្អ
200 - 239 mg/dl   ខ្ពស់បន្ដិច
>240 mg/dl          ខ្ពស់
អ្នកជំនាញបង្ហាញវិធីមួយចំនួនក្នុងការគ្រប់គ្រងកំរិតជាតិខ្លាញ់ក្នុងឈាម។ ជាបឋមគឺត្រូវផ្លាស់ប្ដូររបៀបរស់នៅ គឺអាហារ និងការហាត់ប្រាណ។ គ្រូពេទ្យអាចចេញថ្នាំ ដើម្បីបន្ថយជាតិខ្លាញ់ ។ ខាងក្រោមនេះ គឺជំរើសដែលអាចពិភាក្សាបានជាមួយគ្រូពេទ្យអ្នក ។
បរិភោគអាហារដែលជួយដល់សុខភាព
អាហារដែលមានជាតិខ្លាញ់ទាប ហើយមានជាតិសរសៃខ្ពស់ អាចជួយបន្ថយជាតិលីពីដបាន ។ ឧទាហរណ៍ ការបន្ថយខ្លាញ់ដែលយើងបរិភោគ អាចជួយបន្ថយកូឡេស្ដេរ៉ូលក្នុងឈាម សំរាប់មនុស្សភាគច្រើន ។ ហើយវាអាចជួយបន្ថយកាល់ឡូរីដែលយើងបរិភោគផងដែរ ដែលនេះជាជំហ៊ានដំបូងក្នុងការសំរកទំងន់ ។
សំរក ឬរក្សាទំងន់កុំឲ្យកើន
ការឡើងទំងន់មិនចាំបាច់អាចធ្វើឲ្យជាតិលីពីដក្នុងឈាមកើនឡើង ។ បរិភោគអាហារដែលមានកាល់ឡូរីទាប កុំឲ្យឡើងទំងន់ ឬឲ្យទំងន់ស្រក។ ចំពោះអ្នកធាត់ ការស្រកទំងន់បួនប្រាំគីឡូ អាចជួយឲ្យជាតិខ្លាញ់ក្នុងឈាមស្រកបាន ។
ធ្វើសកម្មភាព
ធ្វើចលនាឬហាត់ប្រាណជាប្រចាំ គឺជាការចាំបាច់ក្នុងកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង ។ ចំពោះអ្នកមិនដែលហាត់ប្រាណសោះ គ្រាន់តែចាប់ហាត់បន្ដិចបន្ដួចក៏អាចមានប្រយោជន៍ដល់សុខភាពច្រើនដែរ ។
លេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា
អ្នកខ្លះទាល់តែថ្នាំទើបអាចជួយបន្ថយជាតិលីពីដក្នុងឈាមបាន ។ មានថ្នាំច្រើនប្រភេទ ។ គ្រូពេទ្យនឹងពិគ្រោះនឹងអ្នក អំពីថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបន្ថយជាតិលីពីដក្នុងឈាមអ្នក ។

Tuesday, May 16, 2017

រេីម



រេីមជារោគម្យ៉ាងបង្កឡេីងដោយវីរុស ។ រោគនេះបណ្ដាលឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ រេីមអាចកេីតគ្រប់ទីលេីរាងកាយ ប៉ុន្ដែភាគច្រេីនវាចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួនយេីង។ មេរោគរេីម និងមេរោគអុតមាន់ គឺជាមេរោគតែមួយ ។ បេីនរណាម្នាក់ធ្លាប់កេីតអុតមាន់ នោះអ្នកនោះមានមេរោគរេីមក្នុងខ្លួចទៅហេីយ នៅតាមជាលិកាខួរឆ្អឹងខ្នងនិងខួរក្បាល គ្រាន់តែមេរោគនោះវាសម្ងំមិនធ្វេីទុក្ខ ។ ជាច្រេីនឆ្នាំក្រោយមក ទើបវាកើតចេញជាេរីម ។ រើមមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ តែវាធ្វើឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ វ៉ាក់សាំងអាចជួយបង្ការរោគនេះបានមួយកម្រិត ។ ការព្យាបាលទាន់ពេល អាចឲ្យយើងឆាប់ជាសះស្បើយ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយមេរោគនេះ ។

រោគសញ្ញា
រោគសញ្ញារេីមលេចចេញមកតែលើតំបន់តូចមួយនៃផ្នែកម្ខាងនៃខ្លួនប៉ុណ្ណោះ ។ រោគសញ្ញាទាំងនោះរួមមាន៖

  • ឈឺចាប់ ផ្សា ស្ពឹក ឈៀប
  • ប៉ះមិនបាន
  • ពីបីថ្ងៃក្រោយមក ចេញគ្រាប់ក្រហមៗ
  • គ្រាប់ក្រហមៗទាំងនោះក្លាយជាពងបែក ហេីយក្រៀមបន្ទាប់ពីបែក
  • រមាស់


អ្នកខ្លះអាច៖

  • គ្រុនក្ដៅ
  • ឈឺក្បាល
  • ចាញ់ពន្លឺ
  • ហេវហត់


ក្នុងចំណោមរោគសញ្ញាដូចរៀបរាប់ខាងលើ ការឈឺចាប់គឺជារោគសញ្ញាដំបូងគេ ។ ចំពោះអ្នកខ្លះ ការឈឺចាប់គឺខ្លាំងក្លាទ្រាំមិនចង់បាន ។ ការឈឺចាប់នេះ អាចឲ្យអ្នកជំងឺមានអារម្មណ៍ដូចចេញពីបេះដូង តំរងនោម ឬសួត ។ អ្នកជំងឺរេីមមួយចំនួនគ្រាន់តែមានការឈឺចាប់នេះប៉ុណ្ណោះ មិនមានចេញគ្រាប់ក្រហមៗ ឬពងបែកឡើយ ។ ជាទូទៅ រេីមចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួន ។ ជួនកាលរើមអាចចេញជុំវិញភ្នែកម្ខាង លើមុខម្ខាង ឬម្ខាងនៃក ។

អ្នកជំងឺត្រូវទៅពេទ្យជាបន្ទាន់បើរេីមចេញជុំវិញភ្នែក ឬលើមុខ បេីមិនដូច្នោះវាអាចប៉ះពាល់ដល់ភ្នែកអស់មួយជីវិត ។ បេីអ្នកជំងឺរើមមានអាយុ ៧០ ឡេីង ក៏ត្រូវទៅឲ្យពេទ្យព្យាបាលដែរ ព្រោះអ្នកជំងឺដែលមានអាយុកាន់តែច្រើន មានគ្រោះថ្នាក់កាន់តែខ្លាំង ។ ចូររួសរាន់ទៅពេទ្យបេីរើមចេញរាលដាល ហើយការឈឺចាប់ទ្រាំមិនបាន ។ 

តើរើមឆ្លងឬទេ?
រើមអាចឆ្លងទៅអ្នកដែលមិនដែលកើតអុត តាមរយៈការប៉ះពាល់តំបន់ដែលរើមចេញ ។ អ្នកដែលទទួលមេរោគរើមមិនកើតរើមទេ តែនឹងកើតអុត ។ អ្នកកើតរើមគួរជៀសវាងនៅក្បែរអ្នកដែលមានសុខភាពខ្សោយ ស្រ្ដីមានផ្ទៃពោះ ឬទារក ។ 

កត្តាគ្រោះថ្នាក់
អ្នកដែលធ្លាប់កើតអុត អាចនឹងកើតរើមនៅថ្ងៃណាមួយ ។ កត្ដាមួយចំនួនដែលបង្កើនឳកាសកើតរើមមានដូចជា៖

  • អាយុ៥០ឡើង ។ រើមច្រើនកើតចំពោះអ្នកដែលមានអាយុ ៥០ ឡើង ។ អាយុកាន់តែច្រើន ឳកាសកើតរើមកាន់តែខ្ពស់ ។
  • អ្នកដែលមានជំងឺមួយចំនួន ដូចជាអេដស៍ និងជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់រាងកាយចុះខ្សាយ ធ្វើឲ្យងាយកើតរើម ។
  • អ្នកដែលប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំសំរាប់ធ្វើឲ្យរាងកាយទទួលយកសរីរាង្គណាមួយពីអ្នកដទៃ ធ្វើឲ្យឳកាសកើតរើមកាន់តែខ្ពស់។


ផលវិបាកក្រោយកើតរើម

  • ចំពោះអ្នកខ្លះ ការឈឺចាប់បន្ដមាន ក្រោយជាសះស្បើយពីរើមហើយ ពីព្រោះរើមបានធ្វើឲ្យខូចសរសៃប្រសាទ ធ្វើឲ្យវាបញ្ជូនសារទៅខួរក្បាលថាឈឺចាប់ ។
  • អ្នកដែលកើតរើមនៅលើមុខ ឬជំវិញភ្នែល អាចប៉ះពាល់ដល់ភ្នែក ធ្វើឲ្យស្រវាំងឬខ្វាក់ ។ 

បើមិនបានព្យាបាលត្រឹមត្រូវ រើមអាចបណ្ដាលឲ្យដំបៅស្បែកដោយមកពីបាក់តេរី ។