Wednesday, August 9, 2017

ទល់លាមក


មូលហេតុ៖
ជាទូទៅរោគទល់លាមកជាលទ្ធផលនៃការធ្វេីចលនាតិចតួចពេក ខ្វះជាតិទឹក ខ្វះជាតិសរសៃ និងវ័យកាន់តែចាស់ ។

សញ្ញា៖
បត់ជេីងធំតិចជាងបីដងក្នុងមួយសប្ដាហ៍
លាមករឹង ស្ងួត និងពិបាកបញ្ចេញមកក្រៅ
ឈឺចាប់ពេលបត់ជេីងធំ

វិធីព្យាបាល៖
ការទល់លាមកអាចធ្វេីឲ្យអ្នកពិបាកក្នុងខ្លួន ប៉ុន្ដែជាធម្មតាវាមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡេីយ ។ គ្រាន់តែផ្លាស់ប្ដូរបន្ដិចបន្តួចក្នុងការហូរចុក និងសកម្មភាពប្រចាំថ្ងៃ ក៏អាចធូរស្រាលបានដែរ ។


  • បរិភោគអារហារដែលមានជាតិសរសៃច្រេីន ។ អារហារប្រភេទនេះធ្វេីឲ្យលាមកទន់និងហាប់ ។ អារហារទាំងនេះមានដូចជា៖ សណ្ដែក អង្ករសំរូប ផ្លែឈេីស្រស់ និងបន្លែជាដេីម ។



  • ចៀសវាងខ្វះជាតិទឹក ។ បរិភោគទឹក និងអារហារដែលមានជាតិទឹកច្រេីន ធ្វេីឲ្យលាមកទន់ ងាយស្រួលបត់ជេីង ។



  • ធ្វេីចលនា ។ ការធ្វេីចលនាជាប្រចាំ ជួយឲ្យការបត់ជេីងប្រព្រឹត្តិទៅដោយប្រក្រតី ។



  • កុំបង្ខំពេលបត់ជេីងធំ ហេីយក៏កុំទប់វាយូរ ។ បង្កេីតជាទំលាប់ទៀងទាត់ក្នុងការបត់ជេីង ។ បេីត្រូវបត់ជេីង កុំទុកវា ត្រូវចូលបង្គន់ ហេីយត្រូវមានពេលគ្រប់គ្រាន់ក្នុងការបត់ជេីង ។



  • បេីមានលេបថ្នាំ គួរដឹងថា ថ្នាំមួយចំនួនធ្វេីឲ្យទល់លាមក ។ សួរពេទ្យអំពីឥទ្ធិពលនៃថ្នាំដែលអ្នកត្រូវលេប ។


ថ្នាំព្យាបាល៖
ប្រភេទថ្នាំ Laxatives អាចសំរួលឬការពារកុំឲ្យទល់លាមក ។ ថ្នាំនេះមិនអាចឲ្យក្មេងប្រេីឡេីយ លុះណាតែមានវេជ្ជបញ្ជា ។

ថ្នាំជំនួយសារធាតុសរសៃ៖ ថ្នាំនេះធ្វេីឲ្យលាមកធូរ ហេីយមានដូចជា FiberCon, Metamucil, Citrucel ។ល។ ពេលលេបថ្នាំទាំងនេះ ត្រូវផឹកទឹកឲ្យច្រេីន ។
អូស្មូទិក៖ ផលិតផលមួយចំនួន ដូចជា ទឹកដោះគោម៉ាញ៉េស្យូម ម៉ាញ៉េស្យូមសុីត្រាត និងប៉ូលីអេធីលីនគ្លីកុល (Miralax) ជួយឲ្យជាតិទឹកធ្វេីចលនាតាមពោះវៀនធំ ។
ថ្នាំបន្ទន់លាមក៖ ថ្នាំប្រភេទនេះបន្ទន់លាមក ដោយទាញយកជាតិទឹកពីពោះវៀន ។ ថ្នាំទាំងនេះមានដូចជា Colace, Surfak, ជាដេីម ។

Tuesday, June 27, 2017

សុខភាពបុរស - រីកក្រពេញប្រ៉ូស្តេត



ក្រពេញប្រ៉ូស្តេតរីក ឬពាក្យបច្ចេកទ្ទេសហៅកាត់ថា BPH អាចបណ្ដាលឲ្យមានអាការៈរំខានក្នុងការបត់ជើងតូចសំរាប់បុរស ។ បើមិនព្យាបាល វាអាចរារាំងលំហូរទឹកនោម ធ្វើឲ្យមានបញ្ហាតំរងនោម បំពង់ទឹកនោម និងប្លោកនោមជាដើម ។

ក្រពេញប្រ៉ូស្តេតស្ថិតនៅក្រោមប្លោកនោមតែម្ដង ។ បំពង់ទឹកនោម ដែលឲ្យទឹកនោមហូរចេញពីប្លោកនោមមកក្រៅតាមលិង្ក គឺឆ្លងកាត់តាមចំនុចកណ្ដាលនៃក្រពេញប្រ៉ូស្ដេតនេះ (សូមមើលរូប) ។ នៅពេលដែលក្រពេញនេះរីកធំ វាត្បៀតបំពង់ទឹកនោម ធ្វើឲ្យការបត់ជើងតូចរអាក់រអួល ។

បុរសភាគច្រើនមានបញ្ហារីកក្រពេញប្រ៉ូស្តេតនេះពេញមួយជីវិតតែម្ដង ។ គេនៅមិនទាន់រកឃើញមូលហេតុណាមួយឲ្យច្បាស់លាស់ ដែលបណ្ដាលឲ្យក្រពេញនេះរីកនៅឡើយ ។ ការបាត់បង់តុល្យភាពអ័រម៉ូន ភេទ នៅពេលដែលបុរសមានវ័យកាន់តែច្រើន អាចជាមូលហេតុមួយ ។ ពូជអាចជាមូលហេតុមួយដែរ ។ អ្នកដែលមានឪពុកឬបងប្អូនប្រុសមានបញ្ហាប្រ៉ូស្តេតនេះ អាចមានឱកាសកើតមានបញ្ហានេះខ្ពស់។

រោគសញ្ញានៃការរីកក្រពេញប្រ៉ូស្តេតនេះ អាចកាន់តែធ្ងន់ធ្ងរឡើង ។ រោគសញ្ញាទាំងនោះរួមមាន៖

  • បត់ជើងតូចញឹកញាប់ ឬត្រូវបត់ជើងតូចភ្លាមៗ
  • បត់ជើងតូចញឹកញាប់ពេលយប់
  • ពិបាកចាប់ផ្ដើមបត់ជើងតូច
  • លំហូរទឹកនោមខ្សោយ ឬរអាក់រអួល
  • ទឹកនោមស្រក់តក់ៗ នៅពេលបត់ជើងតូចជិតរួច
  • មិនអាចបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោម


វិធីព្យាបាល
ប្រសិនបើអាចទ្រាំបាន អ្នកអាចឃ្លាំមើល ថាតើរោគសញ្ញារបស់អ្នកកាន់តែយ៉ាប់យុឺន ឬធូរស្រាល ។ ចំពោះបុរសមួយចំនួន អាការៈនេះអាចធូរស្បើយដោយឯកឯង ដោយមិនបាច់ព្យបាលឡើយ ។

ថ្នាំព្យាបាល - ភាគច្រើនគ្រូពេទ្យព្យាបាលក្រពេញរីកនេះ ដោយថ្នាំពេទ្យ ។

  • ថ្នាំ Alpha blockers - ថ្នាំនេះជួយសំរួលដល់ការបត់ជើងតូច ដោយវាធ្វើឲ្យសាច់ដុំនៅកប្លោកនោម និងសាច់ដុំក្រពេញប្រ៉ូស្តេតសំរាក ។ ចំពោះបុរសដែលក្រពេញទើបរីកបន្ដិច ពពួកថ្នាំនេះមានប្រសិទ្ធិភាពភ្លាមៗ ។ ពពួកថ្នាំនេះមានដូចជា Uroxatral, Cardura, Flomax, និង Rapaflo ។
  • ថ្នាំបង្រួញក្រពេញ - ជាប្រភេទថ្នាំធ្វើឲ្យក្រពេញប្រ៉ូស្តេតនេះរួញវិញ ដោយរារាំងមិនឲ្យមានការប្រែប្រួលអ័រម៉ូន ដែលបណ្ដាលឲ្យក្រពេញរីក ។ ពពួកថ្នាំនេះត្រូវការពេលប្រាំមួយខែទើបមានប្រសិទ្ធិភាព ។ ថ្នាំទាំងនេះមានដូចជា Proscar និង Avodart ។



  • ថ្នាំ Tadalafil - ថ្នាំនេះធម្មតាប្រើសំរាប់លិង្កងាប់ ប៉ុន្ដែគ្រូពេទ្យអាចចេញឲ្យប្រើសំរាប់ព្យាបាលការរីកក្រពេញនេះ ក្នុងស្ថានភាពមួយចំនួន ។
  • បើអាការៈរោគធ្ងន់ធ្ងរ ឬមិនអាចលេបថ្នាំជាប្រចាំបាន គ្រូពេទ្យអាចព្យាបាលការរីកក្រពេញនេះ ដោយការវះកាត់ទ្រង់ទ្រាយតូច ។

Thursday, June 15, 2017

ស្វែងយល់អំពីលីពីដ



នៅសហរដ្ឋអាមេរិក​​​​ ជំងឺបេះដូងជាមូលហេតុចំបងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ​។​​​ អ្នកវិទ្យាសាស្រ្ដបានសិក្សាមូលហេតុនានាដែលបណ្ដាលឲ្យកើតជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ដោយបានរកឃើញទំនាក់ទំនងរវាងជាតិលីពីដក្នុងឈាមនិងជំងឺបេះដូង ។

ពាក្យ លីពីដ គឺជាពាក្យវិទ្យាសាស្រ្ដ សំដៅចំពោះជាតិខ្លាញ់ទាំងឡាយ ។ជាតិកូឡេស្តេរ៉ូល និងទ្រីគ្លិស្តេរ៉ាយ គឺជាជាតិខ្លាញ់ពីរប្រភេទដែលមានក្នុងឈាម ។

មានជាតិខ្លាញ់ទាំងពីរប្រភេទនេះច្រើនក្នុងឈាមកាលណា គ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងនឹងកើនឡើង ។


ចំនុចសំខាន់ៗអំពីលីពីដ
ជាតិកូឡេស្ដេរ៉ូល៖ ជាតិខ្លាញ់នេះមានវត្ដមានក្នុងគ្រប់កោសិកាទាំងអស់នៃរាងកាយយើង ។ វាមានតួនាទីសំខាន់សំរាប់ឲ្យរាងកាយអនុវត្ដមុខងារមួយចំនួន រួមទាំងការបង្កើតកោសិកាថ្មី និងការរំលាយជាតិខ្លាញ់ ។

ថ្លើមជាអ្នកបង្កើតកូឡេស្ដេរ៉ូលទាំងអស់ដែលរាងកាយត្រូវការ ដូច្នេះយើងមិនចាំបាច់បរិភោគអាហារដែលមានកូឡេស្ដេរ៉ូលឡើយ ។ អាហារដែលមានជាតិខ្លាញ់និងកាល់ឡូរីច្រើន អាចបង្កឲ្យរាងកាយយើងបង្កើតកូឡេស្ដេរ៉ូលបន្ថែម ដែលជាលទ្ធផលនឹងបង្កើនកំរិតកូឡេស្ដេរ៉ូលក្នុងឈាមយើង ។

កូឡេស្ដេរ៉ូលភ្ជាប់ខ្លួននឹងជាតិប្រ៉ូតេអុីនមួយដើម្បីអាចឲ្យវាងាយស្រួលធ្វើបំលាស់ទីក្នុងរាងកាយ ។ សម្ព័ន្ធនេះគេហៅវាថា លីប៉ូប្រ៉ូតេអុីន ។ គ្រូពេទ្យពិនិត្យលីប៉ូប្រ៉ូតេអុីនពីរប្រភេទផ្សេងគ្នាគឺ ដង់សុីតេទាប និងដង់សុីតេខ្ពស់ ដើម្បីវាយតំលៃគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងរបស់បុគ្គលណាម្នាក់ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេទាប ឬហៅកាត់ថា LDLs មានជាតិកូឡេស្ដេរ៉ូលភាគច្រើនក្នុងឈាមយើង ។ វានាំយកកូឡេស្តេរ៉ូលទៅកាន់ជាលិកានានានៃរាងកាយ រួមទាំងសរសៃឈាមផង ។ ជាតិកូឡេស្ដេរ៉ូលដែលមានក្នុង LDL ត្រូវបានគេរកឃើញថាជាអ្នកទទួលខុសត្រូវជាងគេក្នុងការបង្កឲ្យមានកំណពាសផ្ទៃខាងក្នុងនៃសរសៃឈាម ។ ដូច្នេះហើយទើបគេហៅវាថា កូឡេស្ដេរ៉ូលអាក្រក់ ។ កំរិត LDL ខ្ពស់ ធ្វើឲ្យគ្រោះថ្នាក់ក្នុងការកើតជំងឺបេះដូងកាន់តែខ្ពស់ដែរ ។

លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់៖ លីប៉ូប្រ៉ូតេអុីនដង់សុីតេខ្ពស់ ឬហៅកាត់ថា HDLs មានជាតិកូឡេស្ដេរ៉ូលដូច LDLs ដែរ ។ ប៉ុន្ដែ កូឡេស្តេរ៉ូលដែលមានក្នុង HDL មិនបង្កឲ្យមានកំណពាសសរសៃឈាមឡេីយ ។ ផ្ទុយទៅវិញ វាជាអ្នកប្រមូលកូឡេស្ដេរ៉ូលលេីស យកទៅចោល ពីរាងកាយយើងទៅវិញ ។ ដូច្នេះ គេហៅវាថា កូឡេស្ដេរ៉ូលល្អ ។ កំរិត HDL ខ្ពស់ជួយការពារកុំឲ្យកេីតជំងឺបេះដូង ។

ទ្រីគ្លិស្តេរ៉ាយ៖ ទ្រីគ្លិស្ដេរ៉ាយគឺជាពាក្យបច្ចេកទេសសំរាប់ខ្លាញ់ ។ ខ្លាញ់គឺជាប្រភពសំខាន់នៃថាមពល ហើយវាផ្ដល់ជីវជាតិចាំបាច់ដល់សុខភាព។ ទ្រីគ្លិស្ដេរ៉ាយខ្លះបានមកពីខ្លាញ់ដែលយើងបរិភោគផ្ទាល់ ។ រាងកាយយើងក៏ផល្លិតជាតិទ្រីគ្លិស្ដេរ៉ាយផងដែរ នៅពេលយើងបរិភោគលើសចំនួនកាល់ឡូរីដែលយើងត្រូវការ ដូចជាសាច់និងភេសជ្ជៈស្រវឹង ។ លីប៉ូប្រ៉ូតេអុីនដែលដឹកជញ្ជូនកូឡេស្ដេរ៉ូល ក៏ដឹកជញ្ជូនទ្រីគ្លិស្ដេរ៉ាយទៅកាន់ទីដែលរាងកាយត្រូវការផងដែរ ។ ទ្រីគ្លិស្ដេរ៉ាយខ្ពស់អាចធ្វើឲ្យគ្រោះថ្នាក់កើតជំងឺបេះដូងខ្ពស់ដែរ ។


លីពីដ និងគ្រោះថ្នាក់នៃជំងឺសរសៃឈាមបេះដូង
ជាតិកូឡេស្ដេរ៉ូលក្នុងឈាមជាកត្ដាចម្បងមួយដែលយើងអាចគ្រប់គ្រងបានទាក់ទងនឹងជំងឺបេះដូង ប៉ុន្ដែសំខាន់ត្រូវចាំថា ឱកាសកើតជំងឺបេះដូងផ្អែកលេីកត្តាមួយចំនួន ។ គ្រូពេទ្យនឹងពិនិត្យកំរិតកូឡេស្ដេរ៉ូលក្នុងឈាម ទ្រីគ្លិស្ដេរ៉ាយ សំពាធឈាម ប្រវត្ដិគ្រួសារធ្លាប់មានជំងឺបេះដូងឬទេ តេីអ្នកមានជំងឺទឹកនោមផ្អែមឬទេ តេីអ្នកលេីសទំងន់ឬទេ តើអ្នកហាត់ប្រាណគ្រប់គ្រាន់ឬទេ ឬមានជក់បារីឬអត់ ។


វាស់ស្ទង់កំរិតលីពីដក្នុងឈាម
គ្រូពេទ្យពិនិត្យឈាមដើម្បីវាស់កូឡេស្ដេរ៉ូលសរុប កូឡេស្ដេរ៉ូល-LDL កូឡេស្ដេរ៉ូល-HDL និងទ្រីគ្លិស្ដេរ៉ាយ ។ ដើម្បីបានលទ្ធផលត្រឹមត្រូវ៖
អ្នកត្រូវអត់អាហាររយៈពេល ១២ម៉ោង មុន ។ អ្នកអាចទទួលទានទឹក និងថ្នាំតាមធម្មតា ។
តមជាតិស្រវឹងពីរបីថ្ងៃមុន ។
ជៀសវាងហាត់ប្រាណខ្លាំងពីរបីម៉ោងមុន ព្រោះលំហាត់ប្រាណបង្កើនកំរិតកូឡេស្ដរ៉ូលក្នុងឈាម ។
ជំរាបគ្រូពេទ្យឲ្យដឹងបើអ្នកមានផ្ទៃពោះ ធ្លាប់គាំងបេះដូង ទទួលការវះកាត់ក្នុងពេលថ្មីៗ ឬមានរោគឆ្លងឬហើម ។ អាការៈទាំងនេះប៉ះពាល់ដល់កំរិតលីពីដក្នុងឈាមអ្នក ។

បើមិនបានតមអាហារមុន នោះគ្រូពេទ្យនឹងវាស់កូឡេស្ដេរ៉ូលសរុប និង HDL ដើម្បីស្ទង់មើលកំរិតជាតិខ្លាញ់ក្នុងឈាមអ្នក ។ លទ្ធផលនោះអាចកំណត់ថាតើត្រូវពិនិត្យមើលបន្ថែមទៀតឬយ៉ាងណា ។

គ្រូពេទ្យយកលទ្ធផលឈាម ព្រមទាំងប្រវត្ដិសុខភាពអ្នក ដើម្បីបង្កើតជាគំរោងព្យាបាលមួយឲ្យអ្នក ។

តួលេខកំរិតលីពីដក្នុងឈាមសំរាប់មនុស្សពេញវ័យ ១៨ឆ្នាំឡើង

កូឡេស្ដេរ៉ូល LDL
<100 mg/dl         សុក្រិត្យ
100 - 129 mg/dl  ល្អ
130 - 159 mg/dl  ខ្ពស់បន្ដិច
160 - 189 mg/dl  ខ្ពស់
>190 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូល HDL

<40 mg/dl           ទាប
>60 mg/dl           ខ្ពស់

ទ្រីគ្លិស្ដេរ៉ាយ
<150 mg/dl         ល្អ
150 - 199 mg/dl  ខ្ពស់បន្ដិច
200 - 499 mg/dl  ខ្ពស់
>500 mg/dl         ខ្ពស់ជ្រុល

កូឡេស្ដេរ៉ូលសរុប
<200 mg/dl          ល្អ
200 - 239 mg/dl   ខ្ពស់បន្ដិច
>240 mg/dl          ខ្ពស់
អ្នកជំនាញបង្ហាញវិធីមួយចំនួនក្នុងការគ្រប់គ្រងកំរិតជាតិខ្លាញ់ក្នុងឈាម។ ជាបឋមគឺត្រូវផ្លាស់ប្ដូររបៀបរស់នៅ គឺអាហារ និងការហាត់ប្រាណ។ គ្រូពេទ្យអាចចេញថ្នាំ ដើម្បីបន្ថយជាតិខ្លាញ់ ។ ខាងក្រោមនេះ គឺជំរើសដែលអាចពិភាក្សាបានជាមួយគ្រូពេទ្យអ្នក ។
បរិភោគអាហារដែលជួយដល់សុខភាព
អាហារដែលមានជាតិខ្លាញ់ទាប ហើយមានជាតិសរសៃខ្ពស់ អាចជួយបន្ថយជាតិលីពីដបាន ។ ឧទាហរណ៍ ការបន្ថយខ្លាញ់ដែលយើងបរិភោគ អាចជួយបន្ថយកូឡេស្ដេរ៉ូលក្នុងឈាម សំរាប់មនុស្សភាគច្រើន ។ ហើយវាអាចជួយបន្ថយកាល់ឡូរីដែលយើងបរិភោគផងដែរ ដែលនេះជាជំហ៊ានដំបូងក្នុងការសំរកទំងន់ ។
សំរក ឬរក្សាទំងន់កុំឲ្យកើន
ការឡើងទំងន់មិនចាំបាច់អាចធ្វើឲ្យជាតិលីពីដក្នុងឈាមកើនឡើង ។ បរិភោគអាហារដែលមានកាល់ឡូរីទាប កុំឲ្យឡើងទំងន់ ឬឲ្យទំងន់ស្រក។ ចំពោះអ្នកធាត់ ការស្រកទំងន់បួនប្រាំគីឡូ អាចជួយឲ្យជាតិខ្លាញ់ក្នុងឈាមស្រកបាន ។
ធ្វើសកម្មភាព
ធ្វើចលនាឬហាត់ប្រាណជាប្រចាំ គឺជាការចាំបាច់ក្នុងកាត់បន្ថយគ្រោះថ្នាក់កើតជំងឺបេះដូង ។ ចំពោះអ្នកមិនដែលហាត់ប្រាណសោះ គ្រាន់តែចាប់ហាត់បន្ដិចបន្ដួចក៏អាចមានប្រយោជន៍ដល់សុខភាពច្រើនដែរ ។
លេបថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា
អ្នកខ្លះទាល់តែថ្នាំទើបអាចជួយបន្ថយជាតិលីពីដក្នុងឈាមបាន ។ មានថ្នាំច្រើនប្រភេទ ។ គ្រូពេទ្យនឹងពិគ្រោះនឹងអ្នក អំពីថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការបន្ថយជាតិលីពីដក្នុងឈាមអ្នក ។

Tuesday, May 16, 2017

រេីម



រេីមជារោគម្យ៉ាងបង្កឡេីងដោយវីរុស ។ រោគនេះបណ្ដាលឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ រេីមអាចកេីតគ្រប់ទីលេីរាងកាយ ប៉ុន្ដែភាគច្រេីនវាចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួនយេីង។ មេរោគរេីម និងមេរោគអុតមាន់ គឺជាមេរោគតែមួយ ។ បេីនរណាម្នាក់ធ្លាប់កេីតអុតមាន់ នោះអ្នកនោះមានមេរោគរេីមក្នុងខ្លួចទៅហេីយ នៅតាមជាលិកាខួរឆ្អឹងខ្នងនិងខួរក្បាល គ្រាន់តែមេរោគនោះវាសម្ងំមិនធ្វេីទុក្ខ ។ ជាច្រេីនឆ្នាំក្រោយមក ទើបវាកើតចេញជាេរីម ។ រើមមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ តែវាធ្វើឲ្យអ្នកជំងឺឈឺចាប់ខ្លាំង ។ វ៉ាក់សាំងអាចជួយបង្ការរោគនេះបានមួយកម្រិត ។ ការព្យាបាលទាន់ពេល អាចឲ្យយើងឆាប់ជាសះស្បើយ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលបង្កដោយមេរោគនេះ ។

រោគសញ្ញា
រោគសញ្ញារេីមលេចចេញមកតែលើតំបន់តូចមួយនៃផ្នែកម្ខាងនៃខ្លួនប៉ុណ្ណោះ ។ រោគសញ្ញាទាំងនោះរួមមាន៖

  • ឈឺចាប់ ផ្សា ស្ពឹក ឈៀប
  • ប៉ះមិនបាន
  • ពីបីថ្ងៃក្រោយមក ចេញគ្រាប់ក្រហមៗ
  • គ្រាប់ក្រហមៗទាំងនោះក្លាយជាពងបែក ហេីយក្រៀមបន្ទាប់ពីបែក
  • រមាស់


អ្នកខ្លះអាច៖

  • គ្រុនក្ដៅ
  • ឈឺក្បាល
  • ចាញ់ពន្លឺ
  • ហេវហត់


ក្នុងចំណោមរោគសញ្ញាដូចរៀបរាប់ខាងលើ ការឈឺចាប់គឺជារោគសញ្ញាដំបូងគេ ។ ចំពោះអ្នកខ្លះ ការឈឺចាប់គឺខ្លាំងក្លាទ្រាំមិនចង់បាន ។ ការឈឺចាប់នេះ អាចឲ្យអ្នកជំងឺមានអារម្មណ៍ដូចចេញពីបេះដូង តំរងនោម ឬសួត ។ អ្នកជំងឺរេីមមួយចំនួនគ្រាន់តែមានការឈឺចាប់នេះប៉ុណ្ណោះ មិនមានចេញគ្រាប់ក្រហមៗ ឬពងបែកឡើយ ។ ជាទូទៅ រេីមចេញលេីខ្លួន ជាខ្សែព័ទ្ធពេញដោយពងបែក នៅខាងស្ដាំឬខាងឆ្វេងនៃខ្លួន ។ ជួនកាលរើមអាចចេញជុំវិញភ្នែកម្ខាង លើមុខម្ខាង ឬម្ខាងនៃក ។

អ្នកជំងឺត្រូវទៅពេទ្យជាបន្ទាន់បើរេីមចេញជុំវិញភ្នែក ឬលើមុខ បេីមិនដូច្នោះវាអាចប៉ះពាល់ដល់ភ្នែកអស់មួយជីវិត ។ បេីអ្នកជំងឺរើមមានអាយុ ៧០ ឡេីង ក៏ត្រូវទៅឲ្យពេទ្យព្យាបាលដែរ ព្រោះអ្នកជំងឺដែលមានអាយុកាន់តែច្រើន មានគ្រោះថ្នាក់កាន់តែខ្លាំង ។ ចូររួសរាន់ទៅពេទ្យបេីរើមចេញរាលដាល ហើយការឈឺចាប់ទ្រាំមិនបាន ។ 

តើរើមឆ្លងឬទេ?
រើមអាចឆ្លងទៅអ្នកដែលមិនដែលកើតអុត តាមរយៈការប៉ះពាល់តំបន់ដែលរើមចេញ ។ អ្នកដែលទទួលមេរោគរើមមិនកើតរើមទេ តែនឹងកើតអុត ។ អ្នកកើតរើមគួរជៀសវាងនៅក្បែរអ្នកដែលមានសុខភាពខ្សោយ ស្រ្ដីមានផ្ទៃពោះ ឬទារក ។ 

កត្តាគ្រោះថ្នាក់
អ្នកដែលធ្លាប់កើតអុត អាចនឹងកើតរើមនៅថ្ងៃណាមួយ ។ កត្ដាមួយចំនួនដែលបង្កើនឳកាសកើតរើមមានដូចជា៖

  • អាយុ៥០ឡើង ។ រើមច្រើនកើតចំពោះអ្នកដែលមានអាយុ ៥០ ឡើង ។ អាយុកាន់តែច្រើន ឳកាសកើតរើមកាន់តែខ្ពស់ ។
  • អ្នកដែលមានជំងឺមួយចំនួន ដូចជាអេដស៍ និងជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់រាងកាយចុះខ្សាយ ធ្វើឲ្យងាយកើតរើម ។
  • អ្នកដែលប្រើប្រាស់ថ្នាំមួយចំនួន ដូចជាថ្នាំសំរាប់ធ្វើឲ្យរាងកាយទទួលយកសរីរាង្គណាមួយពីអ្នកដទៃ ធ្វើឲ្យឳកាសកើតរើមកាន់តែខ្ពស់។


ផលវិបាកក្រោយកើតរើម

  • ចំពោះអ្នកខ្លះ ការឈឺចាប់បន្ដមាន ក្រោយជាសះស្បើយពីរើមហើយ ពីព្រោះរើមបានធ្វើឲ្យខូចសរសៃប្រសាទ ធ្វើឲ្យវាបញ្ជូនសារទៅខួរក្បាលថាឈឺចាប់ ។
  • អ្នកដែលកើតរើមនៅលើមុខ ឬជំវិញភ្នែល អាចប៉ះពាល់ដល់ភ្នែក ធ្វើឲ្យស្រវាំងឬខ្វាក់ ។ 

បើមិនបានព្យាបាលត្រឹមត្រូវ រើមអាចបណ្ដាលឲ្យដំបៅស្បែកដោយមកពីបាក់តេរី ។

Tuesday, May 2, 2017

ពពាលឆ្កែ


ពពាលឆ្កែគឺជាគ្រាប់ក្រហម ដូចមុនឬបូសទ្រនិច ដែលកេីតឡេីងនៅគាម ត្របកភ្នែក ។ វាពោរពេញទៅដោយខ្ទុះ ហេីយឈឺ ។ ជួនកាលវាកេីតនៅខាងក្រៅត្របកភ្នែក ជួនកាលខាងក្នុងត្របកភ្នែក ។ ភាគច្រេីន ពពាលឆ្កែបាត់ទៅវិញដោយឯកឯង ក្នុងរយៈពេលពីរបីថ្ងៃ ។ បេីឈឺខ្លាំង អ្នកអាចស្អំវានឹងស្បៃអនាម័យជ្រលក់ទឹកក្ដៅឧណ្ឌៗ ។ 

រោគសញ្ញា

  • គ្រាប់ក្រហមចេញនៅត្របកភ្នែក ដូចមុនឬបូសទ្រនិច
  • ត្របកភ្នែកឈឺ ហេីយហេីម
  • ចេញទឹកភ្នែក


មូលហេតុ
ពពាលឆ្កែកេីតឡេីងដោយការហេីម ឬដំបៅក្រពេញប្រេង ដែលស្ថិតនៅក្នុងត្របកភ្នែក ។ នេះគឺបណ្ដាលមកពីបាក់តេរីម្យ៉ាងឈ្មោះ staphylococcus ។

វិធីព្យាបាល
ភាគច្រេីន ពពាលឆ្កែមិនប៉ះពាល់ដល់ភ្នែក ហេីយក៏មិនប៉ះពាល់ដល់ការមេីលរបស់អ្នកឡេីយ ។ យេីងអាចព្យាបាលវាដោយខ្លួនឯងបាន ដោយស្អំវានឹងស្បៃអនាម័យជ្រលក់ទឹកក្ដៅឧណ្ឌៗ ៥ ទៅ ១០នាទីម្ដង បួនប្រាំដងមួយថ្ងៃ និងអាចយកដៃលាងស្អាត ម៉ាស្សាត្របកភ្នែកឈឺនោះ ដេីម្បីបន្ថយការឈឺចាប់ ។ បេីមិនបានធូរស្បេីយក្នុងរយៈពេល ២ ឬ៣ ថ្ងៃ ឬពពាលឆ្កៃនោះរាលដាលដល់ថ្ពាល់ ឬផ្នែកផ្សេងទៀតនៃមុខ ចូររកគ្រូពទ្យជួយ ។

កត្ដាគ្រោះថ្នាក់

  • យកដៃមិនស្អាតទៅប៉ះភ្នែក
  • ពាក់កែវដែលមិនបានលាងសំលាប់មេរោគត្រឹមត្រូវ
  • មិនលាងសំអាតម្ស៉ៅឬគ្រឿងលាបមុខចេញមុនពេលគេង
  • ប្រេីប្រាស់ម្ស៉ៅឬគ្រឿងលាបមុខចាស់ឬផុតថ្ងៃកំណត់
  • ឧស្សាហ៍ឈឺភ្នែក

Friday, April 21, 2017

សុខភាពឆ្អឹង

ទោះបីវ័យណាក៏ដោយ ក៏យេីងគួរស្វែងយល់អំពីវិធីថែទាំឆ្អឹងយេីងឲ្យល្អ និងរឹងមាំដែរ ព្រោះឆ្អឹងយេីងមានមុខងារសំខាន់ណាស់ក្នុងការការពារសរីរាង្គដទៃទៀត ដូចជាខួរក្បាលជាដេីម កុំឲ្យរបួស ។ តេីអ្នកដឹងទេថា ឆ្អឹងយេីងប្រែប្រួលឥតឈប់ឈរ ? ដូច្នេះហេីយទេីបយេីងត្រូវថែរក្សាឆ្អឹងឲ្យបានល្អ ទោះបីយេីងឋិតក្នុងវ័យណាក៏ដោយ ។
ដេីម្បីឲ្យឆ្អឹងល្អនិងរឹងមាំ ចូរអនុវត្ដដូចខាងក្រោម៖

  • ត្រូវមានជាតិកាល់ស្យូមក្នុងអារហារប្រចាំថ្ងៃ ។ អារហារដែលសម្បូរកាល់ស្យូមច្រេីន មានដូចជាផលិតផលទឹកដោះ បន្លែបៃតងដូចជាខាត់ណា និងត្រីសាលម៉ុន ជាដេីម ។ មនុស្សអាយុ ១៩ ដល់ ៥០ឆ្នាំ និងបុរសអាយុ ៥១ ដល់ ៧០ឆ្នាំ គួរបរិភោអារហារដែលមានជាតិកាល់ស្យូមឲ្យបាន ១០០០ មីលីក្រាម ក្នុងមួយថ្ងៃ ។ ចំពោះស្រ្ដីអាយុ ៥០ឆ្នាំឡេីង និងបុរសអាយុ ៧០ឆ្នាំឡេីង ត្រូវបរិភោគអារហារដែលមានជាតិកាល់ស្យូមឲ្យបាន ១២០០ មីលីក្រាមក្នុងមួយថ្ងៃ ។
  • វីតាមីនដេ (D) ជាសំឡាញ់យេីង ។ ដេីម្បីឲ្យឆ្អឹងអាចស្រូបយកជាតិកាល់ស្យូមបាន រាង្គកាយយេីងត្រូវការវីតាមីនដេ ។ ដេីម្បីបានវីតាមីនដេ យេីងត្រូវបរិភោគត្រី (សាលម៉ុន និងធូណា) ស៊ុត (ក្រហម) និងត្រូវពន្លឺថ្ងៃ ។ មនុស្សពេញវ័យអាយុ ១៩ ដល់ ៧០ឆ្នាំ ត្រូវការវីតាមីនដេ ៦០០រង្វាស់អន្ដរជាតិ (IUs) ក្នុងមួយថ្ងៃ។ តម្រូវការវីតាមីនដេ ឡេីងដល់ ៨០០ ក្នុងមួយថ្ងៃ ចំពោះអ្នកមានអាយុចាប់ពី ៧១ឆ្នាំឡេីង ។
  • ត្រូវធ្វេីចលនាជាប្រចាំ ដូចជា ដេីរ រត់ ឡេីងជណ្ដេីរ ។ល។ ការធ្វេីចលនាធ្វេីឲ្យឆ្អឹងហាប់មាំ ។ ការធ្វេីចលនា ធ្វេីឲ្យសុខភាពផ្លូវកាយល្អ ហេីយសុខភាពផ្លូវចិត្តក៏ល្អដែរ ។

Friday, April 7, 2017

គ្រុនពោះវៀន



គ្រុនពោះវៀនបណ្ដាលមកពីបាក់តេរីមួយ ឈ្មោះ Salmonella typhi ។ នៅប្រទេសជឿនលឿន កំរមានអ្នកកេីតជំងឺនេះណាស់ ។ ប៉ុន្ដែនៅប្រទេសក្រីក្រ គ្រុនពោះវៀននៅតែជាជំងឺមួយដែលគំរាមកំហែងដល់សុខភាពដ៏ធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ ។

រោគសញ្ញា
រោគសញ្ញាជារឿយៗលេចចេញសឹមៗ ពីមួយទៅបីសប្ដាហ៍ ក្រោយឆ្លងជំងឺនេះ ។
ដំណាក់កាលដំបូង

  • គ្រុនក្ដៅ អាចក្ដៅដល់ ៤០,៥ អង្សាេស
  • ឈឺក្បាល
  • ខ្សោយ និងអស់កំលាំង
  • ឈឺសាច់ដុំ
  • បែកញេីស
  • ក្អកស្ងួត
  • មិនឃ្លានអារហារ ហេីយស្រកទំងន់
  • ឈឺពោះ
  • រាគ ឬទល់លាមក
  • ចេញគ្រាប់ៗលេីស្បែក
  • ហេីមពោះខ្លាំងមែនទែន

ដំណាក់កាលក្រោយមក
បេីមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាច

  • រវេីរវាយ
  • ដេកស្ដឹក កំរេីកខ្លួនមិនចង់រួច ភ្នែកព្រឹមៗ

ក្នុងដំណាក់កាលនេះ បេីមិនទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចឈានដល់បាត់បង់ជីវិត ។
ការឆ្លង
ជំងឺគ្រុនពោះវៀនឆ្លងតាមទឹក ឬអារហារមិនស្អាត ជួនកាលឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺ ។
ផលវិបាក
ផលវិបាកធ្ងន់ធ្ងរបំផុតគឺ ចេញឈាមក្នុងរាង្គកាយ និងធ្លាយពោះវៀន ។ ករណីនេះអាចកេីតមាននៅសប្ដាហ៍ទីបីនៃជំងឺ ។ បេីពោះវៀនធ្លាយ វានឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាចុកពោះ ក្អួតចង្អោរ ដំបៅឆ្លងក្នុងសរសៃឈាមជាដេីម ។ ដំណាក់កាលនេះ អ្នកជំងឺត្រូវទទួលការព្យាបាលជាបន្ទាន់ ។ 

ផលវិបាកមួយចំនួនទៀតដែលកំរកេីតមាន ដូចជា រលាកសាច់ដុំបេះដូង រលាកសរសៃបេះដូង រលាកសួត រលាកលំពែង ដំបៅតំរង់នោមនិងប្លោកនោម ។ល។

ការពិនិត្យរោគ
ពេទ្យយកសំណាកឈាម លាមក ទឹកនោម និងខួរឆ្អឹង ទៅបណ្ដុះបាក់តេរី ។ រួចគេប្រេីកែវឆ្លុះមេីលរកមេរោគ្រុនពោះវៀន ។

ការព្យាបាល
ពេទ្យអាចចេញថ្នាំផ្សះ ដូចជា Ciprofloxacin (Cipro) សំរាប់មនុស្សពេញវ័យ មិនមានផ្ទៃពោះ និង Ceftriaxone (Rocephin) ដែលជាថ្នាំចាក់ សំរាប់អ្នកលេបថ្នាំគ្រាប់មិនបាន និង សំរាប់កុមារ។

អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដេីម្បីកុំឲ្យខ្វះជាតិទឹក ។ បេីពោះវៀនធ្លាយ នឹងត្រូវការវះកាត់ ។

វិធីបង្ការ
នៅប្រទេសកំពុងអភិវឌ្ឍន៍ វិធានការបង្ការជំងឺគ្រុនពោះវៀនគឺ អនាម័យល្អ ដូចជាបរិភោគទឹកស្អាត ឬទឹកដាំពុះ និងអនាម័យល្អក្នុងការរស់នៅទូទៅ រូមទាំងកែលំអពង្រឹងគុណភាពការថែទាំសុខភាព ។ ចំពោះបុគ្គល ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ ជាពិសេសក្រោយពេលចូលបង្គន់ និងមុនបរិភោគអារហារ ។ បន្លែនិងផ្លែឈេីឆៅ ត្រូវលាងសំអាតឲ្យបានល្អ ។ បេីមិនទុកចិត្ត ត្រូវស្រុះឬចំអិន ។ 

មានថ្នាំបង្ការគ្រុនពោះវៀនពីរប្រភេទ៖

  • ថ្នាំចាក់ - ត្រូវចាក់មួយសប្ដាហ៍មុនពេលធ្វេីដំណេីរទៅតំបន់សម្បូរជំងឺគ្រុនពោះវៀន 
  • ថ្នាំលេប - បួនគ្រាប់ លេបមួយគ្រាប់រំលងមួយថ្ងៃ

សំគាល់៖ ថ្នាំបង្ការទាំងពីរមុខនេះមិនមានប្រសិទិ្ធភាពមួយរយភាគរយឡេីយ ។ ដូច្នេះ ត្រូវយកចិត្ដទុកដាក់ផ្នែកអនាម័យឲ្យបានល្អ ដេីម្បីទប់ស្កាត់ជំងឺនេះ ។

បេីអ្នកកេីតជំងឺគ្រុនពោះវៀន ត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជ បញ្ជារ ។ ឧស្សាហ៍លាងដៃឲ្យបានល្អ ហេីយជៀសវាងប៉ះពាល់អារហារអ្នកដទៃ ។

Friday, March 24, 2017

រោគទឹកនោមផ្អែម


រោគទឹកនោមផ្អែមកេីតមានឡើងពេលដែលរាង្គកាយយើងផលិតអ័កម៉ូន អុិនស៊ុលិន (អ័កម៉ូនម្យ៉ាងផលិតដោយលំពែង) មិនគ្រប់គ្រាន់ ឬប្រើប្រាស់វាមិនត្រឹមត្រូវ ។ រាង្គកាយយើងត្រូវការអ័កម៉ូននេះក្នុងការបំលែងអារហារឲ្យទៅជាថាមពល ។ បេីខ្វះអ័កម៉ូននេះ គ្លុយកូស (ជាតិស្ក) ដែលមានក្នុងអារហារដែលយើងបរិភោគ នឹងកើនឡើងក្នុងឈាម បណ្ដាលឲ្យកំរិតជាតិស្កក្នុងឈាមឡើងខ្ពស់ ។ យូរៗទៅ កំរិតជាតិស្កក្នុងឈាមខ្ពស់នេះ អាចធ្វេីឲ្យខូចសរសៃប្រសាទ ភ្នែក ក្រលៀន បេះដូង និងសរសៃឈាម ។ ការខូចខាតនេះ អាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត ដូចជាជំងឺបេះដូង ឬជំងឺក្រលៀន ។

ក្នុងដំណាក់កាលដំបូងៗ អ្នកមានរោគទឹកនោមផ្អែមមិនទាំងដឹងខ្លួនថាមានរោគនេះផង ។ រោគនេះមិនអាចព្យាបាលឲ្យជាសះស្បើយបានឡើយ ។ ប៉ុន្ដែ យើងអាចទប់ស្កាត់កុំឲ្យកំរិតជាតិស្កក្នុងឈាមឡើងបាន ឬអាចពន្យារកុំឲ្យជំងឺនេះឆាប់កើតមានចំពោះរូបយើង ដោយយកចិត្ដទុកដាក់កែប្រែទំលាប់មិនល្អក្នុងការរស់នៅរបស់យើង ។

រោគទឹកនោមផ្អែមមានបីប្រភេទ ។ ទាំងបីប្រភេទ សុទ្ធតែបណ្ដាលមកពីអ័កម៉ូនអុិនស៊ុលិនមិនអាចជួយបំលែងជាតិស្ក ឲ្យទៅជាថាមពលដែលរាង្គកាយត្រូវការ ។

រោគទឹកនោមផ្អែមប្រភេទ ១
ប្រព័ន្ធការពាររាង្គកាយកំទេចកោសិកាផលិតអុិនស៊ុលិននៅក្នុងលំពែង ។ កោសិកាទាំងនោះឈប់ផលិតអុិនស៊ុលិន ហើយរាង្គកាយយើងមិនអាចប្រើប្រាស់ជាតិស្កជាថាមពលទៀតបាន ។ អ្នកមានរោគទឹកនោមផ្អែមប្រភេទ ១ នេះ ត្រូវចាក់បញ្ចូលអុិនស៊ុលិនជាប្រចាំ ទើបអាចរស់បាន ។ រោគទឹកនោមផ្អែមប្រភេទ ១ នេះអាចកើតមានចំពោះបុគ្គលគ្រប់វ័យ ប៉ុន្ដែភាគច្រើនកើតចំពោះកុមារ ឬអ្នកអាយុក្រោម ៣០ឆ្នាំ ។

រោគទឹកនោមផ្អែមប្រភេទ ២
ក្នុងករណីនេះ គឺលំពែងផលិតអុិនស៊ុលិនមិនគ្រប់គ្រាន់ ឬរាង្គកាយអ្នកជំងឺមិនអាចប្រើប្រាស់អុិនស៊ុលិនឲ្យបានត្រឹមត្រូវ ។ រាង្គកាយអ្នកជំងឺបដិសេធមុខងាររបស់អុិនស៊ុលិន ហើយគ្លុយកូសមិនអាចចូលទៅក្នុងកោសិកាបានល្អ ។ រោគទឹកនោផ្អែមប្រភេទ ២ នេះ ច្រើនកើតចំពោះបុគ្គលវ័យ ៤៥ឆ្នាំឡើង ប៉ុន្ដែកុមារក៏អាចកើតដែរ ។

រោគទឹកនោមផ្អែមពេលមានគភ៌
ចំពោះស្រ្ដីមួយចំនួន ការប្រែប្រួលអ័កម៉ូនក្នុងពេលមានផ្ទៃពោះ ធ្វើឲ្យតម្រូវការអុិនស៊ុលិនច្រើនលើសរាង្គកាយអាចផលិត ហើយបណ្ដាលឲ្យទៅជាកើតរោគទឹកនោមផ្អែមនេះ ។ ក្រោយសំរាលកូនរួច កំរិតជាតិស្កក្នុងឈាមត្រឡប់មកជាធម្មតាវិញ ហេីយរោគទឹកនោមផ្អែមនេះក៏បាត់ទៅវិញដែរ ។ ទោះជាយ៉ាងនេះក្ដី ចំពោះស្រ្ដីដែលកើតរោគទឹកនោមផ្អែមក្នុងពេលមានគភ៌នេះខ្លាំង ពួកគេអាចមានគ្រោះថ្នាក់កើតរោគទឹកនោមផ្អែមប្រភេទ ២ ក្នុងពេលអនាគត ។

រោគសញ្ញា
រោគទឹកនោមផ្អែមប្រភេទ ១ មានរោគសញ្ញាដូចជា ចេះតែស្រេកទឹកខ្លាំង ឃ្លានអារហារខុសប្រក្រតី បត់ជើងតូចញឹក ស្រកទំងន់ និងអស់កំលាំង ។ រោគសញ្ញាទាំងនេះអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស ដូចជាសន្លប់ធំ និងបាត់បង់ជីវិតក៏មាន ។ បេីអ្នកសំគាល់ឃើញរោគសញ្ញាទាំងនេះ ចូរទៅពេទ្យជាបន្ទាន់ ។

ចំពោះរោគទឹកនោមផ្អែមប្រភេទ ២ វិញ រោគសញ្ញាអាចមិនច្បាស់លាស់ឡើយ ឬអាចគ្មានរោគសញ្ញាផងក៏មាន ។ រោគសញ្ញាស្រពិចស្រពិល មានដូចជា៖ ស្រវាំងភ្នែក ពេលមានរបួសមិនងាយជាសះស្បើយ ស្ពឹកឬឆៀបៗដៃជើង ងាយដំបៅ ។ ចំពោះរោគសញ្ញាទាំងនេះ ជួនកាលយើងអាចមិនចាប់អារម្មណ៍ ។ ដូច្នេះ រោគទឹកនោមផ្អែមប្រភេទ ២ នេះ អាចមានក្នុងខ្លួនយើងជាច្រើនឆ្នាំដោយយើងមិនដឹងខ្លួន ។

ចំពោះស្រ្ដីដែលកើតរោគទឹកនោមផ្អែមពេលមានគភ៌ គឺគ្មានរោគសញ្ញាឡើយ ។ គ្រប់ស្រ្ដីមានផ្ទៃពោះ ត្រូវពិនិត្យមើលរោគទឹកនោមផ្អែមក្នុងត្រីមាសទី២ ។ ការពិនិត្យនេះ គឺកាន់តែសំខាន់ចំពោះស្រ្ដីដែលមានគ្រោះថ្នាក់ខ្ពស់ ។

តើខ្ញុំមានគ្រោះថ្នាក់នឹងកើតរោគទឹកនោមផ្អែមទេ?
កំរិតគ្រោះថ្នាក់កើតរោគទឹកនោមផ្អែមប្រភេទ ១ មិនច្បាស់លាស់ឡើយ ។ ប៉ុន្ដែពូជជាកត្ដាមួយ ។ ចំណែកឯរោគទឹកនោមផ្អែមប្រភេទ ២ និងទឹកនោមផ្អែមពេលមានគភ៌ មានកត្ដាគ្រោះថ្នាក់ដូចខាងក្រោម៖

  • គ្រួសារមានប្រវត្តិមានរោគទឹកនោមផ្អែម ។
  • លើសទំងន់ ឬធាត់ ។
  • មិនធ្វើចលនាគ្រប់គ្រាន់ ឬមិនហាត់ប្រាណ ។
  • លើសឈាម ។
  • ជាតិខ្លាញ់ក្នុងឈាមមិនធម្មតា ។
  • មានជំងឺបេះដូង ឬជំងឺសរសៃឈាម ។
  • មានរោគទឹកនោមផ្អែមពេលមានគភ៌ ។
  • ពូជសាសន៍ខ្លះមានរោគទឹកនោមផ្អែមច្រើន ដូចជាជនជាតិស្បែកខ្មៅ និងអាសុី ។
  • ស្រ្ដីដែលធ្លាប់មានជំងឺស្បូន ។
  • មានស្នាមឆ្នូតខ្មៅៗលើស្បែក ។

បើអ្នកមានកត្តាគ្រោះថ្នាក់ដូចខាងលេី ចូរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីពិនិត្យមើលរោគទឹកនោមផ្អែម ។

តើពេទ្យពិនិត្យរករោគទឹកនោមផ្អែមដោយវីធីណា?
ការពិនិត្យរករោគទឹកនោមផ្អែម គឺធ្វើឡើងដោយវាស់កំរិតជាតិស្កក្នុងឈាម ។ គេធ្វើតេស្ដពីរដង ពីរថ្ងៃផ្សេងគ្នា ។ បេីលទ្ធផលមិនប្រក្រតី គឺជាសញ្ញាថាអាចមានរោគទឹកនោមផ្អែម ។

កំរិតជាតិស្កក្នុងឈាមដែលបង្ហាញថាមានរោគទឹកនោមផ្អែមគឺ៖

  • ១២៦ mg/dL ឬខ្ពស់ជាងនេះ (តេស្ដឈាមក្រោយតមអត់អារហាររយៈពេល ៨ ម៉ោង)
  • ២០០ mg/dL ឬខ្ពស់ជាងនេះ (តេស្ដឈាមដោយមិនតមអារហារ តែត្រូវមានរោគសញ្ញា)


ការព្យាបាល
គន្លះឹក្នុងការព្យាបាលរោគទឹកនោមផ្អែមគឺ បរិភោគអារហារត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់ ។ ពេទ្យអាចអោយថ្នាំជាថ្នាំលេប ឬត្រូវចាក់អ័កម៉ូនអុិនស៊ុលិនជាប្រចាំ ។ គោលដៅក្នុងការព្យាបាលរោគទឹកនោមផ្អែម គឺរក្សាកំរិតជាតិស្កក្នុងឈាមឲ្យបានក្នុងកំរិតធម្មតា តាមដែលអាចធ្វើបាន ។

អ្នកមានរោគទឹកនោមផ្អែមត្រូវដឹងថា អ្នកជំងឺខ្លួនឯងត្រូវសកម្មក្នុងការអនុវត្ដន៍ការព្យាបាលជំងឺខ្លួន ឲ្យបានទៀងទាត់រាល់ថ្ងៃ ។ ទំលាប់ក្នុងការរស់នៅរបស់អ្នកជំងឺ គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការព្យាបាលរោគទឹកនោមផ្អែម ។ បុគ្គលិកពេទ្យនិងវេជ្ជបណ្ឌិត នឹងផ្ដល់ព័ត៌មានចាំបាច់ក្នុងការបង្ហាត់បង្គាប់ និងគាំទ្រអ្នកជំងឺ ដើម្បីមើលថែខ្លួនឲ្យមានប្រសិទ្ធិភាព ។

ទំលាប់ក្នុងការរស់នៅសំរាប់អ្នកកើតរោគទឹកនោមផ្អែម

  • បើជក់ឬផឹក ត្រូវឈប់
  • បើលើសទំងន់ឬធាត់ ត្រូវសំរក
  • បើមិនសូវធ្វើចលនាឬហាត់ប្រាណ ត្រូវហាត់ប្រាណ៣០នាទី រាល់ថ្ងៃ ។

Wednesday, March 22, 2017

រោគរលាកយោនី



  • ស្រ្ដីមួយចំនួនគ្មានរោគសញ្ញាឡេីយ ។
  • រមាស់ ក្រហាយ ឬឈឺចាប់ក្នុងយោនី ។
  • ធ្លាក់សច្រើនលេីសធម្មតា ។
  • ធំខ្លិនខុសធម្មតា ហេីយពណ៌ខុសធម្មតាដែរ ។

--------------------------

  • ឆ្លងតាមការរួមភេទគ្រប់រូបភាពជាមួយអ្នកមានរោគនោះ ។ បុរសផ្ទុកមេរោគនេះគ្មានរោគសញ្ញាឡើយ ។
  • អាចចំឡងទៅដៃគូ ។
  • រោគសញ្ញាបន្ដរំខានដល់អ្នកមានរោគ ។
  • បុរសមានរោគនេះអាចដំបៅក្រពេញប្រ៉ូស្ដាត ឬបំពង់ទឹកនោម ។

ជំងឺអេដស៍



  • រោគសញ្ញាកេីតមានបួនប្រាំខែទៅបួនប្រាំឆ្នាំក្រោយឆ្លងមេរោគ HIV ដែលជាមេរោគបង្កឲ្យកេីតរោគអេដស៍ ។
  • រោគនេះអាចសំងំក្នុងខ្លួនជាច្រេីនឆ្នាំដោយគ្មានរោគសញ្ញា ។
  • ស្រកទំងន់ដោយគ្មានហេតុ ឬអស់កំលាំង ។
  • ចេះតែគ្រុនផ្ដាសាយធំមិនឈប់ ។
  • រាគរូស ។
  • ចេញដុំសៗក្នុងមាត់ ។
  • ចំពោះស្រ្ដី ដំបៅរលាកយោនីមិនបាត់ ។

--------------------------------

  • រោគនេះឆ្លងតាមការរួមភេទគ្រប់រូបភាពជាមួយអ្នកផ្ទុកមេរោគ HIV ។
  • ឆ្លងតាមការប្រេីម្ជុលរួមគ្នា ។
  • ឆ្លងតាមឈាម ។

--------------------------------

  • អាចឆ្លងទៅដៃគូ ឬអ្នកប្រេីម្ជុលរួមគ្នា ។
  • មិនអាចព្យាបាលជាឡេីយ ។
  • ស្រ្ដីមានរោគនេះ អាចចំលងទៅទារកក្នុងផ្ទៃ ពេលសំរាល ឬតាមការបំបៅដោះ ។

Friday, March 17, 2017

ពងបែកលេីអង្គជាតិ



  • រោគសញ្ញាកេីតមានឡេីង ១ - ៣០ថ្ងៃ ឬយូរជាងនេះ ក្រោយរួមភេទ ។
  • អ្នកខ្លះគ្មានរោសញ្ញាឡេីយ ។
  • មានអារម្មណ៍ដូចគ្រុនផ្ដាសាយធំ ។
  • ចេញពងតូចៗ ហេីយឈឺ លេីប្រដាប់ភេទឬមាត់ ។
  • រមាស់ឬក្រហាយ មុនពេលពងតូចៗនោះចេញមក ។
  • ពងតូចៗនោះបាត់ទៅវិញ តែអ្នកនៅតែមានរោគដដែល ។ ពងតូចៗនោះអាចចញមកជាថ្មីទៀត ។

--------------------------

  • រោគនេះឆ្លងតាមការរួមភេទគ្រប់រូបភាព ជាមួយអ្នកកេីតរោគ ។
  • អ្នកអាចចំឡងរោគនេះទៅដៃគូខ្លួនដោយងាយ ។
  • រោគនេះគ្មានវិធីព្យាបាលឡេីយ ។
  • ម្ដាយអាចចំឡងរោគនេះទៅទារកពេលសំរាល ។

Wednesday, March 15, 2017

រោគប្រមេះ



  • រោគសញ្ញាកេីតមានឡេីង ២ - ២១ថ្ងៃ ក្រោយរួមភេទ ។
  • ស្រ្ដីភាគច្រេីន និងបុរសមួយចំនួន គ្មានរោគសញ្ញាេឡីយ ។

ស្រ្ដី

  • ចេញទឹកខាប់ៗពណ៌លឿងឬស តាមយោនី ។
  • ក្រហាយឬឈឺចាប់ពេលបត់ជេីងតូចធំ ។
  • រដូវមកមិនទៀង ឬធ្លាក់ឈាមចន្លោះរដូវ ។
  • ចុកឬឈឺចាប់ពោះផ្នែកខាងក្រោម ។

បុរស

  • ចេញទឹកខាប់ៗពណ៌លឿងឬស តាមលិង្គ ។
  • ក្រហាយឬឈឺចាប់ពេលបត់ជេីងតូចធំ ។
  • បត់ជេីងតូចញឹកញាប់ ។

-------------------------------

  • រោគនេះឆ្លងតាមការរួមភេទជាមួយអ្នកដែលមានរោគប្រមេះនេះ ។
  • បេីអ្នកមានរោគនេះ អ្នកអាចចំឡងវាទៅដៃគូអ្នក ។
  • រោគនេះអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរ ។ ប្រដាប់បន្ដពូជអាចខូច ។
  • ទាំងបុរសនិងស្រ្ដឹអាចគ្មានកូន ។
  • ម្ដាយដែលមានរោគនេះ អាចចំឡងទៅទារកខ្លួនពេលសំរាល ។
  • រោគនេះអាចបណ្ដាលឲ្យប៉ះពាល់ដល់បេះដូង កេីតជំងឺស្បែក ឈឺសន្លាក់ និងខ្វាក់ភ្នែក ផងដែរ ។


Tuesday, March 14, 2017

ឫស្សអង្គជាតិ


  • រោគសញ្ញាកេីតមានឡេីង ១ - ៨ខែ ក្រោយពេលឆ្លងមេរោគ HPV ដែលជាមេរោគធ្វេីអោយកេីតឫស្សអង្គជាតិ ។
  • ដុះឫស្សតូចៗលេីប្រដាប់ភេទ និងគូថ ។
  • រមាស់ ឬក្រហាយ តំបន់ប្រដាប់ភេទ ។
  • បន្ទាប់ពីឫស្សបាត់អស់ទៅ មេរោគជួនកាលបន្ដស្ថិតក្នុងខ្លួន ។ ឫស្សអាចដុះឡេីងវិញ ។

--------------------------------------------------

  • រោគនេះឆ្លងតាមការរួមភេទគ្រប់បែបជាមួយអ្នកដែលមានមេរោគនេះ ។
  • បេីអ្នកកេីតរោគនេះ អ្នកអាចចំឡងវាទៅដៃគូខ្លួន ។
  • ឫស្សអង្គជាតិអាចបាត់ទៅវិញ អាចមិនបាត់ អាចដុះច្រេីនឡេីង និងរាលដាល ។
  • ម្ដាយអាចចំឡងមេរោគនេះទៅទារកពេលសំរាល ។

Friday, March 10, 2017

រោគស្វាយ

រោគស្វាយឆ្លងតាមការរួមភេទគ្រប់រូបភាព ។
តំណាក់កាលទី១

  • រោគសញ្ញាកេីតមាន ៣ - ១២ សប្ដាហ៍ក្រោយរួមភេទ
  • ពងគ្រាប់ៗពណ៌ក្រហមៗចេញនៅមាត់ ប្រដាប់ភេទ ដោះ ឬម្រាមដៃ ដែលមានរយៈពេល ១ - ៥ សប្ដាហ៍
  • ពងគ្រាប់ៗនោះបាត់ទៅវិញ តែអ្នកនៅតែមានរោគក្នុងខ្លួនដដែល

តំណាក់កាលទី២

  • រោគសញ្ញាកេីតមាន ១សប្ដាហ៍ ទៅ៦ខែ បន្ទាប់ពីពងគ្រាប់ៗក្រហមៗបាត់ទៅវិញ
  • ចេញគ្រាប់ៗលេីខ្លួន
  • មានអារម្មណ៍ដូចគ្រុនផ្ដាសាយធំ
  • រោគសញ្ញាបាត់ទៅវិញ ប៉ុនែ្ដអ្នកនៅតែមានរោគស្វាយដដែល

------------------------------------------------------------

  • អ្នកអាចចំឡងរោគស្វាយទៅដៃគូអ្នក
  • ស្រ្ដីមានរោគស្វាយអាចចំឡងរោគទៅទារកក្នុងផ្ទៃ ឬអាចរលូតកូន
  • រោគស្វាយអាចបណ្ដាលឲ្យកេីតជំងឺបេះដូង ប៉ះពាល់ខួរក្បាល ខ្វាក់ភ្នែក និងគ្រោះថ្នាក់ដល់ជីវិតក៏មាន ។

Thursday, March 9, 2017

យល់ដឹងអំពីកាមរោគ STD

១ - តេីកាមរោគ ឬ STD ជាអ្វី?
កាមរោគ (អង់គ្លេសហៅថា Sexually Transmitted Diseases ហៅកាត់ថា STD) ជាជំងឺឆ្លងតាមរយៈសកម្មភាពផ្លូវភេទ គឺអាចធ្ងន់ធ្ងរ ជួនកាលឈឺចាប់ ហេីយអាចធ្វេីឲ្យខូចខាតច្រេីន ។ កាមរោគមួយចំនួនកេីតក្នុងអវៈយវៈភេទ និងប្រដាប់បន្ដពូជ ។ ខ្លះទៀត (ដូចជាអេដស៍ រោគថ្លេីមប្រភេទB ស្វាយ) ធ្វេីទុក្ខពេញរាង្គកាយទូទៅតែម្ដង ។ ជួនកាលអ្នកមានកាមរោគមិនដឹងខ្លួនថាកេីតរោគឡេីយ ព្រោះគ្មានរោគសញ្ញាអ្វីសោះ ។ ជួនកាលមានរោគសញ្ញាមួយរយៈ រួចក៏បាត់វិញ ។ ក្នុងករណីណាក៏ដោយ បេីមិនទទួលការព្យាបាលទេ គឺកាមរោគស្ថិតក្នុងខ្លួនអ្នក មិនទៅណាឡេីយ ។ កាមរោគមួយចំនួនមិនអាចព្យាបាលជាឡេីយ ។ ប៉ុន្ដែកាមរោគភាគច្រេីនអាចព្យាបាលជាបាន ។

២ - តេីកាមរោគឆ្លងដោយវិធីណា?
កាមរោគឆ្លងពីម្នាក់ទៅម្នាក់ តាមរយៈសកម្មភាពផ្លូវភេទស្និទ្ធស្នាល តាមការរួមភេទតាមទ្វារមាស រួមភេទដោយមាត់ រួមភេទតាមគូថ ។ កាមរោគខ្លះ (អេដស៍ និងរោគថ្លេីមប្រភេទ B) ឆ្លងតាមឈាម ។ មេរោគកាមរោគភាគច្រេីន មានជីវិតរស់បានតែក្នុងទីណាដែលក្ដៅឧណ្ហ៍ៗ ហេីយសេីម ។ ដូច្នេះហេីយទេីបវាកេីតនៅមាត់ គូថ និងប្រដាប់ភេទ ។

៣ - តេីត្រូវធ្វេីដូចម្ដេច?
បេីសង្ស័យថាខ្លួនមានរោគ ចូររួសរាន់ទៅពិនិត្យ ។ កុំសង្ឃឹមថា វានឹងជាឯងឲ្យសោះ ។ វាមិនជាឯងទេ! ទោះបីខ្មាសគេប៉ុណ្ណាក៏ដោយ ក៏ត្រូវទៅពិនិត្យដែរ ។ យ៉ាងណាក៏ដោយ ដាច់ខាតត្រូវតែព្យាបាល ។ មានតែគ្រូពេទ្យប៉ុណ្ណោះ ទេីបអាចជួយឲ្យអ្នកជាសះស្បេីយឡេីងវិញបាន ។ កាមរោគភាគច្រេីន អាចព្យាបាលដោយថ្នាំផ្សះ (អង់ទីប៊ីយោទិក) ។ អ្នកត្រូវលេបថ្នាំឲ្យគ្រប់ចំនួនអស់តាមវេជ្ជបញ្ជា ។ អ្នកក៏ត្រូវតែប្រាប់ប្ដីប្រពន្ធ ឬដៃគូឲ្យដឹងថាអ្នកមានជំងឺផងដែរ ។ បេីមិនដូច្នោះទេ គេនឹងកេីតរោគនេះដែរមិនខាន ។ ហេីយគេអាចចម្លងវាទៅអ្នកដទៃទៀតផង ។ គេថែមទាំងអាចចម្លងវាមកអ្នកវិញក៏មិនដឹង ។

៤ - ត្រូវដឹង

អ្នកកេីតកាមរោគជាច្រេីនគ្មានរោគសញ្ញាឡេីយ ។ បេីមានរោគសញ្ញា អ្នកអាចសំគាស់ឃេីញដូចខាងក្រោម ៖
ស្រ្ដី

  • ធ្លាក់ស ឬមានខ្លិនមិនធម្មតានៅតំបន់ទ្វារមាស
  • ឈឺចាប់តំបន់ត្រគាក ចន្លោះពីរន្ធផ្ចិត និងប្រដាប់ភេទ
  • ឡេីងក្ដៅ ឬរមាស់តំបន់ទ្វារមាស
  • ធ្លាក់ឈាមតាមទ្វារមាស ដែលមិនមែនមករដូវធម្មតា
  • ឈឺចាប់ភាគខាងក្នុងជម្រៅទ្វារមាស ពេលរួមភេទ

បុរស

  • តំណក់ទឹកបាយ ឬសំបោរចេញតាមប្រដាប់ភេទ

បុរស និងស្រ្ដី

  • មានកន្ដួល ពងបែក គ្រាប់ៗឈឺ នៅតំបន់ប្រដាប់ភេទ មាត់ និងគូថ
  • ឈឺចាប់ឬក្ដៅពេលបត់ជេីងតូចធំ
  • បត់ជេីងតូចញឹកញាប់
  • រមាស់នៅតំបន់ប្រដាប់ភេទ
  • ហេីមឬឡេីងក្រហមក្នុងបំពង់ក
  • អារម្មណ៍ដូចគ្រុន គ្រុនក្ដៅ ញាក់ ឈឺចាប់រាង្គកាយ
  • ហេីមក្រលៀន តំបន់ជុំវិញប្រដាប់ភេទ

បេីមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលេី ចូរឈប់រួមភេទជាបន្ទាន់ ។ ចូរទៅពេទ្យពិនិត្យ ។ កុំពន្យាពេលឲ្យសោះ ។

៥ - អ្នកអាចការពារខ្លួនបាន

  • ចូរកុំប្រព្រឹត្ដអំពេីផ្លូវភេទ ។ នេះគឺជាវិធីដ៏ល្អបំផុត ក្នុងការការពារខ្លួន កុំឲ្យឆ្លងកាមរោគ ។
  • បេីរួមភេទ ចូរមានដៃគូតែម្នាក់ដែលគ្មានរោគ ហេីយដៃគូនោះមានតែអ្នកម្នាក់ប៉ុណ្ណោះ មិនមានអ្នកផ្សេងឡេីយ ។
  • ចូរពិភាក្សាគ្នានឹងដៃគូអ្នកអំពីប្រវត្ដិផ្លូវភេទម្នាក់ៗ ។ ចូរកុំរួមភេទជាមួយជនណាដែលអ្នកសង្ស័យថាមានកាមរោគឲ្យសោះ ។
  • មុននឹងរួមភេទ ចូរសង្កេតមេីលសញ្ញាកាមរោគនានាដែលដៃគូអ្នកអាចមាន ដូចជាពងលេីស្បែក ស្បែកឡេីងក្រហម ឬមានធ្លាក់ស ។ បេីឃេីញអ្វីដែលគួរឲ្យសង្ស័យ ឬបារម្ភ ចូរកុំរួមភេទជាមួយអ្នកនោះឲ្យសោះ ។
  • ចូរប្រេីប្រាស់ស្រោមអនាម័យពេលរួមភេទគ្រប់បែប ។ វាអាចការពារការឆ្លងរោគបានភាគច្រេីន ។
  • បេីចូលចិត្តរួមភេទ ចូរទៅពិនិត្យឲ្យបានទៀងទាត់ ។ ពិគ្រោះនឹងគ្រូពេទ្យ អំពីអ្វីដែលត្រូវពិនិត្យ ហេីយពេលណាគួរទៅពិនិត្យ ។
  • ត្រូវដឹងសញ្ញា និងរោគសញ្ញានៃកាមរោគ ។ បេីឃេីញមានសញ្ញាគួរឲ្យបារម្ភ ចូរទៅពិនិត្យភ្លាម ។
  • បេីអ្នកមានកាមរោគ ប្ដីប្រពន្ធ ឬដៃគូអ្នក ក៏ត្រូវពិនិត្យព្យាបាលដែរ ។
  • បេីអ្នកមានកាមរោគ កុំរួមភេទឲ្យសោះ ចាំពេលព្យាបាលជាសះស្បេីយមួយរយភាគរយ សឹមរួមភេទទៀត ។

Thursday, March 2, 2017

ជំងឺបេះដូង

ជំងឺបេះដូងជាបញ្ហាសុខភាពដែលកេីតមានឡេីងសឹមៗរយៈពេលយូរ ។ បេីមិនព្យាបាល អាចមានគ្រោះថ្នាក់ដល់ជីវិត ។ តាមពិតទៅ ជំងឺេបះដូងគឺជាមូលហេតុចម្បងមួយ ដែលនាំអោយមនុស្សជាច្រេីននាក់បាត់បង់ជីវិត នៅជុំវិញពិភពលោក ។ ប៉ុន្ដែ បេីព្យាបាល ជំងឺនេះអាចគ្រប់គ្រងបានដោយប្រសិទិ្ធភាព ហេីយអ្នកជំងឺអាចមានជីវិតរស់នៅពេញលេញ និងសកម្មធម្មតាបាន ។

ការស្រាវជ្រាវវិជ្ជសាស្រ្ដបានរកឃេីញកត្ដាគ្រោះថ្នាក់មួយចំនួន ដែលបង្កអោយជំងឺបេះដូងងាយនឹងកេីតឡេីង ។ បុគ្គលដែលមានកត្ដាគ្រោះថ្នាក់ទាំងនោះកាន់តែច្រេីន បុគ្គលនោះមានឱកាសកេីតជំងឺបេះដូងកាន់តែខ្ពស់ ។ កត្ដាគ្រោះថ្នាក់មួយចំនួន ដូចជាវ័យកាន់តែចាស់ ពូជសាសន៍ និងពូជ មិនអាចផ្លាស់ប្ដូរបានទេ ។ ប៉ុន្ដែកត្ដាគ្រោះថ្នាក់ផ្សេងទៀត ដូចជាសម្ពាធឈាមខ្ពស់ កំរិតខ្លាញ់ក្នុងឈាមខ្ពស់ ការជក់បារី មិនសូវធ្វេីចលនាឬហាត់ប្រាណ ធាត់ជ្រុល និងទឹកនោមផ្អែម អាចព្យាបាល និងកែប្រែបាន ។ ដោយកាត់បន្ថយកត្ដាគ្រោះថ្នាក់ទាំងនេះ អ្នកអាចបន្ថយឱកាសកេីតជំងឺបេះដូងបាន ។

ជំងឺបេះដូងមានច្រេីនប្រភេទ ។ ប្រភេទដែលកេីតមានច្រេីនជាងគេ គឺជំងឺស្ទះសរសៃបេះដូង ។

តេីប្រភេទជំងឺបេះដូងមានអ្វីខ្លះ?

ជំងឺស្ទះសរសៃបេះដូង (CHD)
ជំងឺស្ទះសរសៃបេះដូង បណ្ដាលមកពីការស្ទះបន្ដិចម្ដងៗនៃសរសៃអាកទែ ។ ការស្ទះនេះគឺបណ្ដាលមកពីកករខ្លាញ់ - ជាលិកាខ្លាញ់ដែលឡេីងក្រាស់ ពាសនៅេលីផ្ទៃខាងក្នុងនៃសរសៃអាកទែ ។ វាធ្វេីអោយឈាមមិនអាចហូរនាំយកអុកសុីសែននិងជីវជាតិទៅចញ្ចឹមសាច់ដុំបេះដូងបាន ។ ជាង ១២លាននាក់នៅអាមេរិកមានជំងឺនេះ ។ ជាអកុសល នេះជាជំងឺស្ងៀមស្ងាត់ មិនបញ្ចេញរោគសញ្ញាឡេីយ ដល់ពេលមានបញ្ហាទេីបដឹង ។ ជំងឺនេះជាហេតុឲ្យកេីតជំងឺបេះដូងផ្សេងៗទៀត ។

ជំងឺចុកទ្រូង
ការចុកចាប់ក្នុងទ្រូង គឺបណ្ដាលមកពីសាច់ដុំបេះដូងទទួលអុកសុីសែនមិនគ្រប់គ្រាន់ ។ បុរសស្រ្ដីគ្រប់វ័យអាចមានជំងឺនេះ ប៉ុន្ដែជាទូទៅ វាកេីតមានច្រេីនចំពោះអ្នកវ័យកណ្ដាល ឬចំណាស់ ។ លំហូរឈាមទៅកាន់បេះដូងត្រូវបានរិតត្បៀត ។ ជំងឺចុកទ្រូងនេះក៏អាចបណ្ដាលមកពីសរសៃបេះដូងរមួល ឬកន្រ្ដាក់ វ៉ាល់បេះដូងខុសធម្មតា ឬចង្វាក់បេះដូងមិនធម្មតា កង្វះឈាមក្រហម ឈាមខាប់ និង បញ្ហាក្រពេញមួយចំនួន ។

ខ្សោយបេះដូង (CHF)
ជំងឺខ្សោយបេះដូងកេីតមានឡេីង ពេលបេះដូងមិនអាចបាញ់បញ្ជូនឈាមឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់សព៌ាង្គកាយ ។ នេះមកពីការស្ទះសួត ដែលបណ្ដាលឲ្យមានរោគសញ្ញាសំខាន់ៗនៃជំងឺនេះ ។ នៅអាមេរិក មនុស្សជិត ៥លាននាក់ មានជំងឺនេះ ។ នេះអាចជាលទ្ធផលនៃការស្ទះសរសៃអាកទែបេះដូង បញ្ហាក្រពេញមិនប្រក្រតី ផឹកគ្រឿងស្រវឹងច្រេីនពេក ឬអាចមកពីឆ្លងមេរោគក៏មាន ។ រោគសញ្ញានៃជំងឺខ្សោយបេះដូង មានដូចជា៖ អស់កំលាំង ពិបាកដកដង្ហេីម និង មិនឃ្លានអារហារ ។

គាំបេះដូង
បេះដូងគាំង នៅពេលដែលសរសៃឈាមមួយ (សរសៃអាកទែ) ស្ទះ ហេីយមិនអាចឲ្យឈាមហូរទៅកាន់សាច់ដុំបេះដូងបាន ធ្វេីឲ្យសាច់ដុំនៅតំបន់នោះងាប់ ។ កាលណាសាច់ដុំងាប់កាន់តែច្រេីន ឳកាសធ្វេីឲ្យអ្នកជំងឺពិការ ឬស្លាប់ កាន់តែខ្ពស់ ។ ពេលដែលយេីងមានអាយុកាន់តែច្រេីន ឳកាសកេីតមានការគាំងបេះដូង កាន់តែខ្ពស់ ។

នៅពេលបេះដូងគាំង អ្នកជំងឺមានអារម្មណ៍តឹង ឬចុកចាប់នៅម្ដុំកណ្ដាលទ្រូង ។ ការចុកចាប់នេះអាចរាលដាលដល់ស្មានិងដៃ ឬដល់ពោះនិងថ្គាមផង ។ ការចុកចាប់អាចខ្លាំងក្លាមែនទែន ។ សញ្ញាផ្សេងៗទៀត ដែលសំគាល់ឃេីញជារឿយៗគឺ ដង្ហេីមខ្លី បែកញេីស ចង់ក្អួតឬក្អួតចង្អោរ ខ្សោយឬវិលមុខ និងស្លេកស្លាំង ។ អ្នកជំងឺត្រូវការសង្រ្គោះបន្ទាន់ ។ 

កត្តាគ្រោះថ្នាក់ផ្សេងៗ ដែលមានឥទ្វិពលទៅលេីជំងឺបេះដូង

សម្ពាធឈាមខ្ពស់ កំរិតខ្លាញ់ក្នុងឈាមខ្ពស់ ការជក់បារី មិនធ្វេីចលនារាង្គកាយឬហាត់ប្រាណ ធាត់ (លេីសទំងន់ ២០% នៃរាង្គកាយដែលមានទំងន់សុក្រិត) និងទឹកនោមផ្អែម សុទ្ធសឹងជាកត្ដាគ្រោះថ្នាក់នាំឲ្យកេីតជំងឺបេះដូង ដែលយេីងគ្រប់គ្រង ឬកែប្រែបាន ។ បេីអ្នកមានកត្ដាណាមួយដូចរៀបរាប់មកនេះ អ្នកអាចរងគ្រោះដេាយជំងឺបេះដូង ។ បេីមានកត្តាពី ២ ឡេីង នោះអ្នកអាចរងគ្រោះពីជំងឺបេះដូងកាន់តែខ្លាំង ។


  • បេីអ្នកមានជំងឺលេីសឈាម បេះដូងអ្នកត្រូវធ្វេីការលេីសធម្មតា ក្នុងការបាញ់បញ្ជូនឈាមទៅផ្នែកផ្សេងៗនៃរាង្គកាយ ។ វាធ្វេីឲ្យបេះដូងរីក និងខ្សោយ ទៅថ្ងៃខាងមុខ ។



  • កំរិតខ្លាញ់ក្នុងឈាមខ្ពស់ ធ្វេីឲ្យជាលិកាខ្លាញ់កកលេីផ្ទៃខាងក្នុងនៃសរសៃឈាម ។ វាធ្វេីឲ្យលំហូរឈាមទៅបេះដូងថយចុះ ។



  • អ្នកជក់បារីមានឱកាសគាំងបេះដូង លេីសអ្នកមិនជក់ដល់ទៅជាងពីរដង ឯណោះ ។



  • ការធាត់លេីសទំងន់ បង្កេីនទំងន់កិច្ចការលេីបេះដូង ក៏ដូចជាបង្កេីនសម្ពាធឈាម និងកំរិតខ្លាញ់ក្នុងឈាម ។



  • ការរស់នៅដោយមិនហាត់ប្រាណ ឬធ្វេីចលនាគ្រប់គ្រាន់ អាចធ្វេីឲ្យទំងន់ឡេីង ហេីយសម្ពាធឈាមក៏ឡេីង ។



  • អ្នកមានជំងឺទឹកនោមផ្អែម ងាយរងគ្រោះពីជំងឺបេះដូងខ្លាំងណាស់ ។ ទឹកនោមផ្អែមអាចធ្វេីឲ្យឡេីងទំងន់ ឡេីងសម្ពាធឈាម និងឡេីងជាតិខ្លាញ់ក្នុងឈាម ។

Wednesday, March 1, 2017

អំពីការថែរក្សាសុខភាពបង្ការទប់ស្កាត់ជំងឺ

ការថែរក្សាសុខភាពអោយល្អ​ដោយបង្ការទប់ស្កាត់ជំងឺ​ គឺជាការពិគ្រោះសុខភាពរវាងអ្នកនិងគ្រួសារអ្នក​ ជាមួយគ្រូពេទ្យ​ ដើម្បីវាយតំលៃកំរិតគ្រោះថ្នាក់ដែលអាចកើតមានដល់សុខភាពអ្នក​ និងដើម្បីទទួលបានការពិគ្រោះអប់រំ​ ផ្នែកសុខភាព​ ធ្វើតេស្តរកជំងឺផ្សេងៗដែលអ្នកអាចនឹងមាន​ ព្រមទាំងចាក់ថ្នាំបង្ការដែលចាំបាច់​ ។  នេះគឺខុសគ្នានឹងការដែលអ្នកទៅរកគ្រូពេទ្យ​ ពេលដែលអ្នកឈឺម្ដងម្កាល​ ។ ការថែរក្សាសុខភាពបង្ការជំងឺ​ គឺដើម្បីអោយអ្នក​ និងក្រុមគ្រួសារអ្នក​ មានសុខភាពល្អ​ ព្រមទាំងពិនិត្យមើលបញ្ហាផ្សេងៗ​ មុនវាក្លាយជាបញ្ហាធំពិបាកព្យាបាល​ ។ គ្រូពេទ្យអ្នក ផ្ដល់ការថែរក្សាសុខភាពបង្ការនេះ ទៅតាមវ័យរបស់អ្នក ។ អ្នកអាចដាក់ការណាត់ជួបគ្រូពេទ្យអ្នក ដេីម្បីអោយគាត់ធ្វេីការពិនិត្យសុខភាពអ្នកទាំងស្រុងដោយហ្មត់ចត់ ។ អ្នកគួរជំរាបពេទ្យអំពីបញ្ហាសុខភាពនានាដែលអ្នកមានការបារម្ភ រួចហេីយដាក់ការណាត់ជួបបន្ដទៀតតាមការចាំបាច់ ។

១ - ទារកទេីបកេីត ដល់២៣ខែ
ត្រូវយកទារកអ្នកទៅពេទ្យពិនិត្យក្នុងពីរសប្ដាហ៍ដំបូងម្ដង ពេលវាអាយុ២ខែម្ដង អាយុ៤ខែម្ដង ៦-៩ខែម្ដង ១០ខែម្ដង និង១៥ខែម្ដង ។ គ្រូពេទ្យកុមារនឹងពិនិត្យប្រវែង ទំងន់ ពិនិត្យការលូតលាស់ខួរក្បាល វាស់ទំហំក្បាល ពិនិត្យត្រចៀកនិងភ្នែក និងពិនិត្យឈាមក្រហមម្ដងក្នុងរយៈពេលនេះ ។

វ៉ាក់សាំង/ថ្នាំបង្ការ

  • វ៉ាក់សាំងជំងឺថ្លេីមប្រភេទ B: ចាក់បីដង ចាប់ពីកេីត ដល់អាយុ២ខែ
  • វ៉ាក់សាំងបង្ការស្វិតដៃជេីងៈ អាយុ២ខែ ៤ខែ និង៦ខែ
  • ខាន់ស្លាក់ ក្អកមាន់ តេតាណូស (DTaP): អាយុ២ខែ ៤ខែ ៦ខែ និង ១២-១៥ខែ
  • កញ្រ្ជិល សាលាទែន ស្អូច (MMR): អាយុ ១២-១៥ខែ
  • អុតស្វាយៈ អាយុ ១២-១៨ខែ
  • វ៉ាក់សាំងការពារសួត (PCV7): អាយុ ២ខែ ៤ខែ ៦ខែ និង ១២-១៥ខែ


២ - កុមារអាយុ ២ឆ្នាំ ទៅ៦ឆ្នាំ
ត្រូវយកកុមារទៅពិនិត្យពេលវាអាយុ ២ឆ្នាំម្ដង ចន្លោះពី៣ទៅ៤ឆ្នាំម្ដង និងម្ដងទៀតពេលអាយុ៥ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល ភ្នែក ត្រចៀក និងសម្ពាធឈាម ។

វ៉ាក់សាំង/ថ្នាំបង្ការ

  • កញ្រ្ជិល សាលាទែន ស្អូច (MMR) បន្ថែម: អាយុ ៤ ទៅ៦ឆ្នាំ
  • ខាន់ស្លាក់ ក្អកមាន់ តេតាណូស (DTaP): អាយុ ៤-៦ឆ្នាំ
  • វ៉ាក់សាំងបង្ការស្វិតដៃជេីងៈ អាយុ ៤-៦ឆ្នាំ

៣ - កុមារអាយុ ៧ ទៅ ១១ឆ្នាំ 
ត្រូវយកកុមារទៅពិនិត្យម្ដង ចន្លោះអាយុ ៧ទៅ៩ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល និង សម្ពាធឈាម ។

៤ - កុមារអាយុ ១២ ទៅ ១៨ឆ្នាំ
យកកុមារទៅពិនិត្យពេលគេមានអាយុ ១២ឆ្នាំម្ដង រួចយកទៅពីរដងទៀតចន្លោះអយុ ១៣ ទៅ១៨ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល សម្ពាធឈាម អប់រំអំពីគ្រោះថ្នាក់នៃថ្នាំជក់ ភេសជ្ជៈស្រវឹង គ្រឿងញៀន ព្រមទាំងសកម្មភាពផ្លូវភេទ ។ កុមារីអាយុ ១៨ឆ្នាំ ត្រូវធ្វេីតេស្ដពិនិត្យស្បូន (ឬនៅពេលគេចាប់ផ្ដេីមរួមភេទ) ។


វ៉ាក់សាំង/ថ្នាំបង្ការ


  • តេតាណូស ខាន់ស្លាក់ (Td): អាយុ ១២ឆ្នាំ
  • វ៉ាក់សាំងជំងឺថ្លេីមប្រភេទ B (ចាក់បីដង): បេីមិនបានចាក់ពីមុន

  • អុតស្វាយ: បេីមិនបានចាក់ពីមុន
  • កញ្រ្ជិល សាលាទែន ស្អូច (MMR): បេីមិនបានចាក់ពីមុន

ទំលាប់ក្នុងការរស់នៅ (ពីកេីតដល់អាយុ ១៨ឆ្នាំ)
ត្រូវធ្វេីយ៉ាងណាអោយកូនទទួលបានការចាក់ថ្នាំបង្ការគ្រប់ប្រភេទដែលចាំបាច់ ។ បរិស្ថានក្នុងគ្រួសារគ្មានផ្សែងបារី ។ គួរអេាយកូនប្រេីមួកសុវត្ថិភាពជាប្រចាំ បេីជិះរថយន្ដ ត្រូវពាក់ក្រវ៉ាត់ ឬប្រេីកៅអីសុវត្ថិភាពសំរាប់ទារក អេាយកូនញាំអារហារដែលមានជីវជាតិគ្រប់មុខ និងអោយវាសកម្ម (ដូចជា រត់លេង លេងកីឡា ជួយកិច្ចការផ្ទះ) ។

៥ - អាយុ ១៩ ទៅ ៣៩ឆ្នាំ

ចំពោះបុរស គួរជួបពិគ្រោះសុខភាពទូទៅជាមួយគ្រូពេទ្យអោយបានយ៉ាងតិចប្រាំឆ្នាំម្ដង ។ ចំពោះស្រ្ដី គួរជួបពិគ្រោះអោយបានយ៉ាងតិចបីឆ្នាំម្ដង ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការជំងឺ វាយតំលៃគ្រោះថា្នក់ផ្សេងៗ ដែលអាចកេីតមានដល់សុខភាពអ្នក រួមទាំងធ្វេីតេស្ដរកជំងឺ ឬចាក់ថ្នាំបង្ការនានាដែលចាំបាច់ ។ ការពិនិត្យសម្ពាធឈាមគួរធ្វេីអោយបានញឹកញាប់ជាងនេះ ។

តេស្ដរកជំងឺ និងថ្នាំបង្ការ
បុរស និង ស្រ្ដី
  • ពិនិត្យសម្ពាធឈាម : ២ឆ្នាំម្ដង
  • វ៉ាក់សាំងបង្ការជំងឺថ្លេីមប្រភេទ B (បីដង) : បេីមិនបានចាក់ពីមុន
  • វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ បន្ថែម : ១០ឆ្នាំម្ដង

បុរស

  • ពិនិត្យកូលេស្ដេរ៉ូល ជាតិខ្លាញ់ក្នុងឈាម ៥ឆ្នាំម្ដង ចាប់ពីអាយុ ៣៥ឆ្នាំទៅ

ស្រ្ដី

  • ពិនិត្យសុដន់ : ៣ឆ្នាំម្ដង
  • ពិនិត្យស្បូននិងត្រគាក : ៣ឆ្នាំម្ដង (បន្ទាប់ពីពិនិត្យមួយឆ្នាំម្ដង បីឆ្នាំជាប់ ហេីយឃេីញថា អ្វីៗធម្មតា)

ទំលាប់ក្នុងការរស់នៅ 
ក្នុងកំឡុងពេលនេះ ទំលាប់ក្នុងការរស់នៅរបស់បុគ្គលម្នាក់ៗ អាចប៉ះពាល់ដល់សុខភាព និងបង្ករអោយមានបញ្ហាសុខភាពរៀងៗខ្លួននាពេលខាងមុខ ។ ជាការសំខាន់ ត្រូវបង្កេីតទំលាប់វិជ្ជមានដេីម្បីសុខភាព ដូចជាធ្វេីចលនាឬហាត់ប្រាណអោយទៀងទាត់ ញាំអារហារអោយមានតុល្យភាព ជៀសវាងបារី ហេីយមិនគួរហូបសុរាច្រេីនឡេីយ ។ ទំលាប់ពាក់ក្រវ៉ាត់ពេលបេីកបរ ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ដេីម្បីជៀសវាងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។


៦ - អាយុ ៤០ ទៅ ៦៤ឆ្នាំ

បុរសគួរជួបពិគ្រោះពិនិត្យសុខភាពទាំងមូល និងយ៉ាងហ្មត់ចត់ ជាមួយគ្រូពេទ្យ អោយបានយ៉ាងតិចប្រាំឆ្នាំម្ដង ។ ស្រ្ដីគួរធ្វេីអោយបានរៀងរាល់បីឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការ វាយតំលៃគ្រោះថ្នាក់ដែលអាចកេីតមានដល់សុខភាពអ្នក ព្រមទាំងធ្វេីតេស្ដរកជំងឺផ្សេងៗ និងចាក់ថ្នាំបង្ការផង ។ ការពិនិត្យសម្ពាធឈាម ចាក់ថ្នាំបង្ការគ្រុនផ្ដាសាយធំ ការពិនិត្យនិងថតសុដន់ ត្រូវធ្វេីអោយបានញឹកញាប់ជាងនេះ ។


តេស្ដរកជំងឺ និងថ្នាំបង្ការ
បុរស និង ស្រ្ដី
  • ពិនិត្យសម្ពាធឈាមៈ ២ឆ្នាំម្ដង
  • ពិនិត្យកូលេស្ដេរ៉ូល (ជាតិខ្លាញ់ក្នុងឈាម): បុរស - ប្រាំឆ្នាំម្ដង; ស្រ្ដី - ប្រាំឆ្នាំម្ដងចាប់ពីអាយុ ៤៥ ទៅ
  • ឆ្លុះពិនិត្យពោះវៀនធំ : ប្រាំឆ្នាំម្ដង ចាប់ពីអាយុ ៥០ ទៅ
  • វ៉ាក់សាំងបង្ការគ្រុនផ្ដាសាយធំ : រៀងរាល់ឆ្នាំ ចាប់ពីអាយុ ៥០ ទៅ
  • វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ បន្ថែមៈ ១០ឆ្នាំម្ដង
ស្រ្ដី

  • ពិនិត្យសុដន់: រាល់ឆ្នាំ
  • ថតសុដន់ : រាល់ឆ្នាំ ចាប់ពីអាយុ ៥០ ទៅ (ផ្អែកលេីប្រវត្ដិសុខភាព ឬ តាមចិត្ដអ្នក អាចថតរាល់ឆ្នាំ ពីអាយុ ៤០ ដល់ ៤៩ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអ្នក ។)
  • តេស្ដស្បូននិងត្រគាកៈ ៣ឆ្នាំម្ដង (បន្ទាប់ពីពិនិត្យមួយឆ្នាំម្ដង បីឆ្នាំជាប់ ហេីយឃេីញថា អ្វីៗធម្មតា)
ទំលាប់ក្នុងការរស់នៅ 
មិនដែលយឺតពេលទេក្នុងការចាប់ផ្ដេីមបរិភោអារហារអោយមានតុល្យភាព ធ្វេីលំហាត់ប្រាណអោយទៀងទាត់ ឬឈប់ជក់បារីនោះ ។ ប្រសិនបេីអ្នកមានទំលាប់មិនល្អដែលធ្វេីអោយខូចសុខភាពពីមុនមក សូមកុំអស់សង្ឃឹមអោយសោះ ។ ចូរចាប់ផ្ដេីមកែទំលាប់មិនល្អទាំងនោះបន្ដិចម្ដងៗ ដោយធ្វេីគំរោង ដាក់ផែនការ កែលំអរអាកប្បកិរិយា ដេីម្បីនាំខ្លួនទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ។


៦ - អាយុ ៦៥ឆ្នាំ ឡេីង

ទាំងបុរស ទាំងស្រ្ដី គួរជួបពិគ្រោះនិងពិនិត្យសុខភាព អោយបានហ្មត់ចត់ទាំងស្រុង ជាមួយគ្រូពេទ្យ អោយបានរៀងរាល់ឆ្នាំ ឬពីរឆ្នាំម្ដង ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការជំងឺ វាយតំលៃគ្រោះថ្នាក់ដែលអាចកេីតមានដល់សុខភាពអ្នក ធ្វេីតេស្ដរកជំងឺផ្សេងៗ និង ចាក់ថ្នាំបង្ការដែលចាំបាច់ ។

ការធ្វេីតេស្ដរកជំងឺ និង ចាក់ថ្នាំបង្ការ
បុរសនិងស្រ្ដី

  • ពិនិត្យសម្ពាធឈាម : ពីរឆ្នាំម្ដង
  • ពិនិត្យកូលេស្ដរ៉ូល (ជាតិខ្លាញ់ក្នុងឈាម)
  • ថតពោះវៀនធំ : ប្រាំឆ្នាំម្ដងដល់អាយុ ៨០
  • ពិនិត្យភែ្នកនិងត្រចៀក : ចាប់ពីអាយុ ៧៥ទៅ
  • ថ្នាំបង្ការគ្រុនផ្ដាសាយធំ : រៀងរាល់ឆ្នាំ
  • តេតាណូស ខាន់ស្លាក់ បន្ថែម : ១០ឆ្នាំម្ដង

ស្រ្ដី

  • ពិនិត្យសុដន់ : រាល់ឆ្នាំ
  • ថតសុដន់ : រាល់ឆ្នាំដល់អាយុ ៧៥
  • ពិនិត្យស្បូន និងត្រគាក : បីឆ្នាំម្ដង (ប្រសិនបេីបានពិនិត្យទៀតទាត់ ហេីយស្បូនមានសភាពល្អធម្មតា ការពិនិត្យអាចពន្យាដល់អយុ ៦៥)
ទំលាប់ក្នុងការរស់នៅ 

ការបរិភោអារហារអោយមានតុល្យភាព និងធ្វេីលំហាត់ប្រាណអោយទៀងទាត់ គឺជាការសំខាន់ចាំបាច់ដូចពីមុនដែរ ។ ចៀសវាងថ្នាំជក់ ក៏ជាការសំខាន់ដូចមុនដែរ ។ ឧទាហរណ៍ ការធ្វេីចលនា ឬហាត់ប្រាណ ទោះបីសំរាប់មនុស្សចាស់ជរា នៅតែជាកត្តាដ៏មានប្រសិទ្ធិភាពបំផុតមួយក្នុងការរក្សាសុខភាពអោយរស់រវេីក ។ ពេលដែលខ្លួនយេីងកាន់តែចាស់ យេីងគួរផ្ដោតការយកចិត្ដទុកដាក់របស់យេីងទៅលេីការបង្ការ ទប់ស្កាត់ កុំអោយបញ្ហាសុខភាពដែលយេីងមាន កាន់តែដុនដាបឡេីង ។ យេីងគួររក្សាទំលាប់ល្អៗដែលជួយដល់សុខភាព ដែលយេីងបានអនុវត្តជារៀងរហូតមកនោះ ។



Friday, February 17, 2017

BMI

BMI (Body Mass Index) សន្ទស្សន៍ទំងន់រាង្គកាយ

BMI គឺជាការវាស់កំរិតខ្លាញ់ក្នុងរាង្គកាយបុគ្គលពេញវ័យ ដេាយគណនាកត្តាកំពស់និងទំងន់បុគ្គលនោះ ។ អ្នកដែលមាន BMI ខ្ពស់ ជាសញ្ញាមួយបង្ហាញថាមានកំរិតខ្លាញ់ក្នុងខ្លួនខ្ពស់ ។ គេអាចប្រេីវាសំរាប់មេីលប្រភេទទំងន់មនុស្ស ដូចបង្ហាញខាងក្រេាម៖

BMI ក្រេាម ១៨,៥ មានន័យថា ស្គម
BMI ១៨,៥ - ២៤,៩ មានន័យថា មានទំងន់សមរម្យ (មិនធាត់មិនស្គម)
BMI ២៥ - ២៩,៩ មានន័យថា ធាត់
BMI លេីសពី ៣០ មានន័យថា ធាត់ជ្រុល

វិធីគណនា BMI របស់អ្នក:
យកទំងន់អ្នក (ជាគីឡូក្រាម) ចែកនឹងការ៉េនៃកំពស់អ្នក (ជាមែត្រការ៉េ) ។ ឧទាហរណ៍៖ ទំងន់ ៥៥ គ កំពស់ ១,៦៨ ម៉។ BMI = ៥៥ / (១,៦៨)2 = ១៩,៥ (មិនធាត់មិនស្គម)

ប្រភព៖ www.cdc.gov

ជំងឺថ្លេីមប្រភេទ B

ជំងឺថ្លេីមប្រភេទ B បង្កឡេីងដេាយមេរេាគ HBV ។ រេាគនេះឆ្លងតាម ឈាម ទឹកកាម ឬសារធាតុរាវក្នុងរាង្គកាយដទៃទៀត ។ វាឆ្លងពីម្នាក់ទៅម្នាក់ តាមរយៈការរួមភេទ ប្រើម្ជុលមិនស្អាត ការមុតរលាត់ ឡាមកោពុក មាត់ ប្រើច្រាសដុះធ្មេញរួមគ្នា និងពីម្ដាយទៅទារក ។ វាមិនឆ្លងតាមការ បំបៅដោះ អារហារ ទឹក ការប្រើប្រាស់ចានឆ្នាំងរួមគ្នា ការអេាបថេីប ក្អក ឬកន្ដាស់ នោះទេ ។

មេរេាគ HBV អាចរស់បាននៅខាងក្រៅខ្លួនមនុស្សរហូតដល់រយៈ ៧ថ្ងៃ ។ ដូច្នេះ ត្រូវសំអាតកន្លែងដែលមានប្រឡាក់ឈាមអ្នកដែលមាន មេរេាគនេះ ដេាយប្រេីស្រោមដៃ និងទឹកសំអាតសំលាប់មេរេាគ អេាយ បានល្អ ។

រេាគសញ្ញារួមមាន៖ អស់កំលាំង គ្រុនក្ដៅ មិនឃ្លានអារហារ រកកល់ក្អួត ក្អួតចង្អោរ ឈឺពោះ ទឹកនោមក្រម៉ៅ លាមកក្រម៉ៅ ឈឺសន្លាក់ ខាន់លឿង ។ ជួនកាលគ្មានរោគសញ្ញាផងក៏មាន ។ រេាគសញ្ញាកេីតមានឡេីង ជាមធ្យម ៩០ថ្ងៃ ក្រេាយឆ្លងមេរេាគនេះ ។

អ្នកដែលបានឆ្លងមេរេាគ HBV អាចធ្លាក់ខ្លួនឈឺ ឬមានសុខភាពធម្មតា មិនដឹងខ្លួនថាបានឆ្លងមេរេាគនោះឡេីយ ។ ស្ថានភាពជំងឺធ្ងន់ធ្ងរសំរាប់អ្នកដែលមានវ័យ ៦០ ឆ្នាំឡេីង ។ អ្នកដែលមិនធ្លាក់ខ្លួនឈឺភ្លាមៗ អាចផ្ទុកមេរេាគនេះក្នុងខ្លួន ហេីយអាចនឹងមានជំងឺនៅថ្ងៃខាងមុខ ដូចជាមហារីកថ្លេីម ឬក្រិនថ្លេីម ។

ការព្យាបាល៖ សំរាប់អ្នកដែលធ្លាក់ខ្លួនឈឺភ្លាមៗក្រេាយឆ្លងមេរេាគ HBV មិនមានថ្នាំព្យាបាលឡេីយ គឺមានតែការថែទាំលេីកទឹកចិត្តប៉ុណ្ណោះ ។ សំរាប់អ្នកដែលមានមេរេាគ HBV តែមិនទាន់ឈឺ គឺមានថ្នាំប្រឆាំងមេរេាគមួយចំនួន ។ ការព្យាបាលត្រូវមានការតាមដានជាប្រចាំ ដេីម្បីទប់ស្កាត់ការខូចថ្លេីម ។ សូមចូលទៅទំព័រនេះ ដេីម្បីបានព័តមានបន្ថែម៖ http://www.aasld.org/publications/practice-guidelines-0 ។

វ៉ាក់សាំង៖ បច្ចុប្បន្នមានវ៉ាក់សាំងការពារការឆ្លងមេរេាគ HBV ។ គ្រប់ទារកដែលទេីបកេីតត្រូវចាក់វ៉ាក់សាំងនេះ ។ បុគ្គលដែលបារម្ភខ្លាចឆ្លងមេរេាគនេះ គួរត្រូវចាក់វ៉ាក់សាំងនេះ ។
ប្រភព៖ Center for Disease Control (https://www.cdc.gov/hepatitis/hbv/hbvfaq.htm#vaccFAQ)